សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជេីញទស្សនាសារមន្ទីរសិល្បៈសហសម័យ និងតម្បាញ ក្នុងរដ្ឋធានីវៀងចន្ទន៍

ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសឡាវ នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាសារមន្ទីរសហសម័យនិងសារមន្ទីរតម្បាញនៅក្នុងទីក្រុងវៀងចន្ទន៍ ដែលជាតំបន់វប្បធម៌និងប្រពៃណីរបស់ប្រជាជនឡាវ។

សម្តេចរដ្ឋសភាធិបតី បានសម្តែងការកោតសរសើរ និងសូមអបអរសាទរ ចំពោះការរៀបចំឱ្យមានសារមន្ទីរនេះឡើង ដែលបង្ហាញពីអត្តសញ្ញាណរបស់ប្រជាជាតិឡាវដល់ភ្ញៀវជាតិ អន្តរជាតិ បានដឹងកាន់តែច្បាស់។

សូមជម្រាបថា សារមន្ទីរសហសម័យ ជាកន្លែងបង្ហាញពីស្នាដៃចម្លាក់ឈើ ប្រកបដោយទឹកដមស្នាដៃអស្ចារ្យ មានតម្លៃខ្ពស់បម្រើដល់វិស័យសិល្បៈនិងវប្បធម៌។ កំណាត់ឈើធំៗ ត្រូវបានច្នៃជាចម្លាក់ដែលមានភាពរស់រវើក បង្កប់នូវតម្លៃសិល្បៈ និងវប្បធម៌ បានទាក់ទាញអ្នកទេសចរជាច្រើនចូលទស្សនាជាប្រចាំថ្ងៃ។ ចំណែកសារមន្ទីរតម្បាញវិញ ជាកន្លែងដាក់តំាងបង្ហាញពីស្នាដៃតម្បាញរបស់ប្រជាពលរដ្ឋឡាវជាស្រ្តី ដែលមានសំពត់ ក្រមា អាវ និងវត្ថុប្រើប្រាស់ជាច្រើនទៀត ត្បាញពីហូល ផាមួង និងសូត្រ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា សារមន្ទីរតម្បាញដែលមានសោភ័ណភាពដ៏ល្អ និងគួរជាទីទាក់ទាញនេះ មិនត្រឹមបង្ហាញពីការបន្តថែរក្សា និងលើកកម្ពស់ការងារស្រ្តី ដែលជាវប្បធម៌ដ៏ល្អផូរផង់មានតំាងពីបុរាណមកនោះទេ តែបានលើកកម្ពស់មរតកការងារ និងតម្លៃស្រ្តី និងជាការចូលរួមចំណែក រកប្រាក់ចំណូលដល់សេដ្ឋកិច្ចសង្គម និងគ្រួសាររបស់ប្រជាជន មិត្តឡាវ តាមរយៈវិស័យទេសចរណ៍ ទៀតផង៕