ឯកឧត្ដម ស៊ុង វិនទិ អញ្ជើញជាអធិបតីក្នុងកម្មវិធីចែករំលែកចំណេះដឹង ស្ដីពី« ទិដ្ឋភាពទាំងមូលនៃប្រព័ន្ធទូទាត់បាគង និងកូត KHQR សម្រាប់បច្ចុប្បន្ន និងអនាគត» ដោយធនាគាជាតិ នៃកម្ពុជា ជូនដល់មន្ត្រី និងកម្មសិក្សាការីរបស់សាលាភូមិន្ទរដ្ឋបាល

ឯកឧត្ដម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីចែករំលែកចំណេះដឹង ស្ដីពី« ទិដ្ឋភាពទាំងមូលនៃប្រព័ន្ធទូទាត់បាគង និងកូត KHQR សម្រាប់បច្ចុប្បន្ន និងអនាគត» ដោយ ធនាគាជាតិ នៃកម្ពុជា ជូនដល់មន្ត្រី និងកម្មសិក្សាការីរបស់សាលាភូមិន្ទរដ្ឋបាល នាសហសាល សាលាភូមិន្ទរដ្ឋបាល។
មានមតិស្វាគមន៍ ឯកឧត្ដម ស៊ុង វិនទិ ក្នុងនាមឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារ ណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានថ្លែងអំណរគុណជូនចំពោះលោកជំទាវ ទេសាភិបាល នៃធនាគារជាតិ ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីនេះជូនដល់សាលាភូមិន្ទរដ្ឋបាល។ លើសពីនេះ ក៏សូមថ្លែងអំណរគុណជូនចំពោះវាគ្មិកិត្តិយស ៣រូបដែលសុទ្ធតែជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់របស់ធនាគារជាតិ នៃកម្ពុជា រួមមាន៖ លោកស្រី ហេង កិរិយា, លោកស្រី រឿន និមិល និងលោក ទា សុខូម៉ូលីយ៉ុទ្ធ ចំពោះការចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមចែករំលែកអំពីការប្រើប្រាស់ប្រព័ន្ធបាគងជូនមន្ត្រីនិងកម្មសិក្សាការីរបស់សាលាភូមិន្ទរដ្ឋបាល។ ឯកឧត្ដម នាយករងសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍បញ្ជាក់ថា ឈរលើអភិក្រមការងារដើម្បី៖ វិន័យ គុណភាព គុណធម៌ និងនវានុវត្តន៍ សាលាភូមិន្ទរដ្ឋបាល ដែលជាស្ថាប័នជ្រើសរើស-បណ្តុះបណ្តាលអនាគតមន្ត្រីរាជការ និងវិក្រឹតការមន្ត្រីរាជការមកពីក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៃព្រះរាជាណាចក្រកម្ពុជា តែងខិតខំអភិវឌ្ឍខ្លួនជាលំដាប់ ដោយភាពសកម្ម បុរេសកម្ម និងភាពជាម្ចាស់ ចំពោះការងារ ប្រកបដោយវិជ្ជាជីវៈខ្ពស់ ។ សាលាភូមិន្ទរដ្ឋបាល ប្រកាន់ខ្ជាប់ នូវគោលការណ៍ បណ្តុះបណ្តាលប្រកបដោយ គុណភាព និង តម្លៃ នៃគុណាធិបតេយ្យ ដោយបានផ្តល់ការយកចិត្តទុកដាក់កម្រិតខ្ពស់ ចាប់ពីដំណាក់កាលនៃការជ្រើសរើសសិស្សមន្ត្រី និងកម្មសិក្សាការីរហូតដល់ពេលបញ្ចប់ ការសិក្សា។ ក្នុងនាមជាប្រតិបត្តិករផ្នែកអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល សាលាភូមិន្ទរដ្ឋបាលបាននិងកំពុងបំពេញមុខងារជាចម្បងលើការរៀបចំវគ្គបណ្តុះបណ្តាលដំបូង វគ្គបណ្តុះបណ្តាលបន្ត និងវគ្គបណ្តុះ បណ្តាលតាមតម្រូវការជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈទាំង ជាតិ និង អន្តរជាតិ និងជាមួយដៃគូអភិវឌ្ឍន៍នានាផងដែរ។ នៅក្នុងឱកាសនេះ ឯកឧត្ដម ស៊ុង វិនទិ បានមានប្រសាសន៍បញ្ជាក់បន្តថា ផ្អែកលើផែនការយុទ្ធសាស្ត្រ៥ឆ្នាំ(២០២១-២០២៥) សាលាភូមិន្ទរដ្ឋបាល មាន បេសកកម្មសំខាន់ៗចំនួន៤រួមមាន៖ ជ្រើសរើស បណ្តុះ បណ្តាលសិស្សមន្ត្រី វិក្រឹតការមន្ត្រីរាជការ ស្រាវជ្រាវ-ចែករំលែកក្នុងរដ្ឋបាលសាធារណៈ និងការអនុវត្តនិងផ្សព្វផ្សាយសកម្មភាពសង្គម ។ ជាមួយបេសសកម្មសំខាន់ៗខាងលើ សាលាភូមិន្ទរដ្ឋបាលបានពង្រីកកិច្ចសហការ ជាមួយបណ្តាដៃគូ អភិវឌ្ឍ និងគ្រឹះស្ថានសិក្សាអន្តរជាតិ រួមមាន សាលារដ្ឋបាល នៃប្រទេសសឹង្ហបុរី, វិទ្យាស្ថានជាតិអភិវឌ្ឍន៍ ធនធានមនុស្សនៃប្រទេសកូរ៉េ, វិទ្យា ស្ថានស្រាវ ជ្រាវកូរ៉េ នៃសាកលវិទ្យាល័យញូវសៅវ៉ែលប្រទេសអូស្ត្រាលី, កម្មវិធីអភិវឌ្ឍអន្តរជាតិផ្នែកអប់រំប្រចាំកម្ពុជា របស់អូស្ត្រាលី, វិទ្យាស្ថានជាតិសិក្សាគោលនយោ បាយ នៃប្រទេសជប៉ុន, អតីតសាលាជាតិ រដ្ឋបាលប្រទេសបារាំង (បច្ចុប្បន្ន វិទ្យាស្ថានជាតិសេវាសាធារណៈ), វិទ្យាស្ថានរដ្ឋបាលតំបន់ប្រចាំក្រុងលីយ៉ុង, វិទ្យាស្ថានសិក្សានយោបាយប្រចាំទីក្រុងលីយ៉ុង (ហៅថាស្យង់ប៉ូ- Sciences Po) សាកលវិទ្យាល័យ លុយមីញ៉ែលីយ៉ុង២, ទីភ្នាក់ ងារ ឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង, វិទ្យា ស្ថានជាតិ អភិវឌ្ឍន៍រដ្ឋបាលនៃ ប្រទេសថៃ, កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP), ទីភ្នាក់ងារ សហ ប្រតិបត្តិការអន្តរជាតិជប៉ុន(JICA), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA), ទីភ្នាក់ងារ សហ ប្រតិ បត្តិការអាល្លឺម៉ង់ (GIZ), ធនាគារពិភព លោក ស្ថានទូតអូស្ត្រាលី និងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាជាដើ ម។
លោកស្រី ហេង កិរិយា ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា ធនាគារជាតិ នៃកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធ បាគង ប្រៀបដូចជាឆ្អឹងខ្នង នៃប្រព័ន្ធទូទាត់ ដែលអាចឱ្យអតិថិជន ធ្វើប្រតិបត្តិការភ្លាមៗ ជាអេឡិចត្រូនិក ដូចជា ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ កាន់តែមានភាពងាយ ស្រួល ឆាប់រហ័ស កាត់បន្ថយចំណាយ ថ្លៃប្រតិបត្តិការ និង មានសុវត្ថិភាពខ្ពស់ ។ការដាក់ឱ្យដំណើរការ ប្រព័ន្ធបាគង គឺជា ជោគជ័យថ្មីមួយទៀត ដែលធនាគារជាតិនៃកម្ពុជា សម្រេច បាន ក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដែលឆ្លើយតបទៅនឹង ការរីកចម្រើន ផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា ហិរញ្ញវត្ថុ នា ពេលបច្ចុប្បន្ន ព្រមទាំង រួមចំណែក ក្នុងការជំរុញសេដ្ឋកិច្ច ឆ្ពោះទៅ រកសេដ្ឋកិច្ចឌីជីថល ស្របតាមបដិវត្តន៍ឧស្សាហកម្ម ទី៤ និងបរិបទសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ ។ ទន្ទឹមនោះ ប្រព័ន្ធ បាគង នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រតិបត្តិការឆ្លងគ្រឹះស្ថាន (Interoperability) និងជំរុញបរិយាប័ន្ន ហិរញ្ញវត្ថុ ក៏ដូចជា ផ្តល់លទ្ធភាព សម្រាប់ប្រទេសកម្ពុជា ក្នុង ការភ្ជាប់ប្រព័ន្ធទូទាត់ ជាមួយប្រទេសក្នុងតំបន់ ដើម្បីសម្រួលការផ្ទេរប្រាក់ និងការទូទាត់ពាណិជ្ជកម្មឆ្លងប្រទេស ។
នៅក្នុងឱកាសនេះ លោកស្រី រឿន និមិល និងលោក ទា សុខូម៉ូលីយ៉ុទ្ធ មន្ត្រីបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានធ្វើបទបង្ហាញអំពីទិដ្ឋភាពទាំងមូលនៃប្រព័ន្ធទូទាត់បាគង និងកូដ KHQR ជូនមន្ត្រីនិងកម្មសិក្សាការីរបស់សាលាភូមិន្ទរដ្ឋបាលផងដែរ៕