ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានទទួលជួបលោកវេជ្ជបណ្ឌិត Ronald Upenyu Mutasa អ្នកគ្រប់គ្រងការអនុវត្តប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក សម្រាប់វិស័យសុខាភិបាលអាហារូបត្ថម្ភ និងប្រជាជន នៃធនាគារពិភពលោក

នាព្រឹកថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោកវេជ្ជបណ្ឌិត Ronald Upenyu Mutasa អ្នកគ្រប់គ្រងការអនុវត្តប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក សម្រាប់វិស័យសុខាភិបាលអាហារូបត្ថម្ភ និងប្រជាជន នៃធនាគារពិភពលោក ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារអំពីការអនុវត្តលើគម្រោងសុខាភិបាលនានា។

ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ធនាគារពិភពលោក ដែលបានសហការគាំទ្រក្រសួងសុខាភិបាលទាំងបច្ចេកទេសនិងហិរញ្ញវត្ថុ ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាពិសេសចំពោះគម្រោងអាហារូបត្ថម្ភ (Cambodian Nutrition Project-CNP) គម្រោងគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល គម្រោងលើកកម្ពស់សមធម៌សុខភាព និងគុណភាពដំណាក់កាលទី២ និងគម្រោងឆ្លើយតបគ្រោះអាសន្ន COVID-19។

លោកវេជ្ជបណ្ឌិត Ronald Upenyu Mutasa តំណាងធនាគារពិភពលោក បានថ្លែងអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលឯកឧត្តម ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកវេជ្ជបណ្ឌិតបានជម្រាបជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ ថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការគាំទ្ររបស់ធនាគារពិភពលោក បានចូលរួមចំណែក ក្នុងវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជា សកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំរវាង WB និងក្រសួងសុខាភិបាល។ បន្ថែមពីនេះទៀតកិច្ចប្រជុំបានផ្តោតលើអាទិភាពសំខាន់ៗរបស់ក្រសួងសុខាភិបាល និងចំនុចបន្ស៊ីគ្នាដែលអាចទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ រួមទាំងធនាគារពិភពលោក។ កិច្ចប្រជុំបានពិភាក្សាអំពីលទ្ធផលការងារ កត្តាប្រឈម និងដំណោះស្រាយចំពោះ គម្រោងដែលកំពុងត្រូវបានអនុវត្តមានជាអាទិ៍ គម្រោងអាហារូបត្ថម្ភ (Cambodian Nutrition Project-CNP) គម្រោងគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល គម្រោងលើកកម្ពស់សមធម៌សុខភាព និងគុណភាព ដំណាក់កាលទី២។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ការគាំទ្ររបស់ធនាគារពិភពលោក និងបានសំណូមពរឲ្យអ្នកជំនាញការ និងអ្នកបច្ចេកទេសរបស់ធនាគារពិភពលោក សហការនិងបន្តពិភាក្សាឱ្យបានជិតស្និតជាមួយនឹងគណៈគ្រប់គ្រងគម្រោងនីមួយៗ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព និងធ្វើយ៉ាងណាដើម្បីឲ្យសម្រេចបាននូវសូច្ចនករ ដែលបានកែសម្រួល។ ជាងនេះទៅទៀត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានផ្តោតសំខាន់ថា គម្រោងខាងលើគឺពិតជាមានសារៈសំខាន់ក្រៃលែងដើម្បីចូលរួមចំណែក ក្នុងការសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាចំណុចជាអាទិភាពសុខាភិបាល ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។