ការប្រកួតកីឡាជឺជីតស៊ូ ជើងឯកថ្នាក់ជាតិបានបញ្ចប់ដោយជោគជ័យ

ការប្រកួតកីឡាជឺជីតស៊ូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣បានបិទបញ្ចប់ដោយជោគជ័យ កាលល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ
ក្រោមវត្តមានលោកបណ្ឌិត ហួរ សុមេធ អនុប្រធាននាយកដ្ឋានគយ និងរដ្ឋាករ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តម ថោង បញ្ញាធន អនុប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាគូសបញ្ជាក់ថា ការប្រកួតនេះមាន០៩សមាគម-ក្លឹប ដោយមានកីឡាករ ៨៩នាក់ កីឡាការិនី ៣៥នាក់ គ្រូបង្វឹកចំនួន ១៥នាក់ ប្រតិភូដឹកនាំ ០៩នាក់ និងមន្ត្រីដឹកនាំការប្រកួត ៦០នាក់ សរុបចំនួន ២០៨នាក់។ ព្រឹត្តិការណ៍នេះមាន១៩វិញ្ញាសាដាក់ឱ្យកីឡាករ កីឡាការិនីចូលរួមប្រកួតប្រជែងមេដាយ ហើយក្នុងចំណោម៩ក្លឹបនេះ គឺមានសមាគមកីឡាជឺជីតស៊ូមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចូលរួមជាលើកដំបូង។

ឯកឧត្តម ថោង បញ្ញាធន បន្ថែមថា ការកត់សម្គាល់ និងវាយតម្លៃឃើញថា កម្រិតបច្ចេកទេស កីឡាករ-កីឡាការិនីភាគច្រើនមានការរីកចម្រើនជាងមុន បើប្រៀបធៀបជាមួយនឹងឆ្នាំមុន។ ការរីកចម្រើននេះមកពីកីឡាករ-កីឡាការិនីទាំងអស់មានពិសោធន៍ច្រើនដោយបានចូលរួមប្រកួតជាច្រើនលើកច្រើនសារ គួបផ្សំនឹងគ្រូបង្វឹកមានបទពិសោធន៍ និងទេពកោសល្យបង្ហាត់ ដែលធ្វើឱ្យកីឡាករ-កីឡាការិនីឆាប់យល់ និងឆាប់ចាប់បាននូវបច្ចេកទេសដែលគ្រូបង្ហាត់។ ពេលប្រកួតពុំមានបាតុភាពអ្វីធ្វើឱ្យមានការរាំងស្ទះដល់ដំណើរការប្រកួតឡើយ។ ការអនុវត្តការងារប្រកបទៅដោយរលូន និងជោគជ័យ។ ចំណែកអាជ្ញាកណ្តាលខិតខំប្រឹងប្រែងបញ្ចេញអស់ពីសមត្ថភាព ក្នុងការវិនិច្ឆ័យ ក្នុងការផ្ដល់ពិន្ទុ ទោះបីមិនទាន់សុក្រិតត្រឹមត្រូវ១០០ភាគរយ តែអាចទទួលយកបានចំពោះការផ្ដល់ពិន្ទុប្រកបដោយមនសិការ វិជ្ជាជីវៈជាអាជ្ញាកណ្តាល។

ជាមួយគ្នានេះ ឯកឧត្តមឧត្តមសេនីយ៍ទោ មួន វាសនា ប្រធាននាយកដ្ឋានទទួលបន្ទុកការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានថ្លែងថា កីឡាជាការបញ្ចេញនូវកាយវិការ ចលនា ដើម្បីបញ្ចេញញើសនិងជាតិពុលផ្សេងៗនៅក្នុងខ្លួន។ កីឡាបានផ្តល់ប្រយោជន៍ដល់មនុស្សយ៉ាងច្រើន ហើយការលេងកីឡាបានផ្តល់នូវបរិយាកាសរីករាយ មិត្តភាព សាមគ្គីភាព និងភាតរភាព មានចិត្តអំណត់ និងគ្មានការគុំគួន រាងកាយមាំមួនល្អ និងលូតលាស់បានល្អ មានភាពរហ័សរហួន មិនស្ពឹកស្រពន់ មានសុខភាពល្អ បញ្ញាឈ្លាសវៃ និងមានសមត្ថភាពការពារខ្លួន អាចរកបាននូវប្រាក់កម្រៃ និងចំណូលផ្ទាល់ខ្លួន ក៏ដូចជាក្នុងគ្រួសារ កិត្តិយសខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ឯកឧត្តម មួន វាសនា មានប្រសាស៍ថា កីឡាជឺជីតស៊ូមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានទទួលបានការឧបត្ថម្ភផ្ទាល់ពីឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC ហើយក្នុងការប្រកួតកីឡាជឺជីតស៊ូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣នេះ គឺជាឆ្នាំដំបូង ដែលក្លឹបកីឡាជឺជីតស៊ូ CMAC បានចូលរួមប្រកួត ហើយក្លឹបចំណូលថ្មីមួយនេះនឹងត្រៀមខ្លួន ក្នុងការចូលរួមប្រកួតឆ្នាំខាងមុខ។

តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង រតនា ក៏បានប្តេជ្ញាចិត្តខ្ពស់ ដើម្បីខិតខំផលិតធនធានឱ្យបានច្រើនប្រកបដោយគុណភាពខ្ពស់ៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហព័ន្ធជជំនាញ ក្នុងការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ និងស៊ីហ្គេម ជាបន្តបន្ទាប់ ជាពិសេសការត្រៀមទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ខាងមុខ នៅកម្ពុជា៕