ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ទទួលជួបពិភាក្សាការងារជាមួយប្រតិភូធនាគារ Korea Eximbank

នាព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបពិភាក្សាការងារលើវិស័យធនធានទឹក និងឧតុនិយម ជាមួយប្រតិភូធនាគារ Korea Eximbank ដឹកនាំដោយលោកស្រី Minnie Chey នាយិកាប្រតិបត្តិប្រចាំប្រទេសកម្ពុជា។

នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូធនាគារ Korea Eximbank លោកស្រី Minnie Chey នាយិកាប្រតិបត្តិប្រចាំប្រទេសកម្ពុជា និងសហការី ដែលបានឆ្លៀតពេលដ៏មានតម្លៃ ដើម្បីជួបពិភាក្សាអំពីការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ក្រោមកម្ចីហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ក៏ដូចជាជួបសម្តែងការគួរសមជាមួយឯកឧត្តមក្នុងតួនាទីថ្មីជារដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។

ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានទទួលស្គាល់នូវភាពជាដៃគូដ៏សំខាន់រវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារ Korea Eximbank ក្នុងការកសាង និងការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះធនាគារ Korea Eximbank ដែលបានជួយដល់ប្រទេសកម្ពុជា ពិសេសបានគាំទ្រយ៉ាងពេញទំហឹងដល់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីជំរុញឱ្យវិស័យអាទិភាពមួយនេះកាន់តែមានការរីកចម្រើន។

សូមជម្រាបថា បច្ចុប្បន្ននេះ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តគម្រោងក្រោមកម្ចីហិរញ្ញប្បទានពីធនាគារ Korea Eximbank ចំនួនបីគឺ៖ ទី១)គម្រោងពហុបំណងទំនប់ដូនទ្រី ស្ទឹងមោងឫស្សី ខេត្តបាត់ដំបង កំពុងដំណើរការសាងសង់សម្រេចបានប្រមាណ ៧០% ដែលរយៈពេលអនុវត្តគម្រោងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥។ ទី២)គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ កំពុងដំណើរការសាងសង់សម្រេចបានប្រមាណ១៤,៦% ដែលរយៈពេលអនុវត្តគម្រោងពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥។ ទី៣) គម្រោងកាត់បន្ថយទឹកជំនន់និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្របវេលក្នុងខេត្តបាត់ដំបង។

ក្នុងជំនួបពិភាក្សានេះ លោកស្រីនាយិកា បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យលោកស្រី និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីបន្តរួមចំណែកជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសឱ្យមានសន្ទុះឈានឡើងប្រកបដោយចីរភាព។
លោកស្រីនាយិកាបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ក្រសួងធនធានទឹក និងឧតុនិយម និងបានគូសបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់ការអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជា។

ជំនួបពិភាក្សាការងារបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងប្រកបដោយភាពស្និទ្ធស្នាល៕