រដ្ឋមន្រ្តីក្រសួងព័ត៌មាន បន្តគាំទ្រដល់ក្លឹបហែលទឹកក្រសួងព័ត៌មាន ដែលកំពុងមានការរីកចំរើន ហើយបាននាំយកនូវមេដាយ និងកិត្តិយស ជូនក្រសួងព័ត៌មាន និងជម្រុញលើកទឹកចិត្តអោយលេងកីឡា បន្ទាប់ពីហត់នឿយពីបំពេញកិច្ចការងារ 

  នេះជាប្រសាសន៍លើកឡើងរបស់  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសក្លឹបហែលទឹកក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កីឡាករ កីឡាការិនី ក្លឹបហែលទឹកក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

   ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ពីការបន្តគាំទ្រដល់ក្លឹបហែលទឹកក្រសួងព័ត៌មាន ដែលកំពុងមានការរីកចំរើន ហើយបាននាំយកនូវមេដាយ និងកិត្តិយស ជូនក្រសួងព័ត៌មាន ពិសេសបានឈ្នះមេដាយពីការប្រកួតអន្តរជាតិ មកជូនប្រទេសជាតិ ថែមទៀតផងដែរ ។

   ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជម្រុញអោយបង្កើតបន្ថែមនូវប្រភេទកីឡាផ្សេងៗទៀតក្រៅពីកីឡាហែលទឹក ដូចជាក្រុមកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាវាយឃ្លីលើតុ កីឡាបូល និងប៉េតង់ ដើម្បីអោយមន្រ្តីរាជការចូលរួមលេងសប្បាយ ធ្វើអោយសុខភាពរាងកាយរឹងមាំ ហើយជាការផ្លាស់ប្តូរបរិយាកាស សម្រាប់បង្កើនផលិតភាពការងារបានកាន់តែល្អបន្ថែមទៀត ។

   ឯកឧត្តម នេត្រ ភក្ត្រា ដែលជាប្រធានកិត្តិយសក្លឹបហែលទឹកក្រសួងព័ត៌មាន បានជម្រាបជូនពីគម្រោងរៀបចំការប្រកួតកីឡាហែលទឹក របស់ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា ។   

   នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានវាយតំលៃខ្ពស់លទ្ធផលការងារ និងភាពជោគជ័យ របស់ក្លឹបហែលទឹកក្រសួងព័ត៌មាន ជាមួយនេះ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានគាំទ្រដល់ការបង្កើតក្លឹបហែលទឹកក្រសួងព័ត៌មាន នេះឡើង ដើម្បីជួយដល់កូនចៅ របស់មន្រ្តីរាជការក្រសួងព័ត៌មាន ដែលមានចំណង់ចំណូលចិត្តខាងកីឡាហែលទឹក បានមករៀន ហ្វឹកហាត់ និងការចំណាយថវិកាអស់តិចថែមទៀតផងដែរ ។ 

  ឯកឧត្តម រដ្ឋមន្រ្តី បានជម្រុញការអោយមានការផ្សព្វផ្សាយទូលំទូលាយ ដើម្បីអោយមន្រ្តីរាជការក្រសួងព័ត៌មាន នាំកូនចៅ មកចុះឈ្មោះចូល ក្លឹបហែលទឹក បានច្រើនបន្ថែមទៀត ព្រោះថាបើសិនជាមានសមាជិកកាន់តែច្រើនកាន់តែល្អ ដើម្បីបង្កើតជាឱកាសនៃការកំសាន្តមួយនៅចុងសប្តាហ៍ ដែលក្មេងៗ សម្រាកពីការសិក្សា អាចមកហែលទឹកលេងសប្បាយ ។ ការហាត់រៀនកីឡា ហែលទឹក គឺផ្តល់ការអប់រំកាយ អប់រំចិត្ត អប់រំកីឡា កាត់បន្ថយពេលវេលាដែលមិនសមប្រកប ធ្វើអោយមានបញ្ហា បែរមកហាត់លេងកីឡាហែលទឹក ដើម្បីអោយមានកាយសម្បទារឹងមាំ សុខភាពល្អ ។ ការរៀន និងចេះហែលទឹក គឺបានជួយដល់រាងកាយរបស់យើងអោយបានរឹងមាំ សុខភាពល្អ សាច់ឈាមស្រស់ថ្លា ។ 

  តាមរបាយការណ៍របស់ ឯកឧត្តម សុខ សារ៉េត ទីប្រឹក្សា និងជាប្រធានក្លឹបហែលទឹក ក្រសួងព័ត៌មាន បានលើកឡើងពីការបង្កើតក្លឹបនេះកាលពីពាក់កណ្តាលឆ្នាំ២០១៧ ដែលមាន ឯកឧត្តម ខៀវ កាញារីទ្ធ ជាប្រធានកិត្តិយស និងមានប្រធានក្លឹប ១ រូប អគ្គលេខាធិការ ១ រូប ហិរញ្ញឹក ១ រូប និងអនុប្រធានក្លឹប ៣ រូប ។ បច្ចុប្បន្នក្លឹបមានកីឡាករ កីឡាការិនី ៨ រូប ហើយក្លឹបបាននឹងកំពុងបង្ហាត់បង្រៀនកូនៗ មន្រ្តីរាជការក្រសួងព័ត៌មាន ដោយឥតគិតថ្លៃ សរុប ៨៨ នាក់ ។ 

    ក្នុងរយ:ពេល ៦ ឆ្នាំកន្លងមកនេះ កីឡាករ កីឡាការិនី ក្លឹបហែលទឹកក្រសួងព័ត៌មាន បានប្រកួតឈ្នះ មេដាយមាស ក្នុងស្រុកចំនួន ២៩ គ្រឿង, មេដាយប្រាក់ចំនួន ២៤ គ្រឿង, 

  -មេដាយស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ចំនួន ០១គ្រឿង

  មេដាយសំរឹទ្ធចំនួន ២៥ គ្រឿង 

  -ស៊ីហ្គេមនៅវៀតណាម ០១គ្រឿង ក្នុងឆ្នាំ២០២២

សរុបទាំងអស់ ៧៧ គ្រឿង ។ 

   ប្រធានក្លឹបហែលទឹក បានសំដែងនូវអំណរគុណ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលតែងតែជួយជ្រោមជ្រែងលើកទឹកចិត្ត ក៏ដូចជាថវិកា ដល់ក្លឹបហែលទឹកក្រសួងព័ត៌មាន ពិសេសការបន្តគាំទ្ររបស់ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ  ភក្ត្រា ទាំងស្មារតី និងថវិកា ដែលជាចលករសំខាន់ក្នុងការរួមចំណែករក្សាបាននូវសមត្ថភាព និងភាពរីកចម្រើនរបស់កីឡាករ កីឡាការនី និងជាការ  រួមចំណែកក្នុងការស្វែងរកអោយបាននូវមេដាយមាសជូនជាតិមាតុភូមិផ្នែកកីឡាហែលទឹកជាបន្តបន្ទាប់ទៅមុខទៀត ។

  ក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានឧបត្តម្ភថវិកាចំនួន ១ ០០០ ដុល្លា ដល់ក្លឹបហែលទឹកក្រសួងព័ត៌មាន ផ្តល់សម្លៀកបំពាក់កីឡា ក្នុង ១ ឆ្នាំ ម្នាក់ ២ កំប្លេ , ជាមួយនេះ ឯកឧត្តម បានចែកជូននូវ  មី និង ភេសជ្ជៈ ដល់ក្មួយៗជាកីឡាករហែលទឹកបានមកចូលរួមនាឱកាសនេះផងដែរ ។ 

  ដោយឡែក ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ចូលរួមគាំទ្រដល់ក្លឹបហែលទឹក ៥០ មុឺនរៀល , ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន ៥០ មុឺនរៀល ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ចំនួន ១០០ ដុល្លា ៕

ក្នុងក្របខណ្ឌនៃការគិតគូរពីសុខមាលភាពរបស់មន្រ្តី និងសុខដុមនីយកម្ម នៃគ្រួសារក្រសួងព័ត៌មាន ឯកឧត្តម រដ្ឋមន្រ្តី នេត្រភក្ត្រា បានជម្រុញលើកទឹកចិត្តអោយលេងកីឡា បន្ទាប់ពីហត់នឿយបំពេញកិច្ចការងារ ។

ដោយ៖ទទក