ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនរៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក ដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សាក្នុងប្រទេសជប៉ុនឱ្យបន្តចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរ

កាលពីថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាបានសហការជាមួយក្រុមការងារ ESEA និងសហគមន៍ខ្មែរ រៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក ដែលប្រព្រឹត្តិទៅនៅតំបន់ Fujisawa ខេត្ត Kanagawa។

ស្ថានទូតតែងរៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុកជារៀងរាល់ឆ្នាំជាមួយសហគមខ្មែរក្នុងប្រទេសជប៉ុន ក្នុងគោលបំណងលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សាក្នុងប្រទេសជប៉ុនឱ្យបន្តចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរ ក៏ដូចជាណែនាំដល់កូនខ្មែរជំនាន់ក្រោយឱ្យកាន់តែជ្រួតជ្រាបពីអត្ថន័យនៃការដាល់អំបុករបស់កម្ពុជាយើង ជាពិសេសបង្កើតជាទីកន្លែងជួបជុំដល់សហគមខ្មែរបានជួបសំណេះសំណាល និងទទួលទានអាហាររួមគ្នាក្នុងគោលដៅបំផុសវប្បធម៌ចែករំលែក និងសាមគ្គីភាពឱ្យកាន់តែស្អិតរមួតនៅក្នុងមហាគ្រួសារខ្មែរក្នុងប្រទេសជប៉ុន។

ក្រៅពីកម្មវិធីខាងលើ ស្ថានទូតក៏គ្រោងរៀបចំកម្មវិធីផ្សេងៗ ដោយចូលរួមពីសំណាក់សហគមន៍ខ្មែរក្នុងប្រទេសជប៉ុន ដើម្បីលើកកម្ពស់ និងបំផុសស្មារតីចូលរួមវប្បធម៌ប្រពៃណីជាតិខ្មែរ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ និងផ្សព្វផ្សាយដល់ប្រជាជនជប៉ុនអោយកាន់តែទូលំទូលាយ។

ប្រជាជនជប៉ុនក៏បានចូលរួមកម្មវិធីនេះ និងទទួលទានអាហារជាមួយបងប្អូនសហគមន៍ខ្មែរ និងបង្ហាញពីរបៀបធ្វើនំរបស់ជនជាតិជប៉ុនដល់អ្នកចូលរួម ដែលនេះជាការចែករំលែកវប្បធម៌នៃការរស់នៅដល់គ្នាទៅវិញទៅមក៕


ប្រភព៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន