Zillion

ការបាញ់បង្ហោះមីស៊ីល ICBM របស់កូរ៉េខាងជើងកន្លងទៅហាក់ដូចជាចង់បង្ហាញអំពីសក្តានុពលរបស់ខ្លួនក្នុងទ្វីបអាម៉េរិក

Mor Ha Nokor

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាពីការបាញ់បង្ហោះមីស៊ីលអន្តរទ្វីប ហៅកាត់ថា ICBM របស់កូរ៉េខាងជើង ទៅតាមការស្នើសុំរបស់ប្រទេសជប៉ុន។ អង្គការសហប្រជាជាតិបានថ្កោលទោសការបាញ់បង្ហោះនេះ ហើយបាននិយាយថាសកម្មភាពរបស់ប្រទេសកូរ៉េខាងជើងបាននាំឱ្យមានការកើនឡើងនៃស្ថានភាពឲ្យកាន់តែតានតឹង។ ការបាញ់បង្ហោះ ICBM កាលពីថ្ងៃសុក្រ គឺជាការធ្វើតេស្តចុងក្រោយបង្អស់របស់កូរ៉េខាងជើង ក្នុងការសាកល្បងកាំជ្រួចមីស៊ីល ដែលក្រុមអ្នកជំនាញនិយាយថា ពួកគេមានគោលបំណងបង្កើនសមត្ថភាពនុយក្លេអ៊ែរ និងបង្កើនអានុភាពរបស់ខ្លួននៅក្នុងផែនការ ការទូតនាពេលអនាគត។ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោកស្រី Rosemary DiCarlo បាននិយាយថា “ខ្ញុំសូមចូលរួមជាមួយអគ្គលេខាធិការក្នុងការជំរុញឱ្យប្រទេសកូរ៉េខាងជើងចាត់វិធានការជាបន្ទាន់ដើម្បីបន្តការសន្ទនាដែលនាំទៅរកសន្តិភាព ប្រកប ដោយនិរន្តរភាព និងការលុបបំបាត់អាវុធនុយក្លេអ៊ែរពេញលេញ និងអាចផ្ទៀងផ្ទាត់យកជាការបានសម្រាប់ឧបទ្វីបកូរ៉េ” ។ ការបាញ់បង្ហោះ ICBM របស់កូរ៉េខាងជើងកាលពីថ្ងៃសុក្រកន្លងទៅគឺហាក់ដូចជាបាន បង្ហាញអំពីសក្តានុពលក្នុងការវាយប្រហារគ្រប់ទីកន្លែងក្នុងទ្វីបអាមេរិក ដោយអ្នកជំនាញខ្លះនិយាយថា គ្រាប់មីស៊ីល Hwasong-17 នៅតែស្ថិតក្នុងការអភិវឌ្ឍន៍នៅឡើយនៅពេលនេះ ប៉ុន្តែវាជាមីស៊ីលរយៈចម្ងាយឆ្ងាយបំផុតរបស់កូរ៉េខាងជើង ហើយត្រូវបានរចនាឡើងដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរជាច្រើន បញ្ជូលគ្នាដើម្បីយកឈ្នះលើប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិក៕

សម្រួលអត្ថបទ៖ សុផារិន្ទ