ដំណើរទស្សនៈកិច្ចការិយាល័យអាកាសចរណ៍កម្ពុជា ប្រចាំទីក្រុងចេងចូវ នៃដំណើរអភិវឌ្ឍន៍ផ្លូវសូត្រអាកាសថ្មី « កម្ពុជា-ចេងចូវ-អាស៊ាន »

នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មុនពេលត្រឡប់ទៅប្រទេសកម្ពុជាវិញ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាទស្សនៈកិច្ចការិយាល័យអាកាសចរណ៍កម្ពុជាប្រចាំទីក្រុងចេងចូវ នៃដំណើរអភិវឌ្ឍន៍ផ្លូវសូត្រអាកាសថ្មី « កម្ពុជា-ចេងចូវ-អាស៊ាន »។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានអញ្ញើញទៅការិយាល័យអាកាសចរណ៍កម្ពុជាប្រចាំទីក្រុងចេងចូវ ដើម្បីទស្សនៈកិច្ចដំណើរអភិវឌ្ឍន៍ផ្លូវសូត្រអាកាសថ្មី « កម្ពុជា-ចេងចូវ-អាស៊ាន » ដែលត្រូវបានប្រកាសអភិវឌ្ឍន៍ក្រោមការបណ្តាក់ទុនចិន ក្នុងក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air។ ក្រុមហ៊ុនអាកាសចរណ៍ ក៏បានបញ្ជាក់បន្ថែមនូវគម្រោងបើកខ្សែផ្លូវអាកាសថ្មីបន្ថែមទៀត នៅពេលខាងមុខនេះ ដែលអាចហោះទៅប្រទេសជប៉ុន និងឥណ្ឌា។ ផ្លូវសូត្រអាកាសថ្មី « កម្ពុជា-ចេងចូវ-អាស៊ាន » ជាផ្នែកមួយនៃការប្តេជ្ញាកម្ពុជា-ចិន ជួយគាំទ្រ ពង្រឹងសេដ្ឋកិច្ច និងប្រឹងប្រែងបង្កើតប្រយោជន៍ឱ្យកាន់តែច្រើន ដល់មិត្តភាពប្រទេសទាំងពីរ។

កម្ពុជាបានស្រូបយកឱកាសថ្មីៗជាច្រើនពីចិន ដែលបានបង្កើនឱកាសការងារដល់ប្រជាជនកម្ពុជា លើកកម្ពស់វិស័យទេសចរណ៍ក្នុងប្រទេស ពង្រីកការផ្សព្វផ្សាយវប្បធម៌កម្ពុជាទៅពិភពលោក និងពង្រីកការដឹកជញ្ជូនផលិតផលចេញ-ចូល បណ្តាប្រទេសអាស៊ានកាន់តែមានភាពងាយស្រួល និងបានពង្រឹងសេដ្ឋកិច្ចឱ្យល្អប្រសើរ។

កម្ពុជាបានត្រៀមខ្លួន ទទួលយកការអភិវឌ្ឍន៍ ផលប្រយោជន៍ ឱកាសថ្មីៗបន្ថែមដល់ប្រទេសជាតិកម្ពុជានាពេលខាងមុខ ពីការដំណើរការផ្លូវសូត្រអាកាស « កម្ពុជា-ចេងចូវ-អាស៊ាន » និងខិតខំប្រឹងប្រែងបន្តសហការគ្នា លើវិស័យផ្សេងៗបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍សង្គមក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់៕