ការងារអាទិភាពទាំង៦ ដែលក្រសួងការងារសម្រេចបាន និងកំពុងអនុវត្ត ផ្តល់ប្រយោជន៍ដល់កម្មករនិយោជិត និងពលរដ្ឋកម្ពុជា

នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិតរោងចក្រកាត់ដេរ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បានថ្លែងអំណរគុណចំពោះ សម្តេច ធិបតី ហ៊ុន ម៉ាណែត ដែលបានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តនូវការងារចំពោះមុខ ក្នុងឆ្នាំ២០២៣ ចំនួន៦ចំណុច និងការងារអាទិភាពក្នុងរយៈពេល២ឆ្នាំខាងមុខ ចំនួន៤ចំណុចទៀត សំដៅបង្កើនប្រាក់ចំណូល ការធានាលក្ខខណ្ឌការងារល្អប្រសើរ ការពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ: កិច្ចគាំពារសង្គម និងជំនាញវិជ្ជាជីវ: ជូនបងប្អូនកម្មករនិយោជិត រួមនិងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ទន្ទឹមនេះ ឯកឧត្តម ហេង សួរ បានបង្ហាញពីវឌ្ឍនភាពនៃការងារអាទិភាពទាំង៦ចំនុច ដែលក្រសួងការងារបាននិងកំពុងអនុវត្តក្នុងឆ្នាំ២០២៣នេះ រួមមាន៖
១. ការសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាឡើងដល់ចំនួន២០៤ដុល្លារក្នុងមួយខែ សម្រាប់ឆ្នាំ២០២៤សម្រាប់កម្មករនិយោជិតវិស័យវាយនភណ្ឌ កាត់ដេរ បើទោះបីជាប្រទេសជាគូប្រកួតប្រជែងរបស់កម្ពុជាមួយចំនួនមិនអាចដំឡើងប្រាក់ឈ្នួលអប្បបរមាក៏ដោយ។
២. ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. គឺក្រសួងកំពុងពិភាក្សាជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមរៀបចំប្រកាសអន្តរក្រសួង ដើម្បីប្រកាសដាក់ឱ្យអនុវត្ត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្តេចធិបតី។ ការពង្រីកវិសាលភាពតាមរបបស្ម័គ្រចិត្តនេះ នឹងធ្វើឱ្យបងប្អូនកម្មករនិយោជិតអាចសន្សំថវិកាបានប្រមាណជា១៥ ទៅ ២០ដុល្លារក្នុងមួយខែ ដោយផ្អែកតាមការអង្កេតកន្លងទៅនេះ កម្មករនិយោជិត ឬប្រជាពលរដ្ឋម្នាក់ជាមធ្យមត្រូវចំណាយចន្លោះពី ១៥ ទៅ ២០ដុល្លារក្នុងមួយខែសម្រាប់សេវាថែទាំសុខភាព ក្នុងករណីដែលមិនមានរបបថែទាំសុខភាព។
៣. ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងបងប្អូនកម្មករនិយោជិត‎ចំនួនប្រមាណ១,៥លាននាក់ ដែលកម្មវិធីនេះនឹងដាក់ឱ្យដំណើរការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រួមគ្នាជាមួយការប្រកាសដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ផងដែរ។
៤. ការជំរុញកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង គឺក្រសួងបាននិងកំពុងពិភាក្សាជាមួយភាគីពាក់ព័ន្ធ ជាពិសេសភាគីនិយោជក កែសម្រួលយន្តការអនុវត្ត និងកែសម្រួលកម្មវិធីហ្វឹកហ្វឺនកូនជាងឱ្យស្របតាមកញ្ចប់ស្តង់ដាបណ្តុះបណ្តាល សម្រាប់កម្មវិធីបង្កើនជំនាញ និងការរៀបចំជំនាញឡើងវិញ ដោយរួមបញ្ចូលកម្មវិធីហាត់ការ និងកម្មសិក្សាផងដែរ។
៥. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន, ពេលសម្រាលកូន, និងក្រោយពេលសម្រាលកូនឱ្យបានល្អ និងកាន់តែមានភាពងាយស្រួល បានអនុវត្តចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មក។ បន្ថែមពីនេះ ស្របតាមគោលការណ៍ផ្តល់ប្រាក់ឧបត្ថម្ភថ្មីរបស់រាជរដ្ឋាភិបាល គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានចំណាយថវិកាជាង ៤,៦លានដុល្លារ ជូនដល់កម្មការិនី មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា ជាស្រ្តីសម្រាលកូនចំនួន១៤៥៣៤នាក់ និងកូនចំនួន ១៤៦៤០នាក់។
៦. បានបង្កើតក្រុមការងារដើម្បីរៀបចំយន្តការវាយតម្លៃនិងកំណត់លក្ខណវិនិច្ឆ័យ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដោយពិគ្រោះយោបល់និងសហការជាមួយដៃគូសង្គម សំដៅឈានទៅការដាក់ចេញយុទ្ធនាការប្រឡងប្រណាំងចាប់ពីឆ្នាំ២០២៤។
ចំពោះការអនុវត្តការងារអាទិភាពទាំង៦ចំនុចនេះដែរ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក៏បានថ្លែងការកោតសរសើរចំពោះឯកឧត្តម ហេង សួរ ដែលសម្រេចបានការងារដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ឆ្នាំ២០២៤ តាមការកំណត់មុនពិធីបុណ្យភ្ជុំបិណ្ឌ។ សម្តេចធិបតី ក៏បញ្ជាក់ដែរថា ការងារអាទិភាពទាំង៦ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងអនុវត្ត ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺជាប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋ និងកម្មករនិយោជិតទូទាំងប្រទេស។

Sopheavuthtey Borin, [10/30/2023 2:43 PM]
នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាពេលថ្មីៗនេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានបង្ហាញពីការគាំទ្រ និងពេញចិត្តចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នងការដាក់ចេញនូវការងារអាទិភាពចំនួន៦ សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈអនុវត្តក្នុងឆ្នាំ២០២៣នេះ។ លោក មើលឃើញថា ការងារអាទិភាពទាំង៦ចំនុចនេះ ជាយន្តការដ៏ល្អប្រសើរក្នុងការផ្តល់ការងារ ការផ្តល់ការគាំពារសុខមាលភាព ក៏ដូចជាអត្ថប្រយោជន៍ជាច្រើន មិនត្រឹមតែសម្រាប់កម្មករនិយោជិតផ្ទាល់ប៉ុណ្ណោះទេ តែក៏ផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋទូទាំងប្រទេស និងអ្នកប្រកបអាជីវកម្មផ្សេងៗផងដែរ។ ក្នុងនាម ជាប្រធានសហជីពក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ ជាច្រើនឆ្នាំមកហើយ លោក ហ្វា សាលី សង្កេតឃើញថា មានយន្តការថ្មីៗជាច្រើន ត្រូវបានដាក់ចេញឲ្យអនុវត្តជាបន្តបន្ទាប់ ដែលជាការតភ្ជាប់គ្នាចាប់តាំងពីអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី រហូតដល់អាណត្តិសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាក្នុងអាណត្តិទី៧នេះ។

កម្មការិនី វ៉ាន់ ដារី ដែលកំពុងបំពេញការងារក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ក្នុងរាជធានីភ្នំពេញ បានសម្តែងការគាំទ្រចំពោះគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ជាពិសេសការសម្រេចដំឡើងប្រាក់ឈ្នួលអប្បរមាសម្រាប់ឆ្នាំ២០២៤ ដែលបង្ហាញពីការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការរក្សារោងចក្រនៅបន្តវិនិយោគ រួមនិងដំឡើងប្រាក់ឈ្នួល បូកថែមជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។


ដូចគ្នានេះដែរ អ្នកស្រី រី សីលា ដែលកំពុងបំពេញការងារក្នុងផ្នែកអនាម័យនៅរោងចក្រកាត់ដេរសំលៀកបំពាក់ក្នុង រាជធានីភ្នំពេញ បានបង្ហាញការពេញចិត្តចំពោះកិច្ចការទាំងអស់ដែលរាជរដ្ឋាបាលបាននិងកំពុងអនុវត្ត ជាពិសេសការ ប្រើប្រាស់បណ្ណ ប.ស.ស. ផ្នែកថែទាំសុខភាព ព្រោះអ្នកស្រី តែងប្រើប្រាស់បណ្ណ ប.ស.ស. ទៅពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅមន្ទីរពេទ្យ។ អ្នកស្រី ប្រាប់ថាសូម្បីបងប្អូន ក្រុមគ្រួសាររបស់អ្នកស្រីក៏ចូលជាសមាជិក ប.ស.ស. នេះដែរ ព្រោះវាចំណេញលុយក្នុងថែទាំសុខភាព៕