លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Matthew Stephenson ប្រធានផ្នែកវិនិយោគ និងសេវាកម្ម នៃវេទិកាសេដ្ឋកិច្ចពិភពលោក និងលោក Philippe Isler នាយកប្រតិបតិ្ត នៃសម្ព័ន្ធសកលសម្រាប់កិច្ចសម្របសម្រួលពាណិជ្ជកម្ម (Global Alliance for Trade Facilitation) ជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ទីក្រុងដាវ៉ូស សហព័ន្ធស្វីស)៖ នាព្រឹកថ្ងៃអង្គារ៍ ទី១៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក លោក Matthew Stephenson ប្រធានផ្នែកវិនិយោគ និងសេវាកម្ម នៃវេទិកាសេដ្ឋកិច្ចពិភពលោក និងលោក Philippe Isler នាយកប្រតិបតិ្តនៃសម្ព័ន្ធសកលសម្រាប់កិច្ចសម្របសម្រួលពាណិជ្ជកម្ម (Global Alliance for Trade Facilitation) ជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលភាគីទាំងអស់បានជជែករំលឹកអំពីកិច្ចសហប្រតិបត្តិក្នុងការបង្កើតប្រព័ន្ធ ទិន្នន័យ ស្តីពី សន្ធានកម្ម ខ្សែ ច្រវាក់ ផ្គត់ផ្គង់ សំដៅ ផ្តល់ កិច្ច សម្រួល វិនិយោគ សម្រាប់ អភិវឌ្ឍន៍ ចីរភាព (SD2) សហការរៀបចំព្រឹត្តិការណ៍ផ្សេងៗនៅ អង្គការពាណិជ្ជកម្មពិភពលោក និងនៅកម្ពុជា។

នៅក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្ត្រី និងលោកទាំងពីរក៏បានពិភាក្សាអំពីកិច្ចគាំទ្ររបស់វេទិកាសេដ្ឋកិច្ចពិភពលោក ដល់ការជំរុញការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យមួយចំនួន រួមទាំងការរៀបចំវេទិកាកសិ-ចំណីអាហារក្នុងតំបន់ ឬទម្រង់ផ្សេងទៀតនៃព្រឹត្តិការណ៍ដែលប្រមូលផ្តុំតួអង្គទាំងអស់នៅក្នុងឧស្សាហកម្មកសិ-ចំណីអាហារ។