ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចូលរួមពិធីបិទវគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី “កម្ពុជា អសប កូរ៉េ” ស្តីពីការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ ក្នុងប្រតិបត្តិការរក្សាសន្តិភាព

ក្រសួងការពារជាតិ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី “កម្ពុជា អសប កូរ៉េ” ស្តីពីការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ ក្នុងប្រតិបត្តិការរក្សាសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្ដម Park Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា។

នៅក្នុងឱកាសនោះឯកឧត្ដមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌជាតិរក្សាសន្តិភាព បានឲដឹងថាវគ្គហ្វឹកហ្វឺននេះផ្តោតសំខាន់លើជំនាញប្រើប្រាស់ និងថែទាំគ្រឿងចក្រវិស្វកម្មធុនធ្ងន់ ៦ប្រភេទ ដែលមានរយៈពេល ៦សប្តាហ៍ ដែលមានយោធាចារ្យកូរ៉េ ១០នាក់ និងសិក្ខាកាមកម្ពុជា ៣២នាក់។

ឯកឧត្ដមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្ថែមថា វគ្គហ្វឹកហ្វឺនគម្រោងត្រីភាគីនាពេលនេះ ជាស្ពានមេត្រី ជាការហ្វឹកហ្វឺនតម្រង់ទិសសិក្ខាកាមឱ្យក្លាយជាគ្រូបង្គោល សម្រាប់បង្វឹកដល់កម្លាំងរក្សាសន្តិភាពចេញបំពេញបេសកកម្ម អសប ជាពិសេស ដើម្បីពង្រឹងខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមាន៤ប្រទេសជាម្ចាស់ផ្ទះវិលជុំ ២ឆ្នាំម្តង ក្នុងនោះមាន ឥណ្ឌូនេស៊ី វៀតណាម ថៃ និងកម្ពុជា។ គម្រោងនេះ មានការឧបត្ថម្ភគាំទ្រពី អសប ជប៉ុន អូស្រ្តាលី និងសាធារណរដ្ឋកូរ៉េ។

ក្នុងនាមក្រសួងការពារជាតិកម្ពុជា, ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហាញមោទនភាព ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះវគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី កម្ពុជា អ.ស.ប កូរ៉េ ស្តីពីការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ ក្នុងប្រតិបត្តិការរក្សាសន្តិភាព បានធ្វើឱ្យកងរក្សាសន្តិភាពកម្ពុជាទទួលបាននូវសមត្ថភាពលើជំនាញការប្រើប្រាស់គ្រឿងចក្រវិស្វកម្ម ធុនធ្ងន់ ព្រមទាំងទទួលបាននូវចំណេះដឹង បទពិសោធន៍រៀនសូត្រពីយោធាចារ្យនៃសាធារណរដ្ឋកូរ៉េ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀតលើវិស័យរក្សាសន្តិភាព៕

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់ថា “កម្ពុជាមិនគាំទ្រការដែលយកសង្គ្រាម ទៅបញ្ចប់សង្គ្រោមនោះទេ កម្ពុជាបានយល់ច្បាស់ណាស់អំពីសង្គ្រោម ថាជូរចត់កំរិតណា គ្មានអ្វីល្អជាងសន្តិភាពនោះទេ”

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម Park Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់យោធាចារ្យ និងសិក្ខាកាម ដែលខិតខំប្រឹងប្រែងបណ្តុះបណ្តាល និងសិក្សារៀនសូត្រពីវគ្គហ្វឹកហ្វឺន ដែលជាហេតុធ្វើឱ្យយើងអាចបិទវគ្គហ្វឹកហ្វឺនបានដោយជោគជ័យ។ ឯកឧត្ដម Park Jung-Wook បានបន្តថា ការហ្វឹកហ្វឺន PKO TPP និង អ.ស.ប បានពង្រឹងបន្ថែមទៀតនូវសមត្ថភាពអនុវត្តបេសកកម្ម និងជំនាញ វិជ្ជាជីវៈរបស់កងកម្លាំងកម្ពុជា។

ឯកឧត្ដម Atul Khare អគ្គលេខាធិការរងទទួលបន្ទុកកិច្ចគាំទ្រផ្នែកប្រតិបត្តិការ សម្រាប់ការបិទវគ្គហ្វឹកហ្វឺនការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់កម្រិតមធ្យម (HEE) ក្រោមគម្រោងត្រីភាគីរបស់អង្គការសហប្រជាជាតិ បានថ្លែងតាមរយៈវីដេអូថា ក្នុងនាមអង្គការសហប្រជាជាតិ ដោយថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព សម្រាប់ការគាំទ្រដ៏ធំធេងក្នុងការធ្វើជាម្ចាស់ផ្ទះ ចំពោះគំនិតផ្តួចផ្តើមរក្សាសន្តិភាពដ៏សំខាន់នេះ។