អគារដ៏ថ្មីសន្លាងនេះ ជាសមិទ្ធផលដ៏ស័ក្តិសមទៅនឹងកម្រិតនៃការអភិវឌ្ឍ ក៏ដូចជាការកើនឡើងនូវតួនាទី និងភាពសកម្មរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ ការបោសសម្អាតមីន គឺជាការសង្គ្រោះជីវិត និងការលុបបំបាត់សោកនាដកម្មនៃសង្រ្គាមស៊ីវិលនៅកម្ពុជា ការបាត់បង់សមាជិកគ្រួសារ និងពិការភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការផ្តល់ដីសុវត្ថិភាព ក្នុងការដាំដុះ ឬការប្រកបរបរផ្សេងៗ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងខ្លឹមសារគន្លឹះសំខាន់ៗក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារដ្ឋបាលថ្មី និងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន នាព្រឹកថ្ងៃចន្ទ ទី៣០ តុលា ២០២៣ រួមមាន៖

១. សកម្មភាពនៃការបោសសម្អាតមីន គឺជាការចែករំលែក “ផ្លែផ្កានៃសន្តិភាព” ។ ជាក់ស្តែង ការបោសសម្អាតមីន បានប្រែក្លាយខេត្តកំពង់ស្ពឺ ដែលពោរពេញទៅដោយអតីតសមរភូមិ មកជាខេត្តដែលមានការអភិវឌ្ឍ លែងមានរងហានិភ័យពីការរងគ្រោះស្លាប់ ឬពិការភាពដោយសារមីន ព្រមទាំងជាតំបន់កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ដែលបង្កើនចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ កម្ពុជា មានកេរដំណែលវប្បធម៌ និងសម្បតិ្តធម្មជាតិច្រើន ដែលយើងមិនមានឱកាសក្នុងការបង្ហាញ ដោយសារសង្គ្រាម ប៉ុន្តែបច្ចុប្បន្ន យើងបានផ្តល់ឱកាសជូនដល់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ បានស្គាល់ បានឃើញ និងបានទៅដល់ ដោយសារកត្តាសុខសុវត្ថិភាព ។ ផ្លែផ្កា តែមួយមុខ គឺមិនទាន់ចប់នោះទេ ដោយយើងត្រូវនិយាយផងដែរអំពីផលលាភ ដែលសំដៅដល់បរិមាណ និងគុណភាព ហើយនរណាខ្លះអាចទទួលផលពីផ្លែផ្កានេះ ។ ដូច្នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយយ៉ាងជាក់លាក់ ដោយកំណត់អំពីការចែករំលែកផលលាភនៃសន្តិភាពនេះ ប្រកបដោយសមធម៌ និងបរិយាបន្ន ជូនប្រជាពលរដ្ឋគ្រប់រូប ។

ពាក់ព័ន្ធនឹងវិធានគន្លឹះទាំង ៥ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីវិធានគន្លឹះ ៣ សម្រាប់រដ្ឋបាលរាជធានី-ខេត្ត ក្នុងការយកចិត្តទុកដាក់ ហើយអនុវត្តឱ្យបានល្អប្រសើរ៖ ទី១. ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីបម្រើប្រជាពលរដ្ឋកាន់តែល្អប្រសើរ, ទី២. ការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព, និង ទី៣. ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ដែលថ្មីៗនេះ រាជរដ្ឋាភិបាល ទើបបានបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ បង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែកៀកជិតមូលដ្ឋាន ព្រមទាំងបង្កើតបរិយាកាសនៃការដោះស្រាយនិងសម្របសម្រួលវិវាទល្អប្រសើរ ដោយឈរលើវប្បធម៌ឈ្នះ-ឈ្នះ ។

ដើម្បីពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ សម្រាប់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ យកទៅអនុវត្ត សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញអនុសាសន៍ ៥ ចំណុច៖

ទី១. ត្រូវចូលរួមពង្រឹងការជ្រើសរើសមន្រ្តីចូលបម្រើការងារឱ្យប្រកបដោយ គុណាធិបតេយ្យ, តម្លាភាព, យុត្តិធម៌, បរិយាបន្ន, និងប្រសិទ្ធភាព ។ ពោលគឺ ត្រូវធានាថា មន្រ្តីជាអ្នកបម្រើប្រជាជន មានមនសិការ, សមត្ថភាព, និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់;

ទី២. រដ្ឋបាលរាជធានី-ខេត្ត ត្រូវដាក់ចេញ និងផ្សព្វផ្សាយនូវយន្តការរាយការណ៍ ឬយន្តការទទួលពាក្យបណ្តឹង អំពីបញ្ហាណាមួយ ពីសំណាក់ប្រជាពលរដ្ឋ ហើយត្រូវឆ្លើយតបទៅបងប្អូនប្រជាពលរដ្ឋវិញ ឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយក៏ត្រូវសហការឱ្យបានជិតស្និទ្ធបំផុតជាមួយគ្រប់យន្តការរបស់រាជរដ្ឋាភិបាលទាំងអស់ ដូចជា យន្តការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលទើបបានបង្កើតនេះ ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព;

ទី៣. រដ្ឋបាលរាជធានី-ខេត្ត ត្រូវផ្តល់នូវសេវាសាធារណៈដ៏ល្អបំផុត ជូនដល់បងប្អូនប្រជាពលរដ្ឋ និងដាច់ខាតមិនត្រូវធ្វើឱ្យសេវាសាធារណៈទាំងនេះស្មុគស្មាញ និងបង្កបន្ទុកបន្ថែមដល់ប្រជាពលរដ្ឋនោះឡើយ;

ទី៤. រដ្ឋបាលរាជធានី-ខេត្ត ត្រូវតាមដាន និងស្វែងយល់ជានិច្ចនូវគោលយោបាយថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល និងត្រូវត្រៀមខ្លួនជានិច្ច ក្នុងការបំពេញការងារ ដែលត្រូវបានធ្វើប្រតិភូកម្មឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត និង

ទី៥. រដ្ឋបាលរាជធានី-ខេត្ត ត្រូវពង្រឹងភាពស្អាតស្អំរបស់ខ្លួន ជាពិសេស ត្រូវចៀសវាងនូវការប្រើប្រាស់អំណាចខុសច្បាប់ និងមិនត្រូវធ្វើការគាបសង្កត់ប្រជាពលរដ្ឋឡើយ ដោយ រាជរដ្ឋាភិបាល នឹងអនុវត្តនូវចំណាត់ការតឹងរ៉ឹងបំផុត ប្រសិនបើមានករណីរំលោភអំណាចនេះ កើតមានឡើង ៕