ឯកឧត្តម ឈិន កេតនា អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ នៃការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៣ មុខព្រះបរមរាជវាំង

ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ព្រមទាំង ឯកឧត្តម តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី គណៈអភិបាលខណ្ឌដូនពេញ គណៈអភិបាលខណ្ឌជ្រោយចង្វារ បានអញ្ជើញចុះត្រួតពិនិត្យផ្ទាល់អំពីវឌ្ឍនភាពការងារ នៃការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៣ មុខព្រះបរមរាជវាំង ។
ឯកឧត្តម ឈិន កេតនា បានលើកឡើងពីការងារចំពោះមុខ ដែលគ្រប់អនុគណៈកម្មការ គណៈលេខាអចិន្ត្រៃយ៍ និងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ព្រមទាំងខណ្ឌគោលដៅ មានខណ្ឌដូនពេញ និងខណ្ឌជ្រោយចង្វារ ត្រូវរួមសហការគ្នាពន្លឿនការងារអោយបានទាន់ពេលវេលា មានគុណភាព សោភ័ណភាពស្រស់ស្អាត ដើម្បីឲ្យសក្ត័សមជាព្រះរាជពិធីបុណ្យជាតិដ៏មានប្រជាប្រិយភាពនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បានណែនាំដល់គ្រប់គណៈកម្មការ និងអនុគណៈកម្មការទាំងអស់ត្រូវមើលប្លង់រួម ប្លង់ទីតាំង កន្លែងប្រារព្ធពិធីនីមួយៗ និងការរៀបចំតុបតែលម្អនៅកន្លែងសំខាន់ៗក្នុងរាជធានីភ្នំពេញ ពោលគឺមុខព្រះបរមរាជវាំង ។ បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់ទៅលើការរៀបចំក្លោងទ្វារ បដា ទង់ជាតិ ដើមី្បធ្វើយ៉ាងណាត្រូវរំលេចនូវអត្តសញ្ញាណរបស់ខែ្មរ ក្នុងការទាក់ទាញអារម្មណ៍ ដល់មហាជន ភ្ញៀវទេសចរណ៍ បានយល់ដឹងអំពីប្រវត្តិសាស្ត្រនៃរាជធានីភ្នំពេញ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ លើការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ ដែលមកកម្សាន្តសប្បាយ ត្រូវសហការសម្អាតអនាម័យ បរិស្ថាន ប្រមូលសម្រាមទុកដាក់ឱ្យស្អាតជាប្រចាំ និង ត្រូវពិនិត្យមើលប្រព័ន្ឋភ្លើងបំភ្លឺសាធារណៈ និង បញ្ហាពាក់ព័ន្ធជាច្រើនទៀតសម្រាប់ដំណើរការព្រះរាជពិធីឱ្យប្រព្រឹត្តទៅដោយរលូននិងសប្បាយរីករាយ។
តមក ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ បានអញ្ជើញបន្តចុះពិនិត្យវឌ្ឍនភាពការងារ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ហើយក្នុងនោះទូកដែលនឹងត្រូវចូលរួមប្រកួត
សរុបចំនួន ៣៣៧ ទូក ព្រមទាំងប្រទីបចំនួន៣០ ក៏នឹងបណ្តែតឡើងតាមដងទន្លេសាប ពីត្បូងទៅជើង ទើបឈប់ និងចតនៅមុខព្រះបរមរាជវាំង ព្រមទាំងការរៀបចំសាឡង់ឲ្យបានត្រឹមត្រូវនិងមានរបៀបរៀបរយសម្រាប់ដំណើរការអុជកាំជ្រួចពេលល្ងាចរយៈពេល៣ថ្ងៃ ក្នុងនោះមានចំនួន៤ដង ពោលគឺនៅពាក់កណ្តាលអាធ្រាតថ្ងៃទី២ម្តងទៀត ដែលជាយប់អកអំបុកសំពះព្រះខែ ដើម្បីអបអរសាទរព្រះរាជពិធីផងដែរ។
ឯកឧត្តម ឈិន កេតនា ក៏បានណែនាំបញ្ហាមួយចំនួនដល់អនុគណៈកម្មការ ថ្នាក់ដឹកនាំ អង្គភាព អាជ្ញាធរ ដែលមានទូកចូលរួមប្រកួតក្នុងព្រះរាជពិធីត្រូវពិនិត្យមើលការផ្គូរផ្គងវាយតម្លៃឱ្យបានច្បាស់លាស់ និង យុត្តិធម៌ ទៅលើកម្លាំងចំណុះទូក ទីចេញដំណើរ ខ្សែទឹក និងទីព្រ័ត្រ ក៏ដូចជាកម្លាំងរក្សាសណ្តាប់ធ្នាប់ ដើម្បីត្រៀមចៀសវាងការកើតមានឡើងនូវបាតុភាពមិនល្អណាមួយក្នុងព្រះរាជពិធី ។
សូមជម្រាបជូនថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានគេតំណាលថា ជាពិធីបុណ្យរំលឹកដល់ការដឹងគុណ ចំពោះកងទ័ពជើងទឹករបស់កម្ពុជា ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំង នាស.វទី១២ ក្នុងរាជ ព្រះបាទ ជ័យវរ្ម័នទី៧ ក្នុងឆ្នាំ ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.សករាជ ។ ឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី ៧ បានប្រារព្ធរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដ៏មហោឡារិកនិងអធិកអធមជាទីបំផុត ហើយព្រះរាជពិធីបុណ្យនេះជាព្រះរាជពិធីបុណ្យដ៏មានប្រជាប្រិយភាពបំផុតក្នុងចំណោមពិធីបុណ្យផ្សេងៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់នៃសន្តិភាព។ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពោលគឺនៅថ្ងៃទី ២៦-២៧-និង២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ។
ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក៏បានសំណូមពរអោយគ្រប់ថ្នាក់ដឹកនាំទាំងអស់ អនុវត្តឲ្យបានហ្មត់ចត់តាមស្មារតីនៃកិច្ចខិតខំប្រឹងប្រែងឱ្យសម្រេចលទ្ធផលល្អប្រសើរបំផុត។