ឯកឧត្ដម ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា ប្រគល់វិញ្ញាបនបត្រជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន៥២២នាក់ នៅខេត្តកំពង់ធំ

ឯកឧត្ដម ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រជូន ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន៥២២នាក់ ដែលមានទីតាំងស្ថិតនៅភូមិបឹងខាងជើង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

នាឱកាសដ៏វិសេសវិសាលនោះ ឯកឧត្ដម បានរំលឹកអំពីជីវប្រវត្តិដ៏ជូរចត់ពីការសិក្សា ជីវិតនៃការតស៊ូ ទម្រាំបានដូចសព្វថ្ងៃ ។

ការផ្សារភ្ជាប់ ខ្លួនឯង ទៅនឹងការសិក្សា ព្យាយាមដោយអំណត់ នៅពេលណាមួយ នឹងទទួលបាន នូវអ្វីដែលយើងចង់បាន ចង់ឃើញ ។ ការខិតខំប្រឹងប្រែង រៀនសូត្រ ជាមាគ៌ាដែលតម្រង់ទិសពីជីវិត ពីអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ការសិក្សា គឺជាមូលដ្ឋាន គ្រឹះដ៏សំខាន់ សម្រាប់ជួយដល់សង្គមជាតិ ជួយដល់គ្រួសារ និងខ្លួនឯង ។ 

បន្ថែមពីនេះ ឯកឧត្ដមបានផ្ដាំផ្ញើ ដល់អាណាព្យាបាលគ្រប់រូប ពិតជាដើរតួនាទី ដ៏សំខាន់ សម្រាប់តម្រង់ និងបណ្ដុះនូវផ្នត់គំនិត ការអប់រំ ដល់បុត្រាបុត្រីរបស់ខ្លួន  ធ្វើយ៉ាងណា ដោយយកចិត្តទុកដាក់ជំរុញកូនៗ ឲ្យបានចូលរៀន នឹងបន្តរៀន យ៉ាងហោចណាស់ដល់ថ្នាក់បរិញ្ញាបត្រ ។ 

ឯកឧត្តម មានប្រសាសន៏បន្ថែមថា អ្វីទាំងអស់នេះ កើតមានបាន គឺដោយសារ យើងទាំងអស់គ្នា រួមសាមគ្គីគ្នា រក្សានូវសុខសន្តិភាព រក្សានូវស្ថេរភាព ទើបនឹងមានអ្វីៗជាច្រើនទៀត។ ការរក្សានូវអ្វីដែលកំពុងមាន ដើម្បីធានា នៃការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងនីតិកាលទី៧ ។ 

សូមជម្រាបជូនថា មជ្ឈមណ្ឌល អេច អាយ អិល គឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាល ភាសាអង់គ្លេស ដល់សិស្សានុសិស្ស ដែលភាគច្រើន មិនយកប្រាក់ ពីរ គ្រួសារក្រីក្រី និងកុមារកំព្រា បច្ចុប្បន្ននេះមជ្ឈមណ្ឌលមានអគារសិក្សាចំនួន 2 ខ្នង 4បន្ទប់ និងមានបុគ្គលិកចំនួន ១៣នាក់ ប្រុស៧នាក់ ស្រី៦នាក់ និងគ្រូបង្គោលចំនួន៦នាក់ ហើយក៏មានគ្រូជំនួយចំនួន២នាក់ សម្រាប់ជួយដល់សិស្សដែលរៀនខ្សោយ ដែលមានសិស្សសរុបមានចំនួន522នាក់ស្រី210នាក់ ប្រុស312នាក់ ។ 

ក្នុងពិធី ប្រគល់ វិញ្ញាបនបត្រនោះ  មជ្ឈមណ្ឌលបាន ចែកសារ៉ុងដល់ អាណាព្យាបាល ចំនួន១២០នាក់ និងចែកអំណោយ ជាសម្ភារ:គ្រឿងឧបភោគ បរិភោគ ដល់អ្នកខ្វះខាតចំនួន៥គ្រួសារ ក្នុងនោះមានដូចជា៖ ទឹកត្រី១យ៉ួ, ទឹកស៊ីអីវ១យ៉ួ , មីមួយកេះ, អង្ករ ១០គីឡូ និងថវិកា២មុឺនរៀល៕