ឯកឧត្តម ឈិន កេតនា អញ្ជើញចុះពិនិត្យមណ្ឌលស្នាក់នៅកីឡាករអុំទូក ដែលមកពីតាមរាជធានីខេត្ត នៅមណ្ឌលជ្រោយចង្វារ OCIC និងមណ្ឌលឬស្សីកែវ

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ បានអញ្ជើញពិនិត្យមណ្ឌលស្នាក់នៅរបស់កីឡាករអុំទូក មកពីតាមបណ្តារាជធានីខេត្ត ដែលមានចំនួន២មណ្ឌល គឺមណ្ឌលឬស្សីកែវ និងមណ្ឌលជ្រោយចង្វារ OCIC។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពិនិត្យមណ្ឌលស្នាក់នៅនេះ ពីសំណាក់លោក ឃ្លាំង ហួត អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំង ថ្នាក់ដឹកនាំស្រុក/ខណ្ឌ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ 

ឯកឧត្តម ឈិន កេតនា និងថ្នាក់ដឹកនាំ បានអញ្ជើញពិនិត្យការសាងសង់មណ្ឌលស្នាក់នៅដែលមានចំនួន២មណ្ឌលគឺ មណ្ឌលឬស្សីកែវ ដែលមាន២តំបន់ គឺតំបន់ E ខាងជើង ការដ្ឋានផ្សាររាត្រី និងតំបន់ D ខាងត្បូង ការដ្ឋានផ្សាររាត្រី និងមណ្ឌលជ្រោយចង្វារ OCIC មានចំនួន៣តំបន់ គឺតំបន់ A ខាងកើត មហាវិថី OCIC, តំបន់ B ខាងលិចមហាវិថី OCIC, តំបន់ C ខាងកើតមហាវិថី OCIC។ ឯកឧត្តមបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ទៅលើការងារតុបតែងតំឡើងរោង ចូលទៅក្នុងមណ្ឌលស្នាក់នៅកីឡាករ  មកពីតាមបណ្តាលខេត្តនានា ប្រមាណជាង៤០០រោង, រៀបចំបន្ទប់ទឹកជាង២៩០បន្ទប់ តាមកន្លែងស្នាក់នៅកីឡាករ, រៀបចំតបណ្តាញទឹកស្អាត ចង្រា្កនបាយ កន្លែងហូបបាយជូនកីឡាករ, រៀបចំតបណ្តាញភ្លើងអគ្គិសនីតាមរោងនីមួយៗ, ដាក់បណ្តាញកាំមេរ៉ាសុវត្ថិភាព, និងត្រៀមរៀបចំដាក់ធុងសំរាមទៅតាមទីតាំងទាំង៥ក្នុងមណ្ឌលទាំង២ ហើយទាំងនេះគឺជាការរៀបចំបានយ៉ាងល្អរបស់សាលារាជធានីភ្នំពេញ ។ 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឈិន កេតនា និងថ្នាក់ដឹកនាំ ក៏បានអញ្ជើញចុះពិនិត្យទីតាំងដែលរក្សាទុកប្រភេទទូកនៅតាមច្រាំងទន្លេដូចជាទូកអុំ ទូកចែវ និងទូកខ្នាតអន្តរជាតិ ដែលត្រៀមប្រណាំងនៅថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ខាងមុខនេះ នៅតាមដងទន្លេសាប ចាប់ពីតំបន់ជ្រោយចង្វារ រហូតដល់ខាងមុខព្រះបរមរាជវាំង។

ចំពោះចំនួនទូកង ទូកមួង និងចំនួនកីឡាករ តាមក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី ខេត្ត ដែលគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ទទួលបានមានចំនួនសរុប ៣៣៧ទូក និងសរុបកីឡាករ កីឡាការនីចំនួន ២០ ៤១៧ នាក់(ពីរម៉ឺនបួនរយដប់ប្រាំពីរ)។ 

សូមបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងប្រារព្ធទិវាបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក លក្ខណៈទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ។ 

បន្ទាប់ពីទទួលបានមហាជោគជ័យដ៏ត្រចះត្រចង់ក្នុងទិវាបុណ្យឯករាជ្យជាតិខួបអនុស្សាវរីយ៍លើកទី៧០ (៩វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ១៩៥៣) រាជរដ្ឋាភិបាលកម្ពុជា បានបន្តប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីបានខកខានមិនបានប្រារព្ធអស់រយៈពេលចំនួន៣ ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ និងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។ 

ក្រោមម្លប់នៃសុខសន្តិភាព ទើបព្រះរាជាណាចក្រកម្ពុជា អាចប្រារព្ធព្រះរាជពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន។ ដោយសារកត្តាសុខសន្តិភាពនេះហើយដែលអាចធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍឡើងទៅមុខជាលំដាប់ និងទទួលបានសមិទ្ធផលនានាជាច្រើន។

ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដ៏មហោឡារិកនិងអធិកអធមជាទីបំផុត ហើយព្រះរាជពិធីបុណ្យនេះជាព្រះរាជពិធីបុណ្យដ៏មានប្រជាប្រិយភាពបំផុតក្នុងចំណោមពិធីបុណ្យផ្សេងៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់នៃសន្តិភាព។ 

ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានគេតំណាលថា ជាពិធីបុណ្យរំលឹកដល់ការដឹងគុណ ចំពោះកងទ័ពជើងទឹករបស់កម្ពុជា ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំង នាស.វទី១២ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ក្នុងឆ្នាំ ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.សករាជ៕