គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាមដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ម្ចាស់ផ្ទះ

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដល់ សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយសុវត្ថិភាព។

នៅអាកាសដ្ឋានអន្តរជាតិ នាទីក្រុងហាណូយ គណៈប្រតិភូបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម ព្រមទំាងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃរដ្ឋសភាវៀតណាមជាច្រើននាក់។ នៅក្នុងនោះក៏មានវត្តមានរបស់លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជា ប្រចាំវៀតណាម​ និងសហការី ផងដែរ។

ក្រោយអញ្ជើញដល់ប្រទេសវៀតណាម នៅរាត្រីនេះ សម្តេចរដ្ឋសភាធិបតី នឹងទទួលជួបសវនាការជាមួយ ឯកឧត្តម អនុប្រធានរដ្ឋសភាវៀតណាមនិងសហការី នៅសណ្ឋាគារដែលសម្តេចស្នាក់នៅនាទីក្រុងហាណូយ។

រដ្ឋសភាប្រទេសវៀតណាមនឹងរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១​ ខែធ្នូ​ ស្អែកនេះ នៅវិមានរដ្ឋសភាវៀតណាម។ បន្ទាប់មកសម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយសមភាគី វៀតណាម ឯកឧត្តម វឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភា មុននឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃប្រទេសវៀតណាម ដូចជា ឯកឧត្តម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តមប្រធានរដ្ឋ ជាដើម។

នៅក្នុងដំណើរទស្សនកិច្ចនេះ សមាជិកគណៈប្រតិភូ រដ្ឋសភាកម្ពុជា នឹងមានជំនួបជាមួយភាគីមួយចំនួនទៀត។

ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃ ទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ជាបន្តទៀត៕