បច្ច័យប្រមាណ៦០លានរៀលត្រូវ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ វេរប្រគេនព្រះសង្ឃ គង់នៅវត្ត ពោធិ៍រង្សី ឃុំពារាម ស្រុកបាទី ខេត្តតាកែវ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន បានដង្ហែរអង្គកឋិនសាមគ្គី ទៅវេរប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្ត ពោធិ៍រង្សី ឋិននៅក្នុង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃ១៤កើត ខែកក្តិក ឆ្នាំថោះ បញ្ជាស័ក ព.ស ២៥៦៧ ជាថ្ងៃបិទបញ្ជប់រដូលកាលអង្គឋិនទាន ក្នុងឆ្នាំនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មានប្រសាសន៍ថា សុខសន្តិភាព គឺពិតជាមានតម្លៃខ្លាំងក្លាណាស់នាពេលបច្ចុប្បន្ននេះ បើទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវការពារឲ្យបាននូវសន្តិភាព កាលណាគ្មានសន្តិភាព ប្រទេសជាតិមានសង្គ្រាម យើងមិនមានលទ្ធភាពក្នុងការកសាងអភិវឌ្ឍជាតិ និងមិនមានឱកាសក្នុងការប្រារព្ធពិធីដង្ហែ អង្គកឋិនទាននាពេលនេះរួមគ្នាបានឡើយ។
ក្រោមការដឹកនាំដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឲ្យមានសុខដុមនីយកម្មសាសនា ក្រោមម្លប់នៃសន្តិភាព ដែលធ្វើឲ្យប្រជាពលរដ្ឋមានលទ្ធភាពក្នុងការគោរពជំនឿសាសនារៀងៗខ្លួន។
ក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាល ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន បានវេរប្រគេនបច្ច័យសង្កត់ត្រៃយ៍ ដែរបានពីការចូលរួមដោយសទ្ធាជ្រះថ្លាពីពុទ្ធបរិស័ទ សរុបចំនួន ៦០លាន ៧១ម៉ឺនរៀល និង ២៥០ដុល្លា ក្នុងនោះបច្ច័យរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ចំនួន ២០លានរៀល ដើម្បីទុកកសាងសមិទ្ធផលនានាក្នុងទីអារាមវត្តពោធិ៍រង្សី ដើម្បីទុកជាកេរ្ត៍ដំណែលសម្រាប់កូនចៅជំនាន់ក្រោយគោរពបូជា។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានឧបត្ថមដល់សិស្សដែលប្រឡងជាប់និទ្ទេសA ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣ នៃវិទ្យាល័យហ៊ុន សែន ១មិថុនា ចំនួន ៦រូប នូវថវិកាចំនួន១០០ដុល្លាសម្រាប់សិស្សនិទ្ទេសAម្នាក់ៗ ផងដែរ។