ឧត្តមសេនីយ៍ឯក ថោង សុគន្ធា ៖ប្រាប់ឱ្យអាជ្ញាធរខេត្តព្រៃវែងពង្រឹងអនុវត្តគោលការណ៍ណែនាំលេខ០០២ ដើម្បីប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន

ឧត្តមសេនីយ៍ឯក ថោង សុគន្ធា ៖ប្រាប់ឱ្យអាជ្ញាធរខេត្តព្រៃវែងពង្រឹងអនុវត្តគោលការណ៍ណែនាំលេខ០០២ ដើម្បីប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ខេត្តព្រៃវែង ៖ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងខេត្តព្រៃវែងនាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះក្រោមវត្តមានក្រុមការងារ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រៃវែង។
ថ្លែងក្នុងនាម ឯកឧត្តម សួន សុម៉ាលីន អភិបាល ប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត នាឱកាសនោះ ឯកឧត្តម ឌុច គន្ធា អភិបាលរង ប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រៃវែង បានមានប្រសាសន៍ថា ក្រោយទទួលបានបទបញ្ជានិងសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ខេត្តបានខិតខំប្រឹងប្រែងពង្រឹងយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនសំដៅសុវត្ថិភាពសហគមន៍ ដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋពីបញ្ហាគ្រឿងញៀន។
ក្នុងឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងបានសាទរនូវកិច្ចខិតខំប្រឹងប្រែងប្រើប្រាស់គ្រប់លទ្ធភាពនឹងមធ្យោបាយទាំងអស់ដែរមានចូលរួមអនុវត្តនូវបទបញ្ជានិងសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាលនិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនពិសេសសេចក្តីណែនាំលេខ០០២ ស.ណ.ន ស្តីពីគោលការណ៍ណែនាំចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅគោរពអនុវត្តនូវឆន្ទៈមុតស្រួចរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខ និងការអភិវឌ្ឍន៍ សង្គម ព្រមទាំងឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនពីកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានថ្លែងបន្តដោយស្នើសុំអាជ្ញាធរខេត្តព្រៃវែងត្រូវយកចិត្តទុកដាក់បន្តអនុវត្តគោលការណ៍ណែនាំលេខ០០២ និងបានធ្វេីកិច្ចពិភាក្សា លើកជាយោបល់ ការពន្យល់លម្អិតវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមមាន៖វិធានការផ្សព្វផ្សាយ ការព្យាបាលស្តារនីតិសម្បទានិងការធ្វេីសមាហរណកម្ម ការអនុវត្តច្បាប់ ការត្រួតពិនិត្យសារធាតុគីមីផ្សំការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសជិតខាងជាប់ព្រំដែននិងការពង្រឹងយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលក្នុងនោះបានលើកឡើងពីការពង្រឹងក្រមសីលធម៌ សមត្ថភាពជំនាញក៏ដូចជាការកសាងផែនការជាក់លាក់សម្រាប់ជាមូលដ្ឋានបម្រើដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តនូវទិសស្លោកប្រឆាំងគ្រឿងញៀន បីកុំ និងមួយរាយការណ៍ ។