ជំនួបអន្តរក្រសួងពិភាក្សាអំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ គឺជាការបោះជំហានដ៏ល្អមួយនៅលើផ្លូវដ៏ត្រឹមត្រូវ

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជួបប្រជុំពិភាក្សាអំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ ជាមួយ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងថ្នាក់ដឹកនាំក្រសួងជាច្រើនរូបទៀត នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងថា ការជួបជុំគ្នានាពេលនេះ គឺជាការបោះជំហានដ៏ល្អមួយនៅលើផ្លូវដ៏ត្រឹមត្រូវ ដែលអន្តរក្រសួងធ្វើការរួមគ្នាដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថា គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវធ្វើការរួមគ្នាដោះស្រាយបញ្ហា និងមានទំនួលខុសត្រូវរួម។ ក្នុងនាមគណៈកម្មាធិការនគរូបនីយកម្ម ក្រសួងរៀបចំដែនដី នឹងអញ្ជើញភាគីពាក់ព័ន្ធមកជួបជុំគ្នាពិភាក្សាប្រមូលធាតុចូល សំដៅធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលក្នុងដំណើរការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ មុននឹងដាក់សំណើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យសម្រេច។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានយកឱកាសនេះ ជំរុញសមាជិកគណៈស្ថាបត្យករ និងគណៈវិស្វករកម្ពុជា គិតគូរច្នៃប្រឌិតនូវអ្វីដែលជាជំនាញរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ដើម្បីចូលរួមរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅថ្នាក់រាជធានី ខេត្ត រហូតដល់ថ្នាក់ស្រុក ឃុំ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ ស្ថិតក្នុងចង្កោមការអភិវឌ្ឍនគរូបនីយកម្ម ដែលជាអាទិភាពទី៧ ក្នុងចំណោមអាទិភាពគោលនយោបាយ ១៥ ចំណុច ដាក់ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧។

អាទិភាពទី៧ ផ្តោតសំខាន់ទៅលើការរៀបចំផែនការអភិវឌ្ឍទីក្រុង ទីប្រជុំជន នៅថ្នាក់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅទូទាំងរាជធានី ខេត្ត ឱ្យបានចប់សព្វគ្រប់ ស្របទៅតាមទស្សនាទាន ទីក្រុងស្អាត ទីក្រុងឆ្លាត និងទីក្រុងគួរឱ្យចង់រស់នៅ ដែលឆ្លើយតបទៅនឹងអាទិភាពដូចបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤៕