រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលអំណោយនូវ មីជាតិ ចំនួន ៣០០ កេស និងទឹកសុទ្ធវីតាល់ ចំនួន ៣០០ កេស ពីក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលអំណោយនូវ មីជាតិ ចំនួន ៣០០ កេស និងទឹកសុទ្ធវីតាល់ ចំនួន ៣០០ កេស ពីក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី 

   នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញទទួលអំណោយ មីជាតិ ៣០០ កេស និងទឹកសុទ្ធវីតាល់ ៣០០ កេស ពីក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ។

   លោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បានជម្រាបជូនថា អំណោយរបស់ ក្រុមហ៊ុនវ័នហ្វ្រេតធើនីធី ផ្តល់ជូនដល់ក្រសួងព័ត៌មាន នីវ មីជាតិ និង ទឹកសុទ្ធវីតាល់ ៣០០ កេស នាឱកាសនេះ គឺជាការចូលរួមក្នុងសកម្មភាពការងារមនុស្សធម៍ សម្រាប់ក្រសួងទុកចែកជូនដល់អ្នកខ្វះខាត ។

   ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ថ្លែងអំណរគុណដល់ក្រុមហ៊ុន ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី វីតាល់ ក្រោមការដឹកនាំ គ្រប់គ្រងរបស់ លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន ដែលបានឧបត្ថម្ភ មីជាតិ និងទឹកសុទ្ធវីតាល់ ដល់ក្រសួងព័ត៌មាន នាឱកាសនេះ ស្របពេលដែល ក្រសួងក្នុងអាណិត្តទី ៧ នេះ បានគិតគួរយកចិត្តទុកដាក់ដល់មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា មន្ត្រីសន្តិសុខ និងអ្នកបោសសម្អាតដែលមានជីវភាពលំបាកជិត ៣០០ នាក់។ 

   ឯកឧត្តម រដ្ឋមន្រ្តី បាានជម្រាបជូនខាងក្រុមហ៊ុន ថា ក្រសួងព័ត៌មាន បានគិតគូរខ្ពស់ចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់មន្រ្តីរាជការ ដោយទី១ ក្រសួង បានចុះអនុស្សារណៈ នៃកិច្ចសហការជាមួយ មជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក​ ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាព, ទី២ បង្កើតជាទារកដ្ឋាន សម្រាប់អោយមន្រ្តី ជាស្រ្តីមានទីកន្លែងបំបៅដោះកូន មានកន្លែងក្មេងលេង និងមានបណ្ណាល័យអានសៀវភៅថែមទៀតផងដែរ ,ទី៣ ក៏នឹងផ្តល់ជាអង្ករជារៀងរាល់ខែដល់មន្រ្តីដែលមានជីវភាពខ្វះខាត , ទី៤ គិតគូរពីគោលការណ៍ ក.៣ កើត ការ និង កប់ , ទី៥ ការរៀបចំទីតាំងអោយមានផាសុខភាព សម្រាប់មន្រ្តីរាជការបំពេញកិច្ចការងារ ។

   ឯកឧត្តម បានបញ្ជាក់ពីការគិតគូរពីសុខទុក្ខនិងជីវភាពរបស់មន្ត្រី ដោយខិតខំប្រឹងប្រែងដោះស្រាយតាមលទ្ធភាព និងបានកៀរគរការគាំទ្របន្ថែមពីវិស័យឯកជន ដើម្បីជួយសម្រាល បន្ទុករបស់មន្ត្រីដែលខ្វះខាត ៕