ឯកឧត្តម ឯម ច័ន្ទមករា៖ ការបង្កើនឱកាសការងារសម្រាប់ជនមានពិការភាព គឺជាគោលបំណងដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា

តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ថ្លែងថា ការបង្កើនឱកាសការងារសម្រាប់ជនមានពិការភាព គឺជាគោលបំណង ដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វនិងឈ្លាសវៃរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជាសេនាធិការ។

ឯកឧត្តម ឯម ច័ន្ទមករា លើកឡើងដូចនេះក្នុងឱកាសអញ្ជើញក្នុងពិធីបើកវេទិកាជាតិស្តីពី “ការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាពឆ្នាំ២០២៣ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា ថ្លែងថា ក្នុងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ បានកំណត់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់លើវិស័យពិការភាពដែលជាអាទិភាពមួយ ក្នុងចំណោមអាទិភាពធំៗដទៃទៀតដោយបានកំណត់អំពីការពង្រឹងការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ការជំរុញកិច្ចការពារលើកកម្ពស់សិទ្ធិនិងសុខុមាលភាពជនមានពិការភាព ស្របតាមអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងឱ្យដឹងថា ការរៀបចំវេទិកានេះ ពិតជាមានសារៈសំខាន់ក្នុងការធ្វើវិនិយោគលើជនមានពិការភាព សំដៅជំរុញនូវទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍មួយ ដែលបានផ្តល់កន្លែងទីផ្សារការងារសម្រាប់ជនមានពិការភាពដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងស្មើសិទ្ធិដើម្បីទទួលបានការងារ ធ្វើនៅតាមស្ថាប័នរដ្ឋ និងឯកជន។ តំណាងរដ្ឋមន្រ្តីសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា ចាត់ទុកថា វេទិកានេះគឺជាឱកាសដ៏ល្អមួយក្នុងការជួបជុំគ្នាដើម្បីពិភាក្សាអំពីរបៀបដែលយើងអាចមានភាពច្នៃប្រឌិតបានដើម្បីរួមសហការគ្នាឈានទៅសម្រេចឱ្យខាងតែបាននូវលទ្ធផលល្អបំផុតសម្រាប់ ទីផ្សារការងារជូនជនមានពិការភាពគ្រប់ប្រភេទ។ ឯកឧត្តមថ្លែងថា៖ «ការធ្វើបរិយាប័ន្នការងារសម្រាប់ជនមានពិការភាពមានន័យថា “យើងត្រូវតែធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធានាថាជីវិតរបស់ជនមានពិការភាពគឺមានឱកាសជោគជ័យដូចគ្នានឹងជីវិតជនមិនមានពិការភាព”»។

គួរឱ្យដឹងដែរថា ក្នុងឆ្នាំ២០២២ កន្លងទៅនេះ មន្ត្រីរាជការមានពិការភាពសរុបចំនួន ៣ ៧៤៨នាក់ ក្នុងនោះមន្ត្រីរាជការជាស្រ្តីពិការចំនួនមាន ៨៦២នាក់ គិតជាភាគរយស្មើ ២,០១% កំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋចំនួន៣៧។

ដោយឡែក ស្ថិតិក្នុងវិស័យឯកជន រួមមាន៖ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រដែលបានប្រកាសចុះបញ្ជិកា និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនមានពិការនៅទូទាំងប្រទេសមាន ចំនួន ២៩១ស្ថាប័ន មានជនមានពិការភាពដែលកំពុងបម្រើការងារ សរុមចំនួន ៥ ៨៣៩នាក់ ក្នុងនោះស្រ្តីមានពិការភាព ៣ ៨៣៦នាក់៕