ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ដង្ហែអង្គកឋិនទាន វេរប្រគេនព្រះសង្ឃ គង់នៅ វត្តគោកកញ្ចាប ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ

នៅក្នុងឱកាសដែលពុទ្ធិបរិស័ទនៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានរួមសាមគ្គីគ្នាជាឯកច្ឆ័ន្ទកសាងឡើងនៅអង្គកឋិនទានទៅតាមកម្លាំងសទ្ធាដើម្បីវេរប្រគេនព្រះសង្ឃ បន្ទាប់ពីបានគង់ចាំព្រះវស្សា អស់កាលត្រីមាសនៅគ្រប់ទីអារាម ក្នុងរយៈពេល៣ខែ។

ដោយឡែក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់   ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន តំណាងឲឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងបទល្មើសគ្រឿងញ្ញៀន បានផ្ដួចផ្ដើមកសាងឡើងនូវអង្គកឋិនទានដ៏ធំមួយ ប្រកបដោយសទ្ធាដ៏ប្រសើរជ្រះថ្លាក្រៃលែង ចំពោះព្រះពុទ្ធសាសនា ដើម្បីវេរប្រគេនព្រះសង្ឃវត្តគោកកញ្ចាប ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានរំលឹកថា ក្រោមការដឹកនាំដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេជោ រហូតមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាអាណត្តិទី៧នេះ បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យសាសនា ក្នុងនោះ ប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្តប្រកបមុខរបរចិញ្ចឹមជីវិតដោយសេរី មានការសាមគ្គីគ្នាជាធ្លុងមួយឯកភាពជាតិ ខ្មែរជួយខ្មែរយ៉ាងសុខដុមរមនាផ្ដល់តែភាពញញឹមមានសុភមង្គលគ្រប់ក្រុមគ្រួសារក្រោមម្លប់សន្តិភាពសម្ដេចតេជោសែន ។

សូមបញ្ជាក់ថាបច្ច័យបានពីការដង្ហែអង្គកឋិនទាននៅ វត្តគោកកញ្ចាប ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ មានចំនួនសរុបប្រមាណ៥១លានរៀល បច្ច័យដែលប្រមូលបានពីរពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ ដែលក្នុងនោះបច្ច័យដែលឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់   ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំនួន ២៥លានរៀល ដោយទ្បែកឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន បានចូលរួមបច្ច័យបន្ថែមសម្រាប់ការកសាងរោងបាយ ចំនួន ៤លានរៀលផងដែរ។

កឋិនទានបវេណីព្រះពុទ្ធសាសនា គឺជាឧត្ដមបុណ្យរបស់ពុទ្ធបរិស័ទ។ ពាក្យថា “កឋិន“ ជាភាសា បាលីសំដៅយកក្របក្ដារ ដែលភិក្ខុសង្ឃសម័យបុរាណឥណ្ឌាប្រើសម្រាប់ដេរសំពត់ធ្វើជាស្បង់ចីវរ។ សំពត់ដែលបានរៀបចំតាក់តែងឡើងនោះមានឈ្មោះថា “សំពត់កឋិន“ ។
បុណ្យកឋិន ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយត្រូវបានខកខានឡើយ។ ដូច្នេះគេតែងតែឃើញក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗខ្លួនចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយមិនមានកឋិនហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ៕