ឧត្តមសេនីយ៍ឯក លឹម តុងហួត ៖ ប្រជាពលរដ្ឋប្រមាណជាង ១ម៉ឺននាក់ចូលរួមផ្ទាល់ទស្សនាស្វែងពីបញ្ហាគ្រឿងញៀន ក្នុងព្រះរាជពិធីបុណ្យអុំទូក

រាជធានីភ្នំពេញ៖ ថ្ងៃទី២៦ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ជាអគ្គលេខាធិការ និងឧត្តមសេនីយ៍ឯក ថោង សុគន្ធា ជាអគ្គលេខាធិការរងទទួលផែនបានរៀបចំពិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់សាធារណជនក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ:នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា រយ:ពេល០៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី LOLC បានរៀបចំពិធីផ្សព្វផ្សាយជាការប្រគំតន្រ្តី សំដែងរឿងខ្លី ចម្រៀង ឆ្លើយសំណួរយករង្វាន់អនុស្សាវរីយ៍ ការរាំ-ច្រៀងកំសាន្ត ការតាំងពិព័រណ៍រូបភាព និងចែកឯកសារចំណេះដឹងពីបញ្ហាគ្រឿងញៀនដែលមានសាធារណជនប្រមាណជាង១ម៉ឺននាក់បានចូលទស្សនាផ្ទាល់នៅសួនមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានប្រាប់បន្តថា បងប្អូនជាសាធារណជន បានសំដែងនូវការសប្បាយរីករាយផង មានឆន្ទ:ចូលរួមគាំទ្រដល់កម្មវិធីផ្សព្វផ្សាយអប់រំនេះផងតាមរយៈការបង្ហាញនូវអារម្មណ៍ពិត ការចែករំលែកនូវរឿងពិតផលវិបាកដែលមានសមាជិកគ្រួសារធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀនដោយបានសំណូមពរសួមឱ្យចូលរួមសិក្សាស្វែងយល់និងផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដើម្បីបង្ការទប់ស្កាត់ការកើតមានបញ្ហាគ្រឿងញៀនក្នុងគ្រួសារ។

លោកក៏បានលើកបញ្ជាក់ផងដែរថា រយ:ពេលបីថ្ងៃនេះដែរ មន្រ្តីអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន យុវជនកាយរិទ្ធ និងកាកបាទក្រហមកម្ពុជា អង្គការកសាង KHANA បណ្តាញស្រ្តីអប់រំសហគមន៍និងHACC សរុបចំនួន៥០០នាក់បានដើរដង្ហែរក្បួនកាន់បដា អានសារ ចែកខិត្តបណ្ណផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀន ដល់សាធារណជនពីសួនច្បារមុខព្រះបរមរាជវាំង ទៅសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា(CDC)ផងដែរ។

ក្នុងនាមថ្នាក់ដឹកនាំ ពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ឧត្តមសេនីយ៍ឯក លឹម តុងហួត សូមថ្លែងអំណរគុណ ក្រសួងព័ត៌មាន រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ អង្គការកសាង អង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធជំងឺអេដស៍(khana) គណកម្មការសម្របសម្រួលសកម្មភាពសុខភាពសុខភាព (Hacc) បណ្តាញស្រ្តីអប់រំផ្ទាល់នៅតាមសហគមន៍ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអិលស៊ី (LOLC) Freshnews ទូរទស្សន៍ជាតិ វិទ្យុជាតិកម្ពុជា ស៊ីអិនស៊ី បាយ័ន កាសែតនគរវត្ត ព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិ ទូរទស្សន៍តន្រ្តីក្រុមហ៊ុនធំៗ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយអាជ្ញារជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្វើសកម្មភាពផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនក្នុងឱកាសបុណ្យអុំទូក២០២៣នេះ។

សូមបញ្ជាក់ថា ការផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀន ដល់អ្នកមកចូលរួមលេងកម្សាន្ត ព្រះរាជពិធីបុណ្យអុំទូកនេះ គឺស្របទៅនឹងតាមឆន្ទៈមុះមុតរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងនីតិកាលទី៧នេះ ។ ហើយថ្មីៗនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្រ្តីប្រចាំការ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់ចេញនូវសេចក្តីណែនាំលេខ០០២សណនស្តីពីការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យមានកាន់តែមានប្រសិទ្ធភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងនោះ ឯកឧត្តមផ្តោតសំខាន់លើការងារអប់រំផ្សព្វផ្សាយធ្វើយ៉ាងណាឱ្យបានដឹងដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់នៅតាមមូលដ្ឋានទូទាំងប្រទេសកម្ពុជា៕