រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដាក់ចេញទិសដៅ ពង្រឹងប្រសិទ្ធិភាព ការងាររបស់មន្ទីរព័ត៌មានខេត្តកំពង់ធំ ដើម្បីអោយដើរតួនាទីសំខាន់ជាសេនាធិការរបស់គណៈបញ្ជាការឯកភាពខេត្ត លើកិច្ចការងារព័ត៌មាន

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដាក់ចេញទិសដៅពង្រឹងប្រសិទ្ធិភាពការងាររបស់មន្ទីរព័ត៌មានខេត្តកំពង់ធំ ដើម្បីអោយដើរតួនាទីសំខាន់ជាសេនាធិការរបស់គណៈបញ្ជាការឯកភាពខេត្ត លើកិច្ចការងារព័ត៌មាន។

នេះជាផែនការការងារដែលត្រូវបានដាក់ចេញក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹង ការងារមន្ទីរព័ត៌មានខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ធំ ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានជម្រុញដល់មន្ទីរព័ត៌មាន ត្រូវគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្តអោយបានជាប់ល្អ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយអោយបានទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ។
ជាមួយនេះត្រូវបន្តពង្រឹងសាមគ្គីភាពបំពេញកិច្ចការងារក្នុងក្របខណ្ឌមន្ទីរព័ត៌មាន ដោយផ្តោតសំខាន់លើការងារបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្តដល់មន្រ្តី ដើម្បីត្រៀមរៀបចំអ្នកបន្តវេនជំនួសមន្រ្តីដែលចូលនិវត្តន៍ ។
ជាមួយគ្នានេះ ធ្វើយ៉ាងណាធានាអោយបាននូវលំហូរព័ត៌មាន ពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ តាមរយៈប្រពន្ធ័ផ្សព្វផ្សាយដែលមាននៅក្នុងខេត្តកំពង់ធំ ៕