សហព័ន្ធកីឡាទូកក្តោងកម្ពុជា បិទវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសរៀបចំការប្រកួតកីឡាទូកក្តោងឆ្នាំ២០២៣

សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសរៀបចំការប្រកួតកីឡាទូកក្តោងឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្តមនាវីទោ គឹម សាវុធ មេបញ្ជាការរង បញ្ជាការដ្ឋានមូលដ្ឋានសមុទ្រ និងមានការចូលរួមពីសំណាក់ លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា លោក សេង ម៉ាលី តំណាង តំបន់អភិវឌ្ឍន៍ទីក្រុងរណប Bay of Lights នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប Bay of Lights ខេត្តព្រះសីហនុ ។

ក្រោយពីការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅទីលានតេជោ ខេត្តព្រះសីហនុ កាលពីខែឧសភា ឆ្នាំ២០២៣ កន្លងមក សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានទទួលនូវមេដាយ ចំណេះដឹង បទពិសោធន៍ល្អៗជាច្រើន និងចំណុចខ្វះខាតមួយចំនួន ដែលតម្រូវអោយមន្ត្រីបច្ចេកទេសរបស់សហព័ន្ធត្រូវសិក្សាស្វែងយល់បន្ថែមដើម្បីបន្តអភិវឌ្ឍន៍ខ្លួនបន្តទៅមុខ។

ផ្អែកតាមផែនការសកម្មភាពការងារឆ្នាំ២០២៣ ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួតកម្រិតមូលដ្ឋាន ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដើម្បីឱ្យប្រភេទកីឡាទូកក្តោងរបស់កម្ពុជា មានមន្រ្តីបច្ចេកទេសដែលមានជំនាញកម្រិតខ្ពស់ សម្រាប់ត្រៀមការប្រកួតកីឡាជាតិ និងអន្តរជាតិផ្សេងៗនាពេលខាងមុខ ជាពិសេសការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ និងដើម្បីបង្ហាញដល់មហាជន បានឃើញ និងស្វែងយល់អំពីប្រភេទកីឡាទូកក្តោងផងដែរ ។

មន្រ្តីបច្ចេកទេសរៀបចំការប្រកួត គឺជាក្រុមការងារសំខាន់មួយ ដែលអាចធ្វើឱ្យការប្រកួតមួយទទួលបានជោគជ័យ ហើយបើមន្រ្តីបច្ចេកទេសរៀបចំការប្រកួតរបស់កម្ពុជាយើងមានចំណេះជំនាញកម្រិតខ្ពស់ស្របតាមស្តង់ដា របស់សហព័ន្ធកីឡាទូកក្តោងអន្តរជាតិ នោះគ្រប់ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នឹងសុទ្ធសឹងតែទទួលបានជោគជ័យ និងគុណភាពនៃការប្រកួតក្នុងកម្រិតខ្ពស់។

ជាលទ្ធផលនៃវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួតកីឡាទូកក្តោងរយៈពេល ៣ថ្ងៃកន្លងមកនេះ សិក្ខាកាមទាំង ២៥រូបទទួលបាននូវចំណេះដឹងកម្រិតខ្ពស់លើការរៀបចំទម្រង់នៃការប្រកួត ការប្រើប្រាស់ទង់សញ្ញា សម្លេងសំគាល់ និងច្បាប់បញ្ញតិ្តផ្សេងៗ និងបានអនុវត្តន៍ផ្ទាល់នៅលើផ្ទៃទឹក ៕