អភិបាលរាជធានីភ្នំពេញ អញ្ជើញបើកបវសនកាលឆ្នាំសិក្សា២០២៣-២០២៤ និងចែករង្វាន់ដល់សិស្សពូកែរាជធានីភ្នំពេញ នៅវិទ្យាល័យ ជាស៊ីម ឈូកវ៉ា

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញបើកបវសនកាលឆ្នាំសិក្សា២០២៣-២០២៤ និងចែករង្វាន់ដល់សិស្សពូកែរាជធានីភ្នំពេញ នៅវិទ្យាល័យ ជាស៊ីម ឈូកវ៉ា ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៣។

មានប្រសាសន៍ទៅកាន់សិស្សានុសិស្សនាពេលនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត វិស័យអប់រំ ត្រូវបានលុបចោលទាំងស្រុង ជាមួយនឹង ការកាប់សម្លាប់ គ្រូបង្រៀន និងអ្នកចេះដឹងអស់ស្ទើរដល់ឬសគល់។ ក្រោយការរំដោះប្រទេសពីរបបនេះ នៅថ្ងៃទី២៤ខែមករាឆ្នាំ១៩៧៩ កម្ពុជា បានបើកបវសនកាលឡើងវិញ ដោយពេលនោះ កម្ពុជាបានអនុវត្តគោលការណ៍ អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្លាំង ដោយរិះរកអស់គ្រប់មធ្យោបាយ ធ្វើយ៉ាងណាឲ្យកម្ពុជាមានភាព រីកចម្រើនរុងរឿង ក្លាយជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមអភិបាល បានលើកឡើងទៅសិស្សានុសិស្សថា ការខិតខំប្រឹងប្រែងរៀនសូត្រ គឺពិតជាមានប្រយោជន៍ខ្លាំងណាស់ចំពោះបុគ្គលម្នាក់ៗ គឺសិក្សាដើម្បីខ្លួនឯង សិក្សាដើម្បីគ្រួសារ និងពិសេសគឺសិក្សាដើម្បីសង្គមជាតិទាំងមូល។

គូសបញ្ជាក់ថា នៅក្នុងឪកាសអញ្ជើញបើកបវសនកាលឆ្នាំសិក្សា២០២៣-២០២៤ នេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការប្រគល់ជូននូវរង្វាន់ ដល់សិស្សានុសិស្សពូកែ តាមថ្នាក់ដែលមានចំណាត់ថ្នាក់លេខ១ រហូតដល់លេខ៣ ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ តាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ មានចំនួន ៣,៨៩៤នាក់ ស្រី២,៣៤៨នាក់ ក្នុងនោះចំណាត់ថ្នាក់លេខ១ចំនួន ១២៩៨នាក់ ស្រី ៨០៥នាក់ ។ចំណាត់ថ្នាក់លេខ២ ចំនួន ១២៩៨នាក់ចំណាត់ថ្នាក់លេខ៣ ចំនួន ១២៩៨នាក់ ស្រី ៧៧៩នាក់ ស្រី ៧៦៥នាក់ ផងដែរ៕

រូបភាព សេង ចាន់
អត្តបទ ឃួន សុភ័ក្ត្រឧត្តមវណ្ណះ