ឯកឧត្តមបណ្ឌិត សុខ សេងយ៉ន អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ក្នុងនាមជាមន្ត្រីសាធារណៈ តើត្រូវគិតពីសុខភាពពលរដ្ឋក្នុងដែនសម្ថកិច្ច របស់ខ្លួនដូចម្តេច?” នៅសហសាល សាលាភូមិន្ទរដ្ឋបាល

       ឯកឧត្ដមបណ្ឌិត សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ក្នុងនាមជាមន្ត្រីសាធារណៈ តើត្រូវគិតពីសុខភាពពលរដ្ឋក្នុងដែនសម្ថកិច្ច របស់ខ្លួនដូចម្តេច?”នាសហសាល សាលាភូមិន្ទរដ្ឋបាល។

       ឯកឧត្ដមបណ្ឌិត សុខ សេងយ៉ន បានមានប្រសាសន៍ថា  សិក្ខាសាលានៅពេលនេះ ត្រូវបានរៀបចំឡើងផ្តោតលើគោលដៅដ៏សំខាន់ចំនួនពីរ៖

ទី១. សេចក្តីរាយការណ៍នូវអ្វីដែលបានឃើញតាមសកម្មភាពសង្គមក្នុងគម្រោងសុខភាព កន្លងមករបស់សាលាភូមិន្ទរដ្ឋបាលនៅក្នុងប្រទេសកម្ពុជា

ទី២. ការចែករំលែកទស្សនៈធ្វើឱ្យប្រសើរឡើងនូវកត្តាសុខភាព លើផ្នែកកង្វះជាតិអ៉ីយ៉ូត លើសឈាម និងជំងឺទឹកនោមផ្អែម។

ប្រធានបទទាំងពីរខាងលើនេះ មានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នាដែលជាថ្នាក់ដឹកនាំនិងមន្ត្រី រាជការក្នុងតួនាទីដឹកនាំនិងគ្រប់គ្រងអង្គភាពក្នុងវិស័យសាធារណៈ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។   ឯកឧត្ដមបណ្ឌិត បានមានប្រសាសន៍ បញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ ស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណ បានផ្តោតលើការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចនឹងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយ សមត្ថភាពខ្ពស់ ខ្លាំង ឆ្លាត និងស្អាតស្អំ។ តាមរយៈ យុទ្ធសាស្ត្របញ្ចកោណ រាជរដ្ឋាភិបាលក៏បានប្ដេជ្ញាចិត្តក្នុងការ បន្តជំរុញវឌ្ឍនភាព អភិវឌ្ឍសុខភាពកម្ពុជា និងយុទ្ធសាស្ត្រឌីជីថលសុខា ភិបាលសម្រាប់យុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០២២-២០៣០ ក្នុងគោលបំណងសម្រេចភាពធន់នៃប្រព័ន្ធសុខាភិបាល និងការគ្របដណ្តប់សុខភាពជាសកល ដែលធានាកម្ពុជាមានសុវត្ថិភាព និងសុខភាពល្អ» ដែលសំដៅលើការកាត់បន្ថយការឈឺ និងការស្លាប់ ដោយសារជំងឺ ឬ បញ្ហាសុខភាព ឬបញ្ហាទាក់ទង នឹងសុខភាពចម្បងៗ ដោយផ្តោតលើការលុបបំបាត់ និងកាត់បន្ថយបន្ទុកជំងឺ/ បញ្ហាសុខភាពចម្បងៗ មួយចំនួននៅដំណាច់ឆ្នាំ២០៣០ តាមរយៈក្របខណ្ឌយុទ្ធសាស្ត្រសម្រាប់ការធ្វើ សកម្មភាព ទាំងក្នុង និងក្រៅវិស័យសុខាភិបាល ដើម្បីដោះ ស្រាយអាទិភាពជាយុទ្ធសាស្ត្រ ៣ គឺ៖ ទី១៖ ពង្រឹងសន្តិសុខសុខភាព៖ ការពារអាយុជីវិតប្រជាពលរដ្ឋ និងលើកកម្ពស់ការប្រុងប្រយ័ត្ន ក្នុងបណ្ដាឆ្នាំខាងមុខពីជំងឺឆ្លងរាតត្បាត ដោយរួមបញ្ចូលទាំងជំងឺកូវីដ-១៩ និងការគម្រាមកំហែង សុខភាពសាធារណៈ នៅក្នុងពេលអនាគត។ ទី២៖ កែលម្អសុខភាពទូទៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៖ ការពារប្រជាពលរដ្ឋពីការធ្លាក់ខ្លួនឈឺ និងស្លាប់មុនអាយុ និងបង្កើនជាអតិបរមាលទ្ធផលសុខភាពយូរអង្វែងរបសប្រជាពលរដ្ឋ ដោយ ផ្ដោតជាចម្បងលើបញ្ហាសុខភាពជាអាទិភាព។ ទី៣៖ ទំនើបភាវូបនីយកម្មប្រព័ន្ធសុខាភិបាល៖ ពង្រឹងប្រព័ន្ធសុខាភិបាល ជាពិសេសប្រព័ន្ធសុខាភិ បាលនៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែទុកចិត្តបាន មានភាពជឿនលឿន ភាពឆ្លើយតប និងគណ នេយ្យភាពខ្ពស់ ចំពោះប្រជាពលរដ្ឋ។     តាមរយៈសិក្ខាសាលា នាពេលនេះ    ឯកឧត្ដមបណ្ឌិត សុខ សេងយ៉ន សង្ឃឹមថា ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញ ទាំងអស់ នឹងទទួលបាននូវពុទ្ធិថ្មីៗបន្ថែមទៀតតាមរយៈបទបង្ហាញដែលបានគ្រោងទុក ដើម្បីយកទៅប្រើ ឬចែករំលែកបន្ត ក្នុងគោលដៅរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខភាព សម្រាប់សង្គមកម្ពុជា។

នៅក្នុងឱកាសនេះដែរ លោកវេជ្ជបណ្ឌិត កួយអីដ ហ៊ីរូហ៊ីសៈ ទីប្រឹក្សាជាន់ខ្ពស់របស់អង្គការខេម (CAMP) និងលោកវេជ្ជបណ្ឌិត អ៊ីណូអ៊ូអេ តាកាហ៊ីរ៉ូ អគ្គលេខាធិការអង្គការខេម (CAMP) បានអញ្ជើញធ្វើបទបង្ហាញនូវអ្វីដែលបានឃើញតាមសកម្មភាពសង្គមក្នុងគម្រោងសុខភាពកន្លងមករបស់សាលាភូមិន្ទរដ្ឋបាលនៅក្នុងប្រទេសកម្ពុជា និងការចែករំលែកទស្សនៈធ្វើឱ្យប្រសើរឡើងនូវកត្តាសុខភាព លើផ្នែកកង្វះជាតិអ៉ីយ៉ូត លើសឈាម និងជំងឺទឹកនោមផ្អែម ជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ក្នុងតួនាទីដឹកនាំនិងគ្រប់គ្រងអង្គភាពក្នុងវិស័យសាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមនិងកម្មសិក្សាការីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាលផងដែរ៕