រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងទូតអឺរ៉ុបនៅកម្ពុជា សង្ឃឹមថាវិស័យពិការភាពនៅកម្ពុជានឹងមានការយកចិត្តទុកដាក់បន្ថែមកាន់តែខ្លាំងឡើង

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម Igor Driesmans បានជួបពិភាក្សាគ្នាមុនកម្មវិធីប្រកាសដាក់ឱ្យប្រើប្រាស់ «បណ្ណសម្គាល់ជនមានពិការភាព» ដល់ជនមានពិការភាព នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។ ភាគីទាំងពីរសង្ឃឹមរួមគ្នាថា វិស័យមានពិការភាពនៅកម្ពុជានឹងមានការយកចិត្តទុកដាក់បន្ថែមទៀត។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម Igor Driesmans បានលើកឡើងថា កម្មវិធីប្រកាសដាក់ឱ្យប្រើប្រាស់ «បណ្ណសម្គាល់ជនមានពិការភាព» ដល់ជនមានពិការភាពនាថ្ងៃនេះ គឺជាកម្មវិធីទី២ ពាក់ព័ន្ធនឹងវិស័យមានពិការភាពដែល ឯកឧត្តមបានចូលរួមបន្ទាប់ពីឯកឧត្តមបានបំពេញបេសកកម្មនៅកម្ពុជាក្នុងរយៈពេល ៣ខែកន្លងទៅនេះ ដោយកម្មវិធីទី១ គឺសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងបរិបថនៃសិទ្ធិជនមានពិការភាពកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ហើយកម្មវិធីទី២ គឺកម្មវីធីចែកបណ្ណសម្គាល់ជនមានពិការភាព។
ឯកឧត្តម Igor Driesmans បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយដែលបានសហការជាមួយក្រសួងសង្គមកិច្ចពាក់ព័ន្ធនឹងវិស័យពិការភាពនៅកម្ពុជា ហើយឯកឧត្តមសង្ឃឹមថា កិច្ចការងារនេះនឹងបន្តត្រូវបានយកចិត្តទុកដាក់បន្ថែមទៀតជាលក្ខណៈបរិយាបន្ន។
ឯកឧត្តមបានកោតសរសើរដល់ជនមានពិការភាពនៅកម្ពុជាដែលបានចូលរួមប្រកួតក្នុងកម្មវិធីអាស៊ានប៉ារ៉ាហ្គេមកន្លងមកទទួលបានជោគជ័យឱ្យកម្ពុជា។
ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី បានជំរាបទៅឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នេះក៏ជាលើកទី១ ដែរដែលឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមចែកបណ្ណសម្គាល់សម្រាប់ជនមានពិការភាពបន្ទាប់ពីឯកឧត្តមឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ចកាលពីខែសីហាកន្លងទៅនេះ។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ទាក់ទងនឹងវិស័យពិការភាពនៅកម្ពុជា កន្លងមកទាំងអតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម វង សូត និងនាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត គឺតែងតែយកចិត្តទុកដាក់ទៅលើបញ្ហារបស់ជនពិការភាព ពោលបានលើកស្ទួយអំពីសុខុមាលភាពរបស់ជនមានពិការភាពគ្រប់ទីកន្លែង។
ជាមួយគ្នានេះ ឯកឧត្តម ជា សុមេធី ក៏បានជំរាបជូន ឯកឧត្តម Igor Driesmans ផងដែរថាកាលពីរសៀលថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមនិងភរិយាទើបតែបានចេញទៅទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះយុវជនមានពិការភាពចំនួន ៤រូប ដែលបានវិលត្រឡប់មកកម្ពុជាបន្ទាប់ពីទទួលបានមេដាយមាស និងមេដាយសំរឹទ្ធ ក្នុងការប្រកួតជាសកលផ្នែកព័ត៌មានវិទ្យាឆ្នាំ ២០២៣ នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត កាលពីថ្ងៃទី២៧ តុលា ឆ្នាំ២០២៣។


បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញក្តីកង្វល់របស់កម្ពុជាអំពីបញ្ហាមីនដែលមិនទាន់ដោះអស់ ដែលទាមទារចាំបាច់ឱ្យមានការចូលរួមពីភាគីផ្សេងៗជាច្រើនខណៈគ្រាប់មីនដែលបង្កប់ក្នុងដីកាលពីសម័យសង្គ្រាមនៅសស់សេលច្រើនទាំងនៅក្នុងដី និងក្នុងទឹក ជាក់ស្តែងនៅទន្លេមេគង្គក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង អាជ្ញាធរមីនកំពុងតែរុករកគ្រាប់បែកដែលលេចជាមួយកប៉ាល់កាលពីអតីតកាល។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជនមានពិការភាព គឺទាមទារត្រូវឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតជាលក្ខណៈសហភាគីដោយមិនអាចខ្វះភាគីខាងណាមួយឡើយ៕