ព្រឹត្តិការណ៍ Nightmare Carnival ផ្សាភ្ជាប់ចំណងសាមគ្គីភាព និងវប្បធម៌ ទៅនឹងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ថ្ងៃទី៣០ ខែតុលា៖ ព្រឹត្តិការណ៍ទេសចរណ៍ Nightmare Carnival ដែលត្រូវបានរៀបចំ និងធ្វើឡើងនៅលើឆ្នេរក្នុងគម្រោងអភិវឌ្ឍ Bay of Lights អស់រយៈពេលពីរសប្ដាហ៍ពេញ បានទទួលស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តប្រមាណ១ម៉ឺននាក់។ ព្រឹត្តិការណ៍នេះក៏ត្រូវបានផ្ដល់កិត្តិយសអញ្ជើញជាអធិបតីភាពដោយលោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលប្រៀបបានជាសក្ខីភាពបង្ហាញពីការចូលរួមយ៉ាងសំខាន់នៃព្រឹត្តិការណ៍នេះក្នុងការជំរុញកំណើនវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។

លោក Edward Lee អ្នកនាំពាក្យនៃគម្រោងអភិវឌ្ឍ Bay of Lights បានមានប្រសាសន៍ថា «ព្រឹត្តិការណ៍ Nightmare Carnival គឺលើសពីកម្មវិធីកម្សាន្តទូទៅ តែជាព្រឹត្តិការណ៍ទេសចរណ៍ដ៏មានឥទ្ធិពលដែលជួយស្រូបទាញភ្ញៀវទេសចររាប់ម៉ឺននាក់មកកាន់ខេត្តព្រះសីហនុ សំដៅពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ចខេត្ត ព្រមទាំងជំរុញកិត្តិសព្ទខេត្តព្រះសីហនុក្នុងនាមជាគោលដៅទេសចរណ៍ឈានមុខគេមួយរបស់កម្ពុជាឱ្យកាន់តែលេចធ្លោនៅក្នុងវិស័យទេសចរណ៍សកលផងដែរ» ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ Nightmare Carnival គឺជាព្រឹត្តិការណ៍ធំជាងគេមួយដំបូងគេបង្អស់ ដែលបានកែប្រែឆ្នេរខេត្តព្រះសីហនុទៅជាភូមិកម្សាន្តបែប Halloween ដែលផ្ដល់នូវសកម្មភាពកម្សាន្តថ្មីប្លែកជាច្រើន ការសម្ដែងសិល្បៈ ក៏ដូចជាការតាំងពិពណ៌វប្បធម៌ជាដើម ដែលបង្ហាញថា Nightmare Carnival គឺមិនត្រឹមតែជំរុញសកម្មភាពទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាវេទិកាផ្សព្វផ្សាយពីទេពកោសល្យរបស់បងប្អូនប្រជាជនខ្មែរ និងប្រពៃណីវប្បធម៌របស់កម្ពុជាយើងទៅកាន់ពិភពលោកផងដែរ។ លើសពីនេះ ការរួមបញ្ចូលគោលគំនិត និងបែបបទនៃភូមិ Halloween នេះទៀតសោត បានធ្វើឱ្យព្រឹត្តិការណ៍ Nightmare Carnival ក្លាយជាបណ្ដុំចម្រុះនៃវប្បធម៌ និងសហគមន៍ដ៏សម្បូរបែបរបស់កម្ពុជា ដែលជួយទាក់ទាញអ្នកទេសចរចម្រុះជាតិសាសន៍ ព្រមទាំងបានរំលេចនូវអត្តសញ្ញាណរបស់ខេត្តព្រះសីហនុ ដែលមិនត្រឹមតែផ្ដល់នូវឆ្នេរសមុទ្រដ៏ស្រស់ត្រកាលនោះទេ តែជាទឹកដីនៃសម្បត្តិវប្បធម៌ដ៏ផូរផង់។

លោកក៏បានបន្ថែមទៀតថា «ដូចនឹងកំពូលព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិនានាផងដែរ តួយ៉ាងដូចជា កម្មវិធី Full Moon Party របស់ប្រទេសថៃជាដើម ព្រឹត្តិការណ៍ Nightmare Carnival នេះ បានផ្ដល់នូវឥទ្ធិពលវិជ្ជមានដ៏សំខាន់ដល់វិស័យទេសចរណ៍ ដោយបានជំរុញប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ ឆ្ពោះទៅរកការក្លាយជាជម្រើសគោលដៅទេសចរណ៍មួយដ៏ពេញនិយម»។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍ Bay of Lights តែងឈានមុខគេជានិច្ចក្នុងកិច្ចអភិវឌ្ឍវិស័យទេសចរណ៍ខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជា ក្រោមការដាក់ចេញនូវគំនិតផ្តួចផ្តើមប្រកបដោយច្នៃប្រឌិត ជាក់ស្ដែងដូចជាការរៀបចំនៃព្រឹត្តិការណ៍ Nightmare Carnival នេះផ្ទាល់។ Bay of Lights មានគោលដៅកំណត់ស្ដង់ដាថ្មីមួយក្នុងការបង្ហាញពីសក្ដានុពលដ៏ទាក់ទាញរបស់ខេត្តព្រះសីហនុ និងប្រទេសកម្ពុជាទៅកាន់ពិភពលោក ដោយផ្ដោតលើការរៀបចំកម្មវិធីកម្មសិទ្ធិបញ្ញា (Intellectual Property event) ក៏ដូចជាកម្មវិធីទេសចរណ៍ដែលផ្ដល់នូវបទពិសោធដ៏សម្បូរបែបដល់ភ្ញៀវទេសចរ។ ការតម្រឹមយុទ្ធសាស្រ្តតាមរយៈព្រឹត្តិការណ៍ទេសចរណ៍ដ៏មានឥទ្ធិពលនេះ បានអនុញ្ញាតឱ្យគម្រោងអភិវឌ្ឍ Bay of Lights មិនត្រឹមតែអាចពង្រីកវិសាលភាពនៃគម្រោងវិនិយោគនោះទេ ថែមទាំងអាចបំពេញតួនាទីជាកាតាលីករជំរុញដល់ការសម្រេចចក្ខុវិស័យរបស់ប្រទេសកម្ពុជា ក្លាយជាគោលដៅដ៏សំខាន់មួយក្នុងតំបន់ឥណ្ឌូចិនផងដែរ៕