ក្រសួងព័ត៌មាន និងអង្គការសុខាភាពពិភពលោកប្រចាំកម្ពុជា រៀបចំបើកសិក្ខាសាលា ស្តីពីការលើកកំពស់ការយល់ដឹងពីរបបអាហារមានសុខភាពល្អ និងការកាត់បន្ថយជាតិអំបិលតាមរយៈប្រព័ន្ធផ្សព្វផ្សាយ

សិក្ខាសាលាស្តីពីការលើកកំពស់ការយល់ដឹងពីរបបអាហារមានសុខភាពល្អ និងការកាត់បន្ថយជាតិអំបិលតាមរយៈប្រព័ន្ធផ្សព្វផ្សាយ រៀបចំឡើងដោយក្រសួងព័ត៌មាន និងអង្គការសុខាភាពពិភពលោកប្រចាំកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ វិច្ឆិកា ២០២៣ នាសណ្ឋាគារ ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឈាន លាង រដ្ឋលេខាធិការ ជាតំណាង ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ។
ឯកឧត្ដម ប៉ាងណាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ធ្វើរបាយការណ៍ជម្រាបជូនថា ការរៀបចំសិក្ខាសាលានេះឡើងដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីរបបអាហារមានសុខភាពល្អ និងការកាត់បន្ថយជាតិអំបិលក្នុងអាហារជូនដល់ ពិធីករ ពិធីការិនី អ្នកយកព័ត៌មាន អ្នកផលិតកម្មវិធីវិទ្យុ និងទូរទស្សន៍ ទាំងរដ្ឋនិងឯកជនទូទាំងប្រទេស និងចូលរួមចំណែកលើកកម្ពស់ការយល់ដឹងដល់អ្នកសារព័ត៌មាន និង ផ្សព្វផ្សាយបន្តជូនដល់ប្រជាពលរដ្ឋកម្ពុជាបានត្រឹមត្រូវ។
សិក្ខាសាលានេះ ក៏មានគោលបំណងធ្វើការលើកកម្ពស់ការយល់ដឹងដល់ ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយដែលពាក់ព័ន្ធ រួមទាំងពិធីករ ទូរទស្សន៍ និងវិទ្យុ អ្នកផលិតកម្មវិធី និងអ្នកសារព័ត៌មាន អំពីរបបអាហារដែលទាក់ទងនឹងជំងឺមិនឆ្លង។
ជាមួយនេះក៏ដើម្បីរៀបចំផែនការប្រតិបត្តិការប្រចាំឆ្នាំតាមរយៈប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការលើកកម្ពស់របប អាហារដែលមានសុខភាពល្អ និងការកាត់បន្ថយជាតិអំបិលក្នុងអាហារ ។
បន្ទាប់ពី លោកស្រី វេជ្ជបណ្ឌិតNargiza khodJaeva ប្រធានផ្នែកជម្ងឺមិនឆ្លងនិងសុខភាពរបស់អង្គភាពសុខភាពភិភពលោកប្រចាំប្រទេសកម្ពុជា ឡើងធ្វើបទបង្ហាញស្តីពីការការពារតមចំណីអាហារពាក់ពន្ធ័ជំងឺមិនឆ្លង តាមរយៈអាហារមានសុខភាពល្អ និងកាត់បន្ថយជាតិអំបិល រួចមក
ឯកឧត្តម ឈាង លាង មានប្រសាសន៏លើកឡើងថា យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ជំងឺមិនឆ្លងបានសម្លាប់ប្រជាជនកម្ពុជា ជាច្រើននាក់ជារៀងរាល់ឆ្នាំ ។ ប្រជាជនកម្ពុជាម្នាក់ក្នុងចំណោមបួននាក់ បានស្លាប់មុនអាយុ ៧០ឆ្នាំ ។ ក្នុងចំណោមអ្នកកើតជំងឺមិនឆ្លងដែលបានស្លាប់ ក្នុងនោះមានអ្នកកើតជំងឺសរសៃឈាមបេះដូង ជំងឺមហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺទឹកនោមផ្អែមជាដើម ។
ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ ក្រសួងព័ត៌មាន បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ សកម្មភាពពហុវិស័យជាតិសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងឆ្នាំ២០១៨-២០២៧ និងផែនការ សកម្មភាពជាតិ សម្រាប់ការកាត់បន្ថយអំបិលឆ្នាំ២០២១-២០២៧ ក្នុងន័យនេះ ការលើកកម្ពស់របបអាហារដែលមានសុខភាពល្អ និងកាត់បន្ថយការទទួលទានអំបិលរបស់ប្រជាពលរដ្ឋ ត្រូវបានផ្ដល់អាទិភាព នៅក្នុងថ្នាក់ជាតិ ។ ក្រសួងព័ត៌មាន មានភារកិច្ចលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីរបបអាហារ ដែលមានសុខភាពល្អ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ធ្វើយុទ្ធនាការផ្សព្វផ្សាយជូនដំណឹងដល់អ្នកប្រើប្រាស់និង អ្នកផលិតអំពីការកាត់បន្ថយអំបិល និងលើកកម្ពស់ការយល់ដឹងអំពីហានិភ័យសុខភាព តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ក្នុងប្រទេសកម្ពុជា ។
ឯកឧត្តម រដ្ឋលេខាធិការ ជឿជាក់ថា សិក្ខាកាមទាំងអស់នឹងពិតជាប្រឹងប្រែងដើម្បីប្រែក្លាយចំណេះដឹង ពីសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ឲ្យទៅជាការផលិតកម្មវិធី ឬ ព័ត៌មានផ្សាយផ្សាយប្រកបដោយគុណភាព តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ជូនដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ និងកាត់បន្ថយជំងឺមិនឆ្លង ដែលកំពុងយាយី ។
ក្នុងនាមក្រសួងព័ត៌មាន ឯកឧត្តម ឈាង លាង សូមថ្លែងអំណរគុណចំពោះ អង្គការសុខភាពពិភពលោក WHO ប្រចាំកម្ពុជា ដែលបានសហការល្អជាមួយក្រសួងព័ត៌មានក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់ការ យល់ដឹងពីបញ្ហាសុខភាព ដែលជាចំណេះដឹងដ៏មានសារៈសំខាន់ សម្រាប់កិច្ចការផ្សព្វផ្សាយជូនដល់ ពិធីករ ពិធីការិនី អ្នកយកព័ត៌មាន អ្នកផលិតកម្មវិធីវិទ្យុ និងទូរទស្សន៍ ទាំងរដ្ឋនិងឯកជន ៕