ទិដ្ឋភាពទូទៅនៃការពិនិត្យផ្ទៀងផ្ទាត់បេក្ខជន និងឆែករក​សំណៅឯកសារ ស​ម្ភារៈហាមឃាត់ មុនចូលបន្ទប់ប្រឡង នៅមណ្ឌលប្រឡងនៃវិទ្យាល័យឥន្ទ្រទេវី រាជធានីភ្នំពេញ

ក្រសួងអប់រំយុវជននិងកីឡាបានកំណត់យកថ្ងៃទី ៦-៧ ខែវិច្ឆិកាឆ្នាំ ២០២៣ ជាកាលបរិច្ឆេទនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរឺបាក់ឌុបសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣នៅទូទាំងប្រទេស។នាព្រឹកថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣នេះ នៅមណ្ឌលប្រឡងនៃវិទ្យាល័យឥន្ទ្រទេវី រាជធានីភ្នំពេញ  បេក្ខជនទាំងអស់ ត្រូវបានត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងឆែករក សំណៅឯកសារ យ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់អនុរក្ស ក្រោមការត្រួតពិនិត្យដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ មុន​ចូលក្នុងបន្ទប់ប្រឡងនីមួយៗ។ក្នុងនោះអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចក៏បានចូលរួមសម្រួលចរាចរណ៍និងសន្តិសុខសុវត្ថិភាពរបៀបរៀបរយនៅជុំវិញបរិវេណមណ្ឌលប្រឡងវិទ្យាល័យឥន្ទ្រទេវីដើម្បីធានាដល់ដំណើរការក្នុងការប្រឡងឲ្យប្រព្រឹត្តទៅដោយរលូន។ដោយឡែកចំពោះការបើកវិញ្ញាសារសម្រាប់ការប្រឡងនេះ ក៏បានធ្វើឡើងក្រោមវត្តមានតំណាងក្រសួងអប់រំយុវជននិងកីឡាផងដែរ។

ផ្អែកតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវ សំណៅឯកសារនានា ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិត វិន័យ បេក្ខជន នឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

គួរបញ្ជាក់ថា ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ យុវជន និងកីឡា បានពង្រឹងកិច្ចសហការ យ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដែលមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាព ប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គីសនីកម្ពុជា។

ចំពោះដំណើរការសំណេរនាព្រឹកនេះ មាន២មុខវិជ្ជា គឺប្រវត្តិវិទ្យា និងជីវវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ  និង ផែនដី បរិស្ថានវិទ្យា និងប្រវត្តិវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៕

សូមជម្រាបថា ៖ ដំណើរការសំណេរ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និង ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដំណើរការ ស្រង់បូកពិន្ទុដោយកុំព្យូទ័រ និង ផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន១៣៧,៤១២នាក់ (ស្រី៧៣,២៧៨នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១,៣៧៩នាក់ (ស្រី២៤,៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦,០៣៣នាក់ (ស្រី៤៨,៤៨៩ នាក់)។ មណ្ឌលសំណេរមាន២២៧មណ្ឌល ត្រូវជា៥,៥៤៣បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន៧២មណ្ឌល ត្រូវជា១,៦៨២បន្ទប់ និង ថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១៥៥មណ្ឌល ត្រូវជា៣,៨៦១បន្ទប់។ បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។
សូមបញ្ជាក់ថា៖ក្រសួងអប់រំយុវជន និង កីឡា កំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗនៅ ទូទាំងប្រទេស។