តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ តំណាងសមាគមជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន

ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ តំណាងសមាគមជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដឹកនាំដោយលោកឧកញ៉ា សៅ ភក្តី អនុប្រធានសមាគម និងប្រតិភូចំនួន៨ នាក់ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសាលព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តម រដ្ឋលេខាធិការ សុខ ប្រសិទ្ធិ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពកម្ពុជា-ចិន ដែលបានចងភ្ជាប់ដោយឥស្សរជនឆ្នើមនៃប្រទេសទាំងពីរ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ហើយនៅឆ្នាំ២០២៣ នេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន។
ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានរំលេចអំពីកិច្ចសហប្រតិបត្តិការរវាកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន រួមទាំងសមិទ្ធផលជាច្រើនដែលជាផ្លែផ្កានៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកឧកញ៉ា សៅ ភក្តី អនុប្រធានសមាគមមាបានបញ្ជាក់ថា កន្លងមកសមាគមបានបំពេញទស្សនកិច្ចនៅប្រទេសចិនចំនួន ២ ដង ដើម្បីផ្សព្វផ្សាញអំពីឱកាសវិនិយោគនៅកម្ពុជា ជាលទ្ធផល នាពេលនេះ សមាគមបានដឹកនាំក្រុមហ៊ុនចិនចំនួន ៣ ដើម្បីមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការសិក្សាឱកាសវិនិយោគលើវិស័យកំសាន្ត និងប្រព័ន្ធផ្សព្វផ្សាយ។
ជាមួយគ្នានេះ លោកឧកញ៉ា បានលើកឡើងថាដើម្បីសម្របសម្រួលដល់ការបំពេញទស្សនកិច្ចដែលមានរយៈពេលខ្លី ទើបសមាគមស្នើសុំដោយផ្ទាល់មកកាន់ក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីស្នើសុំជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំនានាទាក់ទងនឹងការវិនិយោគលើវិស័យផ្សព្វផ្សាយ ឌីជីថល ។
នៅក្នុងឱកាសនេះដែរ តំណាងក្រុមហ៊ុនទាំងបី របស់ប្រទេសចិន បានធ្វើបទបង្ហាញដែលមានការលើកបង្ហាញណែនាំអំពីប្រវត្តិការរៀបចំ និងទស្សនៈវិស័យ ដែលផ្តោតជាសំខាន់លើប្រព័ន្ធឌីជីថល ក្នុងវិស័យកំសាន្ត និងផ្សព្វផ្សាយ។
តំណាងក្រុមហ៊ុននីមួយៗ ក៏បានបង្ហាញអំពីសមិទ្ធផលជាច្រើន រួមជាមួយនឹងបទពិសោធន៍ដែលបានចូលរួមចែករំលែក និងការបណ្តុះ បណ្តាលធនធានមនុស្សជាច្រើន ហើយក្រុមហ៊ុនមានបំណងក្នុងការជួយបណ្តុះបណ្តាលលើជំនាញបច្ចេកទេស ឌីជីថល ក្នុងវិស័យកំសាន្ត និងផ្សព្វផ្សាយនៅកម្ពុជាផងដែរ តាមរយៈការបង្កើតជាវិទ្យាស្ថាន ឬការផ្តល់អាហារូបករណ៍។
ជាការឆ្លើយតប ឯកឧត្តម សុខ ប្រសិទ្ធិ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះបទបង្ហាញ របស់ក្រុមហ៊ុន ជាមួយនឹងសមិទ្ធផលបច្ចេកទេស យ៉ាងសម្បូរបែប ។ ជាមួយគ្នានេះ ឯកឧត្តម បាន បញ្ជាក់ជូនក្រុមហ៊ុន អំពីសក្កានុពល វិនយោគក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះមុំឌីជីថល គឺជាយុទ្ធថ្មីសម្រាប់សង្គមកម្ពុជាក្នុងបរិបទនៃបដិវត្តឧស្សាហកម្ម ៤.០។
ឯកឧត្តម បានបង្ហាញអំពីគាំទ្រលើបច្ចេកវិទ្យាបញ្ញាសម្បនិមិត្ត (AI) ប៉ុន្តែក៏ត្រូវពិនិត្យ និងរៀបចំបទដ្ឋានដើម្បីគ្រប់គ្រងលើបច្ចេកវិទ្យាថ្មីនេះ ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព នៃប្រព័ន្ធផ្សព្វផ្សាយ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សុខ ប្រសិទ្ធិ ក៏បានជម្រាបជូននូវ ក្របខណ្ឌគោលនយោបាយរបស់ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ផ្តោតជាអាទិភាពលើការកសាងធនធានមនុស្ស ជាពិសេសជំនាញបច្ចេកទេស ឌីជីថល ក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយ។ ឯកឧត្តម បានបង្ហាញអំពីការគាំទ្រចំពោះគោលបំណងនៃការផ្តល់អាហារូបករណ៍ ឬ ការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសឌីជីថល នៅប្រទេសកម្ពុជា ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេស លើជំនាញបច្ចេកទេស ឌីជីថល ៕