វេទិកាជាន់ខ្ពស់ធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៣ ស្តីពី « ការពង្រឹងការកសាងសហគមន៍កម្ពុជា-ចិន ដែលមានជោគវាសនារួមគ្នានាយុគសម័យថ្មី »

នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ញើញដឹកនាំ មន្ត្រីជាន់ខ្ពស់កម្ពុជា អ្នកជំនាញកិត្យានុភាព និងអ្នកប្រាជ្ញមកពីមជ្ឈដ្ឋានសិក្សា ប្រធានស្ថាប័នពាក់ព័ន្ធផ្សេងៗ ធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមកម្មវិធីវេទិកាជាន់ខ្ពស់ធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៣ ស្តីពី « ការពង្រឹងការកសាងសហគមន៍កម្ពុជា-ចិន ដែលមានជោគវាសនារួមគ្នានាយុគសម័យថ្មី »។

កម្មវិធីវេទិកាជាន់ខ្ពស់ធនាគារខួរក្បាលកម្ពុជា-ចិន នេះ បានរៀបចំចំនួន២លើករួចមកហើយ ដោយលើកទី១ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ និងលើកទី២ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ និងបានរៀបចំដោយជោគជ័យ។ ដោយឡែក កម្មវិធីវេទិកាជាន់ខ្ពស់ធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៣នេះ ត្រូវបានរៀបចំឡើង បន្ទាប់ពីដំណើរទស្សនៈកិច្ចនៅប្រទេសចិន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីខែកញ្ញា ឆ្នាំ២០២៣។ ក្នុងដំណើរទស្សនៈកិច្ចនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេច និងបន្តពង្រឹងចំណងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀត និងជំរុញបន្ថែមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់និងអន្តរជាតិ ដែលផ្ដល់ផលប្រយោជន៍រួម។

កម្មវិធីវេទិកាជាន់ខ្ពស់ធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៣ ស្តីពី «ការពង្រឹងការកសាងសហគមន៍កម្ពុជា-ចិន ដែលមានជោគវាសនារួមគ្នានាយុគសម័យថ្មី» ត្រូវបានរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងមានសហការដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា លេខាធិការដ្ឋានធនាគារខួរក្បាលនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងវិទ្យាស្ថានជាតិយុទ្ធសាស្ត្រអន្តរជាតិនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន។ ក្នុងដំណើរកម្មវិធីនេះដែរ ត្រូវបានប្រារព្ធធ្វើឡើងក្នុងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ៕