ឯកឧត្តម ឯម ច័ន្ទមករា អញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីសិទ្ធិទទួលបានយុត្តិធម៌ សម្រាប់ជនមានពិការ ភាពក្នុងប្រព័ន្ធយុត្តិធម៌ នៅសណ្ឋាគារសូហ្វីតែលភោគីត្រាភ្នំពេញ

ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាង ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ស្រី រួអេដា អេលហាច តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅព្រឹកថ្ងៃអង្គារ៍ ទី៣១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះ បណ្ដាលស្ដីពី «សិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាពក្នុងប្រព័ន្ធយុត្តិធម៌» នៅសណ្ឋាគារសូហ្វីតែលភោគីត្រាភ្នំពេញ។
លោក ស្រី រួអេដា អេលហាច តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានមានប្រសាសន៍ថា កាលពី១១ឆ្នាំមុន ប្រទេសកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ។ អនុសញ្ញានេះ មានការទទួលស្គាល់ និងអនុវត្តតាមការងារជាច្រើនទសវត្សរ៍របស់អង្គការសហប្រជាជាតិ ដើម្បីផ្លាស់ប្តូរអាកប្បកិរិយា និងវិធីសាស្រ្តចំពោះជនពិការ។ លោកស្រីបន្តថា ការទទួលបានយុត្តិធម៍គឺជាផ្នែកមួយដ៏សំខាន់ក្នុងការធានានូវភាពរីករាយនៃសិទ្ធិ ហើយអនុសញ្ញាស្តីពីសិទ្ធិជនពិការផ្តល់នូវក្របខ័ណ្ឌដ៏រឹងមាំមួយសម្រាប់រឿងនេះ។ នេះចាប់ផ្តើមជាមួយនឹងសិទ្ធិក្នុងការទទួលស្គាល់ស្មើគ្នាចំពោះមុខច្បាប់។ នេះ​ជា​សិទ្ធិ​កម្រិត​មួយ​ដែល​តម្រូវ​ឱ្យ​ជន​ពិការ​អាច​ទទួល​បាន​សិទ្ធិ​ចូលរួម​របស់​ខ្លួន​ក្នុង​នាម​ជា​ចុង​ចោទ ជនរងគ្រោះ ឬ​សាក្សី។ នៅក្នុងឱកាសនេះ លោក ស្រី រួអេដា អេលហាច សង្ឃឹមថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ នឹងសម្រេចបាននូវគោលដៅរបស់ខ្លួន ហើយខ្ញុំសូមអរគុណ និងសូមជូនពរឱ្យអ្នកទទួលបានជោគជ័យក្នុងការ សិក្សា។
ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី សិទ្ធិទទួលបាន យុត្តិធម៌សម្រាប់ជនមានពិការភាពក្នុងប្រព័ន្ធយុត្តិធម៌ ឯកឧត្តម ឯម ច័ន្ទមករា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តបានយ៉ាងពេញលេញនូវអនុសញ្ញាស្ដីពីសិទ្ធិជនពិការ ដោយកំពុងចាត់គ្រប់វិធានការណ៍ ដើម្បីប្រែក្លាយសិទ្ធិដែលមានចែងក្នុងអនុសញ្ញាឱ្យក្លាយជាការពិត ដើម្បីធានានិងលើក ស្ទួយសមិទ្ធផលពេញលេញ នូវសិទ្ធិមនុស្ស និងសេរីភាពជា សារវន្តទាំងអស់សម្រាប់ជនមានពិការភាព ដោយគ្មានការរើសអើងចំពោះជនមានពិការភាពណាមួយឡើយ រួមទាំងស្រ្តីនិងកុមារមានពិការភាព។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា បន្ទាប់ពីក្លាយទៅជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីសិទ្ធិជន ពិការកម្ពុជាបានធ្វើការងារជាបន្តបន្ទាប់ដើម្បីជំរុញដល់សិទ្ធិជនមានពិការភាពនៅកម្ពុជា។ ក្រៅពីនេះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានសហការជាមួយដៃគូអភិវឌ្ឍនានា រួមទាំងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ដើម្បីបង្កើន ការយល់ដឹងអំពីការងារពិការភាព សេវាជំនួយផ្លូវច្បាប់ដល់មន្ត្រីយុត្តិធម៌ និងជនមានពិការភាព សំដៅធានាដល់ការទទួលស្គាល់ភាពស្មើគ្នាចំពោះ មុខច្បាប់ ការទទួលបានយុត្តិធម៌ សិទិ្ធសេរីភាព និងសន្តិសុខបុគ្គល ព្រមទាំងសិទ្ធិចាកផុតពីការ ធ្វើ បាបឬការធ្វើអំពើឃោរឃៅ អមនុស្សធម៌ ឬបន្ទាប បន្ថោក ឬការដាក់ទារុណកម្មលើជនមានពិការភាពជាដើម។ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមថា យើងត្រូវរួមគ្នាផ្តល់នូវសេរីភាពដល់ជនមានពិការភាពឱ្យចាកផុតពីការកេងប្រវ័ញ្ច អំពើហឹង្សា និងការរំលោភបំពាន រួមទាំងផ្តល់កិច្ចការពារសុចរិតភាពនៃបុគ្គល សិទ្ធិសេរីភាពនៃការផ្លាស់ប្តូរទីលំនៅ សញ្ជាតិ ការរស់នៅដោយឯករាជ្យ និងការធ្វើបរិយាបន្នជនមានពិការភាពទៅក្នុងសហគមន៍ និងគ្រប់វិស័យផងដែរ។ នៅក្នុងឱកាសនេះ ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា
រាជរដ្ឋាភិបាលកម្ពុជា បានការពារនូវសិទ្ធិក្នុងការចល័តទីផ្ទាល់ ខ្លួនរបស់ជនមានពិការភាព ហើយបានផ្តល់នូវសេរីភាពនៃការ បញ្ចេញមតិយោបល់ រួមទាំងសិទ្ធិក្នុងការធ្វើជាម្ចាស់ក្នុងអចលនទ្រព្យ ឬសន្តតិកម្ម ដែលមានសិទ្ធិត្រួតពិនិត្យកិច្ចការ ហិរញ្ញវត្ថុផ្ទាល់ខ្លួន សិទ្ធិទទួលបានការចុះបញ្ជីអត្រានុគោលដ្ឋាន អត្តសញ្ញាណបណ្ណ និងបណ្ណបើកបរជាដើម។ បន្ថែមលើសពីនេះ ជនមានពិការភាពកម្ពុជាក៏មានសិទ្ធិទទួលបាន ព័ត៌មាន សិទ្ធិទទួលការគោរពសិទ្ធិជាបុគ្គល ការគោរពលំនៅដ្ឋាន និងគ្រួសារ សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលការមើលថែសុខភាព និងស្តារលទ្ធភាពពលកម្ម សិទ្ធិទទួលបានការងារនិងមុខរបរ ដើម្បីមានជីវភាពសមរម្យ រួមទាំងកិច្ចគាំពារសង្គមដែលកំពុងត្រូវបានអនុវត្ត។ ជារួមជនមានពិការភាពនៅកម្ពុជា ទទួលបានសិទ្ធិយ៉ាងពេញលេញ ដូចមានចែងក្នុងច្បាប់ និងអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងបានបញ្ចូលទាំងសិទ្ធិចូលរួមក្នុងជីវភាពនយោបាយ និងសាធារណៈដែល ធ្វើឱ្យជនមានពិការភាពរស់នៅក្នុងសង្គម មានសមភាពចំពោះមុខច្បាប់ ដូចជនដែលមិនមានពិការភាព»។
គួរឲ្យដឹងផងដែរថា ព្រះរាជាណាចក្រកម្ពុជាយើងក៏បានផ្ដល់សច្ចាប័នលើអនុសញ្ញា ស្តីពីសិទ្ធិជនពិការ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ និងចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣៕