Zillion

តោះ! មកស្គាល់កោះ Tomorrow និង កោះ Yesterday ទោះស្ថិតនៅជិតគ្នា ប៉ុន្តែពេលវេលាខុសគ្នា

Mor Ha Nokor

កោះ Tomorrow (Big Diomede) ឬ កោះថ្ងៃស្អែក និង កោះ Yesterday ឬ កោះម្សិលមិញ( Little Diomede) មានគម្លាតពីគ្នាតែត្រឹម ៥គីឡូម៉ែត្រប៉ុណ្ណោះប៉ុន្តែពេលវេលានៅលើកោះទាំងពីរខុសគ្នាស្ទើរតែរយៈពេលជិតមួយថ្ងៃ (គឺប្រមាណ ២១ម៉ោង) ព្រោះកោះទាំង២ស្ថិតនៅចុងម្ខាងម្នាក់ នៃខ្សែបន្ទាត់អ័ក្សកំណត់ថ្ងៃបែបអន្តរជាតិ ឬ (International Date Line) ដែលត្រូវអូសពេលវេលាពីចំណុចប៉ូលខាងជើង កាត់មកចំកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក និងទៅកាន់ប៉ូលខាងត្បូង ដែលខ័ណ្ឌចែករវាងរយៈពេលថ្ងៃនេះ និងថ្ងៃបន្ទាប់។

កោះទាំង ២ នេះស្ថិតនៅត្រង់ច្រក ប៊ែរីង (Bering Strait) ដែលជាដែនទឹកខ័ណ្ឌចែករវាងរដ្ឋ Alaska របស់អាម៉េរិក និងដែនដីសាយប៊ែរៀ (Siberia) របស់រុស្ស៊ី។ ហេតុដូច្នេះកោះ Big Diomede គឺស្ថិតនៅក្នុងទឹកដីរុស្ស៊ី ខណៈកោះ Little Diomede ស្ថិតក្នុងទឹកដីសហរដ្ឋអាមេរិក។ នៅរៀងរាល់រដូវរងា ស្ពានទឹកកកដោយធម្មជាតិតែងតែកកើតឡើង ដោយផ្សាភ្ជាប់កោះទាំងពីរ ដែលអាចឲ្យយើងដើរឆ្លងកាត់ទៅមកបាន ប្រសិនបើមានការអនុញ្ញាតត្រឹមត្រូវ។

គួររំលឺកថា រដ្ឋអាឡាស្កា (Alaska) មានទំហំផ្ទៃដី ១.៧២៣លានគីឡូម៉ែត្រក្រលា ត្រូវបានរុស្ស៊ីលក់ឲ្យសហរដ្ឋអាមេរិកកាលពីឆ្នាំ ១៨៦៧ ក្នុងតម្លៃ ៧.២លានដុល្លារ (គិតតម្លៃបច្ចុប្បន្នគឺ ១៤៥លានដុល្លារអាមេរិក)។ មូលហេតុចម្បងៗដែលបានបង្ខំរុស្ស៊ីឲ្យលក់ដែនដី Alaska នោះ ក៏ព្រោះតែភាពបរាជ័យក្នុងសង្គ្រាមនៅគ្រីមៀ (Crimea) ដូច្នេះ Alaska ជាតំបន់ឆ្ងាយពិបាកគ្រប់គ្រង និងផ្អែកលើរុស្ស៊ីជឿជាក់ថា នេះជាវិធីទប់ស្កាត់មួយចំពោះ ដៃគូរប្រកួតប្រជែងរបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិក នោះគឺចក្រភពអង់គ្លេស៕

សម្រួលអត្ថបទ៖ ផា សុខវណ្ណនីដា
ប្រភព៖ Internet