គណៈកម្មការកិច្ចការបរទេសរដ្ឋសភាកម្ពុជា និងវៀតណាម ប្តេជ្ញារួមគ្នាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ូ ហាយហា ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

ការប្តេជ្ញាចិត្តរួមគ្នារវាងប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាប្រទេសទំាងពីរ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីរវាងភាគីទំាងពីរ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភាវៀតណាម នាទីក្រុហាណូយ ប្រទេសវៀតណាម ខណៈដែល ឯកឧត្តម សួស យ៉ារ៉ា បានចូលរួមបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបពិភាក្សាទ្វេភាគីនោះ ឯកឧត្តម សូស យ៉ារ៉ា បានមានប្រសាសន៍ថា ចំណង មិត្ត ភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេស យើងទាំងពីរ ត្រូវ បាន ពង្រឹង និង ពង្រីក យ៉ាង ខ្លាំង ក្លា ជា លំដាប់នៅ គ្រប់ កម្រិតនិង គ្រប់ វិ ស័យ ជាគុណប្រយោជន៍ និងការអភិវឌ្ឍរបស់ប្រទេសរៀងខ្លួន និងដើម្បីសន្ដិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក។

ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះការបញ្ជូនប្រតិភូរដ្ឋសភាវៀតណាម នៅក្នុងគណៈប្រតិភូអន្តរសភាអាស៊ាន ចូលរួមសង្កេតការណ៍បោះឆ្នោតសកលឆ្នាំ២០២៣ និងបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០២២ ដែលនេះគឺសរបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការរក្សាបាននូវសាមគ្គីភាពនៃសភានៅក្នុងតំបន់យើង ជាពិសេស ការចូលរួមចំណែកក្នុងការការពារធម្មានុរូប និងអធិបតេយ្យភាពនៃការបោះឆ្នោតរបស់កម្ពុជាដែលមានភាពចាស់ទុំនយោបាយ និងសេចក្តីទុកចិត្តរបស់ប្រជាជនកម្ពុជាក្នុងការអនុវត្តសិទ្ធិប្រជាធិបតេយ្យ។ ដើម្បីកិច្ចសហប្រតិបត្តិការសភារបស់យើង យើងត្រូវការផ្លាស់ប្តូរ ទស្សនកិច្ចផ្លូវការនៅគ្រប់កម្រិត រួមមានថ្នាក់ដឹកនាំសភា ក្រុមមិត្តភាព តំណាងរាស្រ្ត និងអគ្គលេខាធិការ ដ្ឋាន រដ្ឋសភាទំាងពីរ ជាមួយគ្នានេះ យើងត្រូវបន្តយកចិត្តទុកដាក់កសាងសមត្ថភាពមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋាន និងធ្វើទំនើបភាវូនីយកម្មស្ថាប័នសភា ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការផ្តល់សេវាសំខាន់ៗជូនដល់តំណាងរាស្ត្រ ដើម្បីបំពេញតួនាទីរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ក្នុងការបម្រើដល់ប្រជាពលរដ្ឋ និងឧត្តមប្រយោជន៍ជាតិ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមបានលើកឡើងថា ប្រធានសភាកម្ពុជា ឡាវ វៀតណាម ក៏បានសម្រេចលើកកម្ពស់កិច្ចសហប្រតិបត្តិការសភា CLV ទៅកម្រិតកំពូល ដែលគណៈប្រតិភូយើងទាំងពីរនឹងបន្តជួបធ្វើការជាមួយគ្នា នៅ២ថ្ងៃខាងមុខនេះ នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដោយយើងសង្ឃឹមថា យើងនឹងអាចជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងសភាទាំងបីរួមមាន៖ ១.ទស្សនកិច្ចតំបន់ត្រីកោណអភិវឌ្ឍន៍ CLV រៀងរាល់២ឆ្នាំម្តង ២.ការបង្កើតក្រុមមិត្តភាពនៃសមាជិកសភាមកពីមណ្ឌលនៃខេត្តនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV (ដឹកនាំដោយប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ រៀងរាល់១ឆ្នាំម្តង) ៣.ការបង្កើតរបាំងអប្សរា-ផ្កាឈូក (Apsara-Lotus) ជាអត្តសញ្ញាណនៃវប្បធម៌មិត្តភាពនៃប្រទេសទាំងបី ដើម្បីរួមចំណែកជំរុញដល់កិច្ចសហប្រតិបត្តិការទេសចរណ៍ ត្រីភាគី ប្រទេសបី គោលដៅតែមួយ និងការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដែលជាគំនិតផ្តួចផ្តើម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រាប់ការអភិវឌ្ឍតំបន់ព្រំដែន នៅលើដងវិថីសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួម។

ឯកឧត្តម វ៉ូ ហាយហា បានស្នើឱ្យរដ្ឋសភាប្រទេសទាំងពីរ គាំទ្រការចុះអនុស្សរណៈយោគយល់គ្នានៃរដ្ឋាភិបាលវៀតណាម និងកម្ពុជា នាពេលថ្មីៗនេះ ហើយបន្តកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកទាំងក្របខ័ណ្ឌនីតិប្រតិបត្តិនិងនីតិប្បញ្ញត្តិ។

ឯកឧត្តម វ៉ូ ហាយហា បានគាំទ្រចំពោះការលើកឡើងរបស់ ឯកឧត្តម សួស យ៉ារ៉ា ដោយបានគូសបញ្ជាក់បន្ថែមថា ការស្នើពិនិត្យ និងកែសម្រួល ដើម្បីបំពេញបន្ថែមនូវចំនុចខ្វះខាតនៅក្នុងកិច្ចព្រមព្រៀងរវាងរដ្ឋសភាប្រទេសទំាងពីរ ឯកឧត្តមនឹងពាំនាំជូនថ្នាក់ដឹកនាំរដ្ឋសភាវៀតណាមពិនិត្យពិចារណាបន្ថែម។

ឯកឧត្តម វ៉ូ ហាយហា បានអបអរសាទរចំពោះការរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ជាពិសេសការគ្រប់គ្រងប្រកបដោយជោគជ័យនៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩ និងបានអបអរសាទរចំពោះជោគជ័យនៃការរៀបចំកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនិងជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧កន្លងមកថ្មីៗនេះដែរ។

ឯកឧត្តមប្រធានគណៈកម្មការកិច្ចការបរទេសរដ្ឋសភាវៀតណាម ក៏បានស្នើដល់ភាគីកម្ពុជា ថែរក្សា និងជំរុញ និងផ្សព្វផ្សាយពីទំនាក់ទំនងជាប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ល្អនៃប្រទេសទាំងពីរដល់យុវជនជំនាន់ក្រោយឱ្យបានទូលំទូលាយផងដែរ៕