អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន អញ្ជើញបំពេញទស្សនកិច្ចនូវការបណ្តុះបណ្តាលប្រតិបត្តិការរក្សាសន្តិភាព (PKO) នៃបរិក្ខារវិស្វកម្មធុនធ្ងន់កម្ពុជា-ជប៉ុន (HEE) នៅវិទ្យាស្ថានសម្រាប់កងកម្លាំងរក្សាសន្តិភាព ការបោសសម្អាតមីន និងកាកសំណល់សង្រ្គាម (IMPEC)

អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន អញ្ជើញបំពេញទស្សនកិច្ចនូវការបណ្តុះបណ្តាលប្រតិបត្តិការរក្សាសន្តិភាព (PKO) នៃបរិក្ខារវិស្វកម្មធុនធ្ងន់កម្ពុជា-ជប៉ុន (HEE) នៅវិទ្យាស្ថានសម្រាប់កងកម្លាំងរក្សាសន្តិភាព ការបោសសម្អាតមីន និងកាកសំណល់សង្រ្គាម (IMPEC)

នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ លោក តានិណៃ អ៊ិឈិតុម៉ុ  ឧបទូត និងអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន បានអញ្ជើញបំពេញទស្សនកិច្ចនូវការបណ្តុះបណ្តាលប្រតិបត្តិការរក្សាសន្តិភាព (PKO) នៃបរិក្ខារវិស្វកម្មធុនធ្ងន់កម្ពុជា-ជប៉ុន (HEE) នៅវិទ្យាស្ថានសម្រាប់កងកម្លាំងរក្សាសន្តិភាព ការបោសសម្អាតមីន និងកាកសំណល់សង្រ្គាម (IMPEC) នៅឧត្តុង្គ។ ឯកឧត្តម កែ សុវណ្ណ អនុរដ្ឋលេខាធិការក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏បានអញ្ជើញចូលរួមទស្សនកិច្ចនេះដែរ។

ការបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើង ដើម្បីអភិវឌ្ឍគ្រូបង្វឹកកម្ពុជាផ្នែកឧបករណ៍វិស្វកម្មធុនធ្ងន់ ដូច្នេះកម្ពុជាអាចមានលទ្ធភាពអភិវឌ្ឍប្រតិបត្តិករផ្នែកឧបករណ៍វិស្វកម្មធុនធ្ងន់ សម្រាប់បេសកកម្មប្រតិបត្តិការនៅបរទេសអោយបានជោគជ័យ។

ជប៉ុនបានបញ្ជូនអង្គភាពវិស្វកម្មប្រតិបត្តិការរក្សាសន្តិភាពជាលើកដំបូងរបស់ខ្លួនមកកម្ពុជាកាលពី៣១ឆ្នាំមុន។ នាពេលបច្ចុប្បន្ន កម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានរួមចំណែកឈានមុខគេ នៅក្នុងបេសកកម្មប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ប្រទេសជប៉ុនបានគាំទ្រដល់ការកសាងសមត្ថភាពអង្គភាព PKO របស់កម្ពុជាតាំងពីឆ្នាំ២០១៣។

ជាមួយនឹងទំនាក់ទំនងទ្វេភាគីដែលត្រូវបានវិវឌ្ឍន៍ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំនេះ ប្រទេសជប៉ុនមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ ជាពិសេសក្នុងវិស័យកសាងសន្តិភាព។