ឯកឧត្តម ឈិន កេតនា ចុះពិនិត្យផែនកងកម្លាំង និងការហ្វឹកហាត់សមរួមគ្នា ត្រៀមចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣

ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត បានអញ្ជើញត្រួតពិនិត្យផែនកងកម្លាំងសរុប ក្នុងនោះកងកម្លាំងទាំង៣ប្រភេទបានធ្វើការហ្វឹកហាត់សមរួមគ្នា និងចាត់តាំងរៀបចំមីទ្ទីងមហាជន នៅមុខព្រះបរមរាជវាំង ដើម្បីត្រៀមចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ឯកឧត្តម ឈិន កេតនា បានពិនិត្យមើល កងកម្លាំងទាំង៣ប្រភេទ មន្ត្រីរាជការ និងមហាជន ដោយបានធ្វើការហាត់សមរួមគ្នា ដើម្បីឲ្យមានការឯកភាពគ្នាលើការបញ្ជាដឹកនាំកម្លាំង សំដៅចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងឱកាសនោះ ឯកឧត្តម ឈិន កេតនា បានមានប្រសាសន៍ជូនដល់កងកម្លាំង មន្ត្រីរាជការ និងមហាជន ទាំងអស់ ព្រមទាំងបានណែនាំឲ្យបណ្ដាផែននីមួយៗគោរពវិន័យឲ្យបានខ្ជាប់ខ្ជួនក្នុងពេលកំពុងហ្វឹកហាត់ ក៏ដូចជាក្នុងពេលចូលរួមកម្មវិធីឱ្យប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរនិងជោគជ័យបំផុត។

សូមរម្លឹកថា ថ្ងៃ៩ វិច្ឆិកា គឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៧០ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។

ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា ៕

សូមបញ្ជាក់ជូនថា ខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ មានចាត់តាំងរៀបចំព្រះរាជពិធី ប្រទានភ្លើងជ័យ ព្រះរាជពិធីពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ និងមីទ្ទីងមហាជន នៅមុខព្រះបរមរាជវាំង ក្រោម ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
បន្ថែមពីលើការប្រារព្ធពិធីអបអរសាទរនៅថ្ងៃទី០៩ ខែវិច្ឆិកានេះ នៅមួយថ្ងៃមុននៃការប្រារព្ធពិធីនេះ ពោលនៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ក៏មានការរៀបចំឱ្យមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មកពីតាមបណ្តាក្រសួងស្ថាប័ននានា
ចូលដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ដោយឡែកពិធីថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅសួនព្រះករុណា “ព្រះបរមរតនកោដ្ឋ” មុខព្រះបរមរាជវាំង ផងដែរ។