ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ សម្បទាទាំង៥របស់សិស្សអាចលូតលាស់បានលុះត្រាតែមិនទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ សម្បទាទាំង៥របស់សិស្សអាចលូតលាស់បានលុះត្រាតែមិនទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។

រាជធានីភ្នំពេញ៖ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជម្រាបជូនបែបនេះក្នុងពិធីផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀននិងបារីអេឡិចត្រូនិកជូនដល់លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សពីថ្នាក់ទី១១ ចំនួន៣៥១នាក់ ស្រី២២៥នាក់នាថ្ងៃទី១ខែកុម្ភះ ឆ្នាំ២០២៤ នៅសាលាអន្តរទ្វីបអាមេរិកាំងសាខាម៉ៅសេទុង ។

លោកហុិន គឹមហៀក នាយកចាងហ្វាងសាលាអន្តរទ្វីបអាមេរិកាំងសាខាម៉ៅ សេទុង បានមានប្រសាសន៍ថា យើងត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យសុខភាពសិស្សានុសិស្សបានល្អប្រសើរដើម្បីទទួលយកបាននូវសម្បទាទាំង៥៖

ថ្លែងក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានអរគុណ និងកោតសសើរដល់គណគ្រប់គ្រងសាលាអន្តរទ្វីបអាមេរិកាំងសាខាម៉ៅ សេទុង ក៏ដូចជាថ្នាក់ដឹកនាំកំពូលរបស់សាលាដែលចូលរួមសហការអនុវត្តតាមយុទ្ធសាស្រ្តពហុវិស័យ និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាបទបញ្ជានានាសំដៅរក្សាបាននូវសុខភាព សមត្ថភាព សុវត្ថិភាពដល់សិស្សទាំងក្នុងសហគមន៍និងគ្រឹះស្ថានសិក្សា។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាពហើយការងារនេះជាការរួមរបស់យើងទាំងអស់គ្នា។ឆ្លើបតបទៅនឹងការងារនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ដែលបានដាក់ចេញនូវសេចក្តីណែនាំចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសំដៅថែរក្សានូវសុខភាពសុវត្ថិភាពប្រជាពលរដ្ឋពីបញ្ហាគ្រឿងញៀន។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្ថែមទៀតថា យុវជនគឺជាវ័យមួយដែលកំពុងលូតលាស់នូវសម្បទាទាំង៥ គឺវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុដុមបុគ្គល គ្រួសារ និងសង្គម ហើយសម្បទាទាំង៥នេះមិនអាចលូតលាស់បានបើមានបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក។

តាមរយ: វាគ្មិន ឧត្តមសេនីយ៍ត្រី យិន យឿត និងឧត្តមសេនីយ៍ត្រី ឈិន ភូមា បានឱ្យដឹងថា សិស្សទាំងអស់ពិតជាក្លាហានខិតខំចូលរួមសកម្មភាពជាមួយវាគ្មិន ស្តាប់ ចែករំលែកចំណេះដឹង និងចម្ងល់នានាពីបញ្ហាគ្រឿងញៀនហើយពួកគាត់នឹងជួយផ្សព្វផ្សាយបន្តពីបញ្ហាគ្រឿងញៀននិងបារីអេឡិចត្រូនិកនេះដល់ក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់របស់ពួកគាត់។