ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មអញ្ជើញផ្សព្វផ្សាយអំពីគោលការណ៍ឥណទានអត្រាការប្រាក់ទាបរបស់ធនាគារ ARDB និងពិនិត្យដំណើរការប្រមូលផលរបស់កសិករឃុំជ័យធំ ស្រុកខ្សាច់កណ្តាល

ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល៖ ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាកសិករ និងទីផ្សារផលិតផលកសិកម្ម របស់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកខ្សាច់កណ្តាល កៀនស្វាយ និងល្វាឯម បានអញ្ជើញចូលរួមជួបសំណេះសំណាល សួរសុខទុក្ខ និងធ្វើការផ្សព្វផ្សាយអំពីគោលការណ៍ឥណទានអត្រាការប្រាក់ទាបរបស់ធនាគារ. ARDB ជូនដល់តំណាងកសិករ ចំនួន ៣១ គ្រួសារ ស្ថិតក្នុងមូលដ្ឋានឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តមប្រតិភូបានអញ្ជើញសំណេះ សំណាលអំពីទិន្នផលស្រូវនៃការបង្កបង្កើនផល ក៏ដូច ជាការងារកសិកម្មមួយចំនួនទៀតរបស់ប្រជាកសិករនៅឃុំជ័យធំស្រុកខ្សាច់កណ្ដាល ។ កិច្ចសំណេះសំណាលបានប្រព្រឹត្តទៅដោយភាពរីករាយនិងស្និទ្ធស្នាល។

បន្ទាប់មក រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញចុះពិនិត្យការច្រូតកាត់ប្រមូលផលស្រូវរបស់កសិករក្នុងឃុំជ័យធំ  និងចុះពិនិត្យមើលការអនុវត្តគម្រោងក្រោមការគាំទ្រឥណទានពីធនាគារ. ARDB ដាំដុះបន្លៃសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដែលស្ថិតនៅក្នុងមូលដ្ឋាន ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕