អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ  បានអញ្ជើញជាអធិបតីក្នុង ពិធីបិទសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ ២០២៣  

ក្រោមប្រធានបទ «ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ ២០៣០ និង  ឆ្នាំបន្តបន្ទាប់ទៀត ៖ ការកំណត់មាគ៌ា សម្រាប់វិបុលភាព ប្រកបដោយភាពធន់, និរន្តរភាព និង បរិយាបន្ន» ពិធីបិទសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ ២០២៣  ក្រោមប្រធានបទ «ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ ២០៣០ និង  ឆ្នាំបន្តបន្ទាប់ទៀត ៖ ការកំណត់មាគ៌ា សម្រាប់វិបុលភាព ប្រកបដោយភាពធន់, និរន្តរភាព និង បរិយាបន្ន» បានប្រារព្ធពិធីបិទក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅសណ្ឋាគារសុខាភ្នំពេញថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣,។

មានប្រសាសន៍បិទអង្គសន្និសីទនាឱកាសនោះអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នបានបញ្ជាក់ថា ដំណើរឆ្ពោះទៅរកការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយភាពធន់, និរន្តរភាព និង បរិយាបន្ន ពុំមែនជាកិច្ចការងាយស្រួល និង អាចកើតមានឡើងដោយឯកឯងនោះឡើយ, តែគឺជាដំណើរវែងឆ្ងាយ ដែលទាមទារឱ្យមានការចូល-រួមជិតស្និទ្ធ ពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់, ការប្តេជ្ញាចិត្តខ្ពស់, កិច្ចសហការស្អិតល្មួត, និង ការតម្កល់ផលប្រយោជន៍ជាតិ ជាធំ, ប្រកបដោយគំនិតច្នៃប្រឌិត, នវានុវត្តន៍ និង ភាពបត់បែន តាមការវិវត្តជាក់ស្តែង ។ អាស្រ័យហេតុនេះ, ការចូលរួមចំណែកនាពេលនេះ គឺជាវិភាគទានមួយដ៏សំខាន់ ដើម្បីឈានទៅសម្រេចបាន នូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០» ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់ ដោយឆ្លងកាត់បង្គោលចរនៃការប្រែក្លាយខ្លួន ជាប្រទេសមានចំណូលមធ្យមកមិ្រតខ្ពស់ នៅឆ្នាំ ២០៣០ ។ ជាការពិត, ដំណើរលើផ្លូវដ៏វែងឆ្ងាយនេះ គប្បីចាប់ផ្តើមពីការកំណត់ចក្ខុវិស័យឱ្យបានច្បាស់លាស់ជាមុនសិន, ទើបបន្តពីនេះ, យើងទាំងអស់គ្នាអាចប្រមូលធាតុចូលចាំ-បាច់, ស្វែងរកមធ្យោបាយសមស្រប និង ដាក់ចេញនូវយន្តការត្រឹមត្រូវ, ដើម្បីជម្នះឧបសគ្គផងទាំងពួង សំដៅឈានទៅសម្រេចបានតាមចក្ខុវិស័យនោះ ។ ក្នុងន័យនេះ, ខ្ញុំមានជំនឿថា ការរៀបចំសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ ២០២៣ ក្រោមប្រធាន-បទ «ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ ២០៣០ និង ឆ្នាំបន្តបន្ទាប់ទៀត ៖ ការកំណត់មាគ៌ា សម្រាប់វិបុលភាព ប្រកបដោយភាពធន់, និរន្តរភាព និង បរិយាបន្ន» គឺពិតជាសម-ស្រប, ទាន់ពេល និង ចំទិសដៅ។ឯកឧត្តមអគ្គបណ្ឌិតវាចាឧបនាយករដ្ឋមន្ត្រីបានរំលេចដោយគូសបញ្ជាក់ថាក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយ, បន្ទាប់ពីការសម្រេចបាននូវ  សុខសន្តិភាពពេញ-លេញ, ឯកភាពជាតិ និង ឯកភាពទឹកដីទាំងស្រុង តាមរយៈ នយោបាយឈ្នះ-ឈ្នះ របស់     សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗ លើគ្រប់វិស័យ, ទាំងនយោបាយ, សង្គម, និង សេដ្ឋកិច្ច, ដែលនាំឱ្យកម្ពុជា សម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មី គួរជាទីមោទនៈបំផុត ។ 

ពេលនេះ, ដំណើរការកសាងជាតិរបស់កម្ពុជា បានឈានដល់ដំណាក់កាលថ្មីមួយ នៅក្នុងបរិការណ៍នៃពិភពលោក ដែលកាន់តែប្រែប្រួល, លំបាក និង មិនប្រាកដប្រជា ។ ស្របពេលដែលបង្គោលចរ ឆ្នាំ ២០៣០ កាន់តែខិតជិតមកដល់ ពោលគឺ នៅសល់ប្រមាណ ៧ ឆ្នាំទៀតប៉ុណ្ណោះ, ទស្សនអនាគតនៃកំណើនរបស់កម្ពុជា ត្រូវបានបន្តហ៊ុមព័ទ្ធ ដោយហានិ-ភ័យ និង ភាពមិនប្រាកដប្រជាខ្ពស់ ពីកត្តាធំៗខាងក្រៅ មានជាអាទិ៍ ៖ ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ, កំណើនទាបនៃសេដ្ឋកិច្ចសកល ដែលបណ្តាលមកពី សង្គ្រាមពាណិជ្ជកម្ម, ការបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍ ក្នុង ការឆ្លើយតបទៅនឹងសម្ពាធអតិផរណា, ការអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ី និង អ៊ុយ-ក្រែន, ការថមថយនៃកំណើនសេដ្ឋកិច្ចចិន និង បណ្តាប្រទេសអឺរ៉ុប ព្រមទាំងបញ្ហាសង្រ្គាមរវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស ដែលទើបផ្ទុះឡើង នាពេលថ្មីៗ ។ លើសពីនេះទៀត, ការប្រែប្រួលអាកាសធាតុ, ដែលជាបញ្ហាប្រឈមរួមរបស់មនុស្សជាតិទាំងមូល, ក៏កំពុងតែបង្កផលប៉ះពាល់អវិជ្ជមាន កាន់តែធ្ងន់ធ្ងរ ផងដែរ ។ ជារួម, ហានិភ័យ និង បញ្ហាប្រឈមទាំងនេះ បាន និង កំពុងបង្កផលប៉ះពាល់លើពាណិជ្ជកម្មអន្តរជាតិ និង រំហូរនៃការវិនិយោគមកក្នុងប្រទេស ដែលអាចយាយីដល់កិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាអាចប៉ះទង្គិចផងដែរ ដល់គន្លងនៃការ-អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ។  

យ៉ាងណាក៏ដោយ, កម្ពុជានៅតែមានសក្តានុពល និង កាលានុវត្តភាពជាច្រើន, ទាំងខាងក្រៅ និង ក្នុងប្រទេស, សម្រាប់ពន្លឿនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងនោះ រួមមាន ៖ ១).ការផ្លាស់ប្តូរកាន់តែលឿននៃច្រវាក់ផលិតកម្ម ពីតំបន់ និង ប្រទេសផ្សេងៗ មកកាន់អាស៊ាន; ២).កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ទាំងក្នុងក្របខណ្ឌតំបន់ និង ទ្វេភាគី; ៣).ផលលាភសន្តិភាព តាមរយៈការបន្តរក្សាបាននូវសុខសន្តិភាព និង ស្ថិរភាពនយោបាយ; ៤).ការអភិវឌ្ឍ និង ការពង្រឹងបានល្អ នូវតួនាទី និង ស្ថិរភាព នៃវិស័យហិរញ្ញវត្ថុ; ៥).ការអភិវឌ្ឍ និង ការពង្រឹងសមត្ថភាព នៃឧស្សាហកម្មគាំទ្រក្នុងស្រុក នៅក្នុងការបង្កើនតម្លៃបន្ថែម និង

ការលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្ម; ៦).ការចាប់យកប្រយោជន៍ពីផលលាភប្រជាសាស្រ្ត, វិស័យឌីជីថល និង វិស័យថ្មីៗ ដែលមានសក្តានុពល; និង ៧).ការជំរុញកិច្ចការកែទម្រង់ជារចនាសម្ព័ន្ធ និង ការរៀបចំយន្តការអនុវត្ត ឱ្យបានច្បាស់លាស់ និង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ដល់ការជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក ឱ្យមានសម្ទុះកាន់ តែខ្លាំងក្លា ។ 

ច្បាស់ណាស់ថា នៅក្នុងបរិបទថ្មីនេះ, កម្ពុជាត្រូវសម្របជាប្រចាំ តាមនិន្នាការប្រែប្រួលសកល ដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះការលើកកម្ពស់ភាពជាអ្នកដឹកនាំ និង សមត្ថភាពស្ថាប័នគ្រប់កម្រិត ដោយផ្សារភ្ជាប់នឹងការធានាបាននូវគោលនយោបាយសមស្រប និង សមត្ថភាពអនុវត្តជាក់ស្តែង, លទ្ធផលការងារ និង ការទទួលខុសត្រូវ ដើម្បីឆ្លើយតបនឹងអាទិភាពសំខាន់ៗនៅក្នុងដំណាក់កាលថ្មី រួមមានជាអាទិ៍ ៖ ការពង្រឹងអភិបាលកិច្ច; ការ-ទ្រទ្រង់កំណើន និង ការធ្វើទំនើបកម្មសេដ្ឋកិច្ច; ការបង្កើតការងារ, ទាំងគុណភាព និង បរិមាណ; ការលើកស្ទួយវិស័យឯកជន និង សហគ្រិនភាព; ការកសាងមូលធនមនុស្ស ដោយផ្តោតជាពិសេស លើគុណភាពវិស័យអប់រំ, សេវាសុខាភិបាល និង សីលធម៌សង្គម; ការលើក-ស្ទួយសេវាគាំពារសង្គម និង សុខុមាលភាពប្រជាជន, ជាពិសេស សម្រាប់គ្រួសារងាយរងហា-និភ័យ និង ក្រុមជនងាយរងគ្រោះ; ការពង្រឹងគុណភាពនគរូបនីយកម្ម, ជាពិសេស ការកាត់-បន្ថយគម្លាតរវាងទីក្រុង និង ជនបទ; ការពង្រឹងចីរភាពបរិស្ថាន និង ការឆ្លើយតបទៅនឹងការ-ប្រែប្រួលអាកាសធាតុ; ព្រមទាំងការជំរុញធ្វើបរិវត្តកម្មឌីជីថល, ទាំងក្នុងសង្គម និង សេដ្ឋកិច្ច ។ ក្នុងក្របខណ្ឌនៃទស្សនវិស័យនេះ និង ផ្អែកតាម កម្មវិធីនយោបាយ របស់ខ្លួន, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាស-វៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ ឆ្នើម និង ពោរពេញដោយសមត្ថភាព, ចំណេះដឹង និង ថាមពល, បានដាក់ចេញ នូវ  យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធ-ភាព, និង ចីរភាព, ដោយផ្តោតជាសំខាន់លើរបៀបវារៈ ធានា “ប្រសិទ្ធភាពសមិទ្ធកម្ម” តាម-   រយៈការអនុវត្តអភិក្រម “ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និង វះកាត់” និង អភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ។ ជាមួយនឹងបាវចនា ៥ គឺ : កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព, យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ បានកំណត់យក អាទិភាពគន្លឹះ ៥ គឺ : “មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និង បច្ចេកវិទ្យា, ជាពិសេស គឺ បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី ៤ និង បរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និង សង្គមកម្ពុជា ក៏ដូចជាឆ្លើយតបនឹងតម្រូវការ ក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និង ជាមធ្យោបាយដ៏សំខាន់ នៃការសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ។ លើសពីនេះ, ដើម្បីសម្រេចបានតាមគោលបំណងចម្បងរបស់ខ្លួន សំដៅ ៖ ម៉្យាង, បន្តរក្សា    ចលនការនៃសុខសន្តិភាព, កំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍ ជារួម; និង ម៉្យាងទៀត, កសាង និង ពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០; យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ក៏បានកំណត់ដាក់ចេញផងដែរនូវ គោលដៅយុទ្ធសាស្ត្រជាក់លាក់ ចំនួន ៥ រួមមាន ៖ 

(១). ធានាឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយភាពធន់នឹងវិបត្តិនានា; 

(២). បង្កើតការងារឱ្យបានកាន់តែច្រើន, ទាំងបរិមាណ និង គុណភាព, ជូនដល់ប្រជា-ជនកម្ពុជា, ជាពិសេស សម្រាប់យុវជន; 

(៣). សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ និង បន្តខិតខំទាញទម្លាក់   អត្រានៃភាពក្រីក្រ ឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា; 

(៤). បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និង លើកកម្ពស់គុណភាពស្ថាប័ន, ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ក៏ដូចជា បន្តពង្រឹងអភិបាលកិច្ចវិស័យឯកជន និង បន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផល សម្រាប់ធុរកិច្ច, ការវិនិយោគ និង ពាណិជ្ជកម្ម; និង 

(៥). ធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង កសាងភាពធន់ទៅនឹងការប្រែ-ប្រួលអាកាសធាតុ ។ កម្ពុជាពិតជាមានតម្រូវចាំបាច់ ក្នុងការកសាងនូវ ភាព-ធន់ក្នុងវិស័យទាំង ៥ ដូចដែលរាជរដ្ឋាភិបាលបានគូសរំលេចយ៉ាងច្បាស់ នៅក្នុង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ដើម្បីអាចសម្រេចគោលដៅរបស់ខ្លួន សម្រាប់ឆ្នាំ ២០៣០ ខាងមុខផង និង អាចបន្តបោះជំហានឆ្ពោះទៅសម្រេចគោលដៅខ្ពស់ជាងនេះ ក្នុងរយៈពេលវែងទៅមុខទៀតផង ក្នុងនោះរួមមាន ៖ 

ទី១- ភាពធន់នៃស្ថាប័នសាធារណៈ តាមរយៈការបន្តកែទម្រង់ស្ថាប័នរដ្ឋ ដោយ ផ្តោតការយកចិត្តទុកដាក់ លើការពង្រឹងសមត្ថភាព និង ប្រសិទ្ធភាព ក្នុងការអនុវត្តការងារ, ការសម្រិតសម្រាំងមន្រ្តីដែលមានសមត្ថភាពខ្ពស់ និង គុណវុឌ្ឍិល្អ ព្រមទាំង ការលើកកម្ពស់ការទទួលខុសត្រូវ និង ភាពម្ចាស់ការ របស់ក្រសួង-ស្ថាប័ន ដើម្បីឈានទៅសម្រេចបាននូវរដ្ឋបាលសាធារណៈមួយដែលស្អាតស្អំ, ឆ្លាតវៃ និង មានសមត្ថភាពខ្ពស់ ។

ទី២- ភាពធន់នៃសេដ្ឋកិច្ច តាមរយៈការពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ការលើកកម្ពស់ភាពប្រកួតប្រជែង ដោយផ្តោតការយកចិត្តទុកដាក់ លើការធ្វើឱ្យប្រសើរឡើង នូវបរិយាកាសវិនិយោគ និង កិច្ចសម្រួលពាណិជ្ជកម្ម; ការជំរុញឌីជីថលូបនី-យកម្ម, ទាំងវិស័យសាធារណៈ និង វិស័យឯកជន; និងជាពិសេស ការកសាងហេដ្ឋា-រចនាសម្ព័ន្ធរូបវន្ត, ប្រព័ន្ធឡូជីស្ទីក, ថាមពលបៃតង និង ឌីជីថល ប្រកបដោយគុណ-ភាពខ្ពស់ ។ 

ទី៣- ភាពធន់នៃសង្គម និង ប្រជាជន តាមរយៈការបន្តអភិវឌ្ឍប្រព័ន្ធសុខាភិបាល និង ប្រព័ន្ធគាំពារសង្គម, ទាំងគុណភាព និង វិសាលភាព, ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងវិបត្តិ ឬ ហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុ នាអនាគត ព្រមទាំងការបន្តអភិវឌ្ឍធនធានមនុស្ស ដោយផ្តោតការយកចិត្តទុកដាក់ លើការពង្រឹងគុណ-ភាពនៃវិស័យអប់រំ និង ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ។ នៅត្រង់ចំណុចនេះ, ខ្ញុំសូមគូសរំលេចបន្ថែមថា អភិក្រមចំពោះការអភិវឌ្ឍ ដែលរាជរដ្ឋាភិបាលប្រកាន់យក គឺជាការអភិវឌ្ឍប្រកបដោយបរិយាបន្ន និង សមធម៌ ដែលមានការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ហើយក៏ជាការអភិវឌ្ឍ ដែលធ្វើឱ្យមានភាពប្រសើរឡើង ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង សហគមន៍ នៅក្នុងការណ៍ជាក់សែ្តង ពោលគឺ មិនមែនជាការណ៍គ្រាន់តែឆ្លុះបញ្ចាំងតាមរយៈតួលេខកំណើននៃ ផសស ប៉ុណ្ណោះទេ ។ 

ទី៤- ភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុ តាមរយៈការបន្តអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុប្រកប ដោយបរិយាបន្ន និង សុវត្ថិភាព; និង ការកែទម្រង់ប្រព័ន្ធថវិកាជាតិ, ទាំងផ្នែកចំណូល និង ផ្នែកចំណាយ, ឱ្យកាន់តែមានប្រសិទ្ធភាព ពិពិធភាព និង ចីរភាព ដោយរួមបញ្ចូលផងដែរ នូវការកសាងទ្រនាប់ថវិការឹងមាំ និង ការពង្រឹងប្រសិទ្ធ-ភាព និង ចីរភាព នៃការគ្រប់គ្រងបំណុលសាធារណៈ; ដើម្បី, ម៉្យាង, ធានាឱ្យកម្ពុជាអាចត្រៀមខ្លួនបានយ៉ាងប្រសើរ ក្នុងការឆ្លើយតបតាមការចាំបាច់ ទៅនឹងការប្រែប្រួលនៃស្ថានភាពសង្គម-សេដ្ឋកិច្ច; និង ម៉្យាងទៀត, ធានាដល់ការទ្រទ្រង់ និង ការជំរុញលើក-កម្ពស់សកម្មភាពសេដ្ឋកិច្ចទាំងមូល ឱ្យសម្រេចបានកំណើនខ្ពស់ ប្រកបដោយបរិយា- បន្ន, ចីរភាព និង ភាពធន់ ។ 

ទី៥- ភាពធន់នៃបរិស្ថាន និង អាកាសធាតុ តាមរយៈការបង្កើនសមត្ថភាព ក្នុង  ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និង ការត្រៀមលក្ខណៈសម្បត្តិសមស្រប ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ។