ប្រធាន​សហព័ន្ធ​​ចំបាប់​កម្ពុជា ចាត់ទុក​ការ​ប្រកួត​​ជ្រើស​រើស​ជើង​ឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០២៣ ​​ជា​ការ​វាស់​ស្ទង់​​ត្រៀម​ការ​ប្រកួត​ព្រឹត្តិការណ៍​ធំ​ៗ​​ចំនួន​២ ​​

ការ​ប្រកួត​​ជ្រើស​រើស​ជើង​​ឯក​អាស៊ី​អាគ្នេយ៍​​ឆ្នាំ​២០២៣ ​​ដែល​កម្ពុជា​ធ្វើ​​ជា​ម្ចាស់​ផ្ទះ​នេះ​ គឺ​​មាន​សារសំខាន់​ខ្លាំង​ ដើម្បី​វាស់​ស្ទង់​កម្រិត​បច្ចេកទេស​ របស់​កីឡាករ​ ជម្រើស​ជាតិ​កម្ពុជា​ ក្នុង​ការ​ត្រៀម​ខ្លួន​ ទៅ​ប្រជែង​មេដាយ​ ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​ ចំនួន​ ២ គឺ​ការ​ប្រកួត​ស៊ីហ្គេម​ នៅ​ប្រទេស​​ថៃ​​ នា​ឆ្នាំ​២០២៥ និង​​ត្រៀម​​ខ្លួន​កា​រ​ប្រកួត​ជ្រើស​រើស​ឯក​​យុវជន​អាស៊ី​ឆ្នាំ​២០២៩ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នេះជាលើកឡើងរបស់ លោក ខេស៊ី បាណេត ​ ​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​អាស៊ី​អាគ្នេយ៍​​ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ។

​​​លោក ប្រធាន​សហព័ន្ធ​ បាន​​​ឲ្យ​ដឹង​ថា ក្នុង​ការ​ប្រកួត​ជ្រើស​រើស​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០២៣ នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដោយ​មាន​​អត្តពលិក​ចំនួន ២៧៦ នាក់​ចូល​រួម​​ ​ដែល​មក​ពី​ប្រទេស​វៀតណាម​ ឡាវ ថៃ សិង្ហបុរី ​ហ្វីលីពីន ឥណ្ឌូណេស៊ី ​និង​​កម្ពុជា (​ម្ចាស់​ផ្ទះ​) ។ ការ​ប្រកួត​នេះ​ដែរ​​គឺ​បែង​ចែក​កម្រិត​ក្រោម​អាយុ​១៧​ឆ្នាំ​ ក្រោម ២០ ឆ្នាំ​ និង​កម្រិត​លើស​២០​ឆ្នាំ​ផង​ដែរ​។

​លោក​ ខេស៊ី បាណេត បានបញ្ជាក់ពី គោល​បំណង​នៃ​ការ​រៀបចំ​​របស់​កម្ពុជា ​ក្នុងការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ព្រឹត្តិការណ៍​ខាង​លើ​គឺ​​ ដើម្បី​ពង្រឹង​សមត្ថភាព​កីឡាករ-​កីឡា​ការិនី​កម្ពុជា ​ឲ្យ​មាន​ភាព​កាន់​តែ​ខ្លាំងក្លា​ ដើម្បី​ប្រជែង​មេដាយ​ក្នុង​ឆាក​អន្តរជាតិ ពិសេស​​នោះ​គឺ​ចង់​រក្សា​ចំណាត់​ថ្នាក់​មេដាយ​ ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​ ដែល​កម្ពុជា​ដណ្ដើម​បាន​ចំនួន ២០​ មេដាយ​កាល​ស៊ីហ្គេម​នៅ​កម្ពុជា​។ ​

​គួរ​រំលឹក​ថា ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០២២ ដែល​កម្ពុជា​ធ្វើ​​ជា​ម្ចាស់​ផ្ទះ​ដែរ​នោះ​គឺ​កម្ពុជា​ដណ្ដើម​បាន​មេដាយ​ចំនួន ១៩ គ្រឿង​ផង​ដែរ​៕ ​