អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធី ពិធីបិទការប្រណាំងទូក និង ចែករង្វាន់ជ័យលាភី នៅក្រុងតាខ្មៅ ខេត្តកណ្ដាល

នៅក្នុងព្រឹត្តិការពិធីអុំទូកនាថ្ងៃទី២៩ ខែតុលា រដ្ឋបាលខេត្តកណ្ដាល បានរៀបចំឲ្យមានការអុំទូក ដែលមានទូកមកពីបណ្ដាក្រុង-ស្រុកនានានៅក្នុងខេត្ត ហើយសុទ្ធសឹងជាទូកល្អៗ មកអុំកម្សាន្ដសប្បាយនាដងទន្លេបាសាក់ក្រុងតាខ្មៅ។
ទូកដែលចូលរួមប្រណាំង មានចំនួន៧៣ទូក ក្នុងនោះមានទូកខ្នាតអន្តរជាតិនារី ចំនួន០២ទូក, ទូកខ្នាតអន្តរជាតិបុរស ចំនួន៣២ទូក, ទូកអុំបុរស ចំនួន៣៤ទូក និងទូកចែវបុរស ចំនួន០៥ទូក សរុបកម្លាំងអុំ ចំនួន៤,១៥២នាក់។ ក្រៅពីពិធីអុំទូក រដ្ឋបាលខេត្តកណ្ដាល បានរៀបចំសោភ័ណភាពនៅក្រុងតាខ្មៅ ព្រមទាំងរៀបចំស្តង់ពិពណ៌ ការប្រគុំតន្ត្រី ការបណ្ដែតប្រទីប និងបាញ់កាំជ្រួចនៅពេលរាត្រីផងដែរ។
មានប្រសាសន៍បិទកីឡាអុំទូកនាឱកាសនោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីអូនព័ន្ធមុនីរ័ត្នបានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និង ក្តីនឹករលឹកដ៏ជ្រាលជ្រៅ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង សម្ដេចមហា-បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, ជូនចំពោះអាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នៅក្នុងក្រុងតាខ្មៅផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តកណ្តាល ។ ជានិច្ចកាល, សម្តេចតេជោ និង សម្តេចធិបតី តែងតែគិតគូរពីសុខទុក្ខ និង ជីវភាពរស់នៅប្រចាំថ្ងៃ និង តែងតែនៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់ពេល និង គ្រប់កាលៈទេសៈ ។ឯកឧត្តមអគ្គបណ្ឌិតឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាការរីកចម្រើនឥតឈប់ឈររបស់ព្រះរាជាណាចក្រកម្ពុជា លើគ្រប់វិស័យដូចបច្ចុប្បន្ន អាច សម្រេចបាន ដោយសារយើងមានសុខសន្តិភាពពេញផ្ទៃប្រទេស ដែល សម្តេចអគ្គមហាសេនា-បតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាននាំមកជូនប្រទេសជាតិ និង ប្រជាជន តាមរយៈ គោលនយោបាយ ឈ្នះ-ឈ្នះ, ដែលមកទល់ពេលនេះ មានរយៈពេល ២៥ ឆ្នាំហើយ ។ គោលនយោបាយ ឈ្នះ-ឈ្នះ បាននាំឱ្យប្រទេសជាតិយើង ចាកផុតពីសង្គ្រាមរ៉ាំរ៉ៃ ដែលបានអូសបន្លាយអស់ជាច្រើនទសវត្សរ៍ ព្រមទាំងទទួលបានយ៉ាងពេញលេញ នូវសុខសន្ដិភាព, ការបង្រួបបង្រួមជាតិ, ស្ថិរភាពនយោបាយ និង សណ្ដាប់ធ្នាប់សង្គម ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិទាំងមូល ។
ឈរលើមូលដ្ឋានដ៏រឹងមាំនេះ, រាជរដ្ឋាភិបាល, នីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម ដែលពោរពេញដោយសមត្ថភាព និង ចំណេះដឹង, បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព ដែលមានបេសកកម្មជាប្រវត្តិសាស្ត្រ ចម្បងពីរ គឺ៖ ទី១.រក្សា និង ថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន, និង ពូនជ្រំចលនការនៃកំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍ ជារួម; និង ទី២.កសាង និង ពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ, ដោយឆ្លងកាត់បង្គោលចរនៃការប្រែក្លាយខ្លួន ជាប្រទេសមានចំណូលមធ្យមកមិ្រតខ្ពស់ នៅឆ្នាំ ២០៣០, ឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០, តាមរយៈការកសាងភាពធន់រឹងមាំនៃវិស័យ ទាំង ៥ រួមមាន៖ វិស័យសាធារណៈ, វិស័យសេដ្ឋកិច្ច, វិស័យហិរញ្ញវត្ថុ, វិស័យមូលធនមនុស្ស និង សង្គម, និង វិស័យបរិស្ថាន និង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ។ ក្នុងន័យនេះ, ពិធីអុំទូកនៅក្រុងតាខ្មៅនៃខេត្តកណ្តាលរបស់យើង នាឱកាសនេះ ប្រារព្ធឡើង ក្នុងគោលបំណងចម្បង ចំនួន ៤ រួមមាន៖ ទី១.ចូលរួមថែរក្សានូវទំនៀមទម្លាប់ និង ប្រពៃណីដ៏ល្អផូរផង់របស់ជាតិខ្មែរយើង ឱ្យបានគង់វង្ស ស្ថិតស្ថេរយូរអង្វែង; ទី២.អបអរសាទរព្រះរាជពិធីបុណ្យខួប លើកទី ១៩ នៃការគ្រងព្រះរាជសម្បតិ្ត របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា; ទី៣.ផ្តល់ឱកាសឱ្យកីឡាករ-កីឡាការិនី ចំណុះទូកនីមួយៗ ដកស្រង់ពិសោធទៅវិញទៅមក ដើម្បី ឈានទៅដណ្ដើមយកជ័យលាភី នៅក្នុង ព្រះរាជពិធីអុំទូក, បណ្តែត ប្រទីប, សំពះព្រះខែ និង អកអំបុក នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ២៦, ២៧, និង ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខ; និង ទី៤.បង្កើតនូវបរិយាកាសសប្បាយរីករាយ ជូនមន្ត្រីរាជការ និង បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកណ្តាល, ជាពិសេស ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ផ្ទាល់តែម្តង ។

ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល,ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានស្នើឱ្យរដ្ឋបាលខេត្ត, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុក, គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋទូទៅ, បន្តយកចិត្ត-ទុកដាក់ លើការងារសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
១-ដោយមួយរយៈចុងក្រោយនេះ ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់មួយចំនួន ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល, ខ្ញុំសូមស្នើឱ្យរដ្ឋបាលខេត្ត, គណៈកម្មាធិការគ្រប់គ្រងគ្រោះ-មហន្តរាយខេត្ត និង កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក៏ដូចជា ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ក្នុងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និង ក្រុង-ស្រុក បន្តសហការជិតស្និទ្ធ និង យកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ពីជំនន់ទឹកភ្លៀង ដោយត្រូវត្រៀមមធ្យោបាយដើម្បីសង្គ្រោះ និង ជន្លៀសប្រជាពលរដ្ឋ ទៅកាន់ ទីទួលសុវត្ថិភាព ក្នុងករណីចាំបាច់ជាក់ស្តែង ។ ជាមួយគ្នានេះ, ក៏ត្រូវត្រៀមផ្តល់នូវសម្ភារៈនិង គ្រឿងឧបភោគ-បរិភោគ សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយមិនត្រូវទុកឱ្យប្រជា-ពលរដ្ឋណាម្នាក់ រងគ្រោះដោយមិនបានទទួលជំនួយ និង ដោយយើងមិនបានដឹងឡើយ ។ ទន្ទឹមនេះ, ក៏ត្រូវពិនិត្យ និង វាយតម្លៃការខូចខាតផលដំណាំរបស់ប្រជាពលរដ្ឋ, ជាពិសេស ដំណាំស្រូវ និង ត្រូវស្រង់ទិន្នន័យឱ្យបានច្បាស់លាស់ ដើម្បីត្រៀមផ្តល់ស្រូវពូជ ជូនដល់ប្រជា-កសិករយើង តាមតម្រូវការចាំបាច់ជាក់ស្តែង ។
២-រដ្ឋបាលខេត្ត និង ក្រុង-ស្រុក ត្រូវសហការជិតស្និទ្ធជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និង ក្រុង-ស្រុក ដើម្បីបន្តរៀបចំវេទិកាសាធារណៈ តាមលទ្ធភាព ជាក់ស្តែង ដើម្បីរួមគ្នាខិតខំដោះស្រាយសំណូមពរ និង បញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន ប្រកបដោយការទទួលខុសត្រូវ, តម្លាភាព, គណនេយ្យភាព, និង យុត្តិធម៌ ។ ចំពោះសំណូមពរ និង បញ្ហាប្រឈមទាំងឡាយណាដែលហួសពីសមត្ថកិច្ចរបស់ខ្លួន, ត្រូវរាយការណ៍ជូនក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឬ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយ ឬ ឆ្លើយតប ឱ្យបាន ឆាប់ ។
៣-បន្តជំរុញបំផុសចលនាប្រជាជន ចូលរួមក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យបានជាប់ជាប្រចាំ, ដើម្បីបង្ការ, ទប់ស្កាត់ និង បង្រ្កាបបទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានប្រកបដោយប្រសិទ្ធភាពខ្ពស់, ដូចជា សកម្មភាពលួច, ឆក់, ប្លន់, បទល្មើសគ្រឿងញៀនខុសច្បាប់, ល្បែងស៊ីសងខុសច្បាប់ និង សកម្មភាពក្មេងទំនើង ជាដើម ។ ទន្ទឹមនេះ, ក៏ត្រូវបន្តបង្កើនការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន និង ដាក់ចេញនូវវិធាន-ការជាក់ស្តែងនានា សំដៅទប់ស្កាត់រាល់សកម្មភាពដែលប៉ុនប៉ងបង្កអសន្តិសុខ និង ភាពចលាចល ដល់សង្គម តាមគ្រប់រូបភាព ។
៤-បន្តជំរុញ និង លើកកម្ពស់ការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ ប្រកប ដោយការទទួលខុសត្រូវ, ប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលបន្តកើនឡើង ស្របពេលដែលប្រទេសជាតិយើង កំពុងមានការរីកចម្រើនយ៉ាងរហ័ស ដោយចៀសវាងនូវការបង្កភាពអសកម្មណាមួយ ជាយថាហេតុ ។ និង
៥-បន្តយកចិត្តទុកដាក់សម្អាតបរិស្ថាន និង ដាំដើមឈើនៅតាមទីសាធារណៈ, សាលារៀន, វត្តអារាម និង បំផុសប្រជាពលរដ្ឋឱ្យចូលរួមដាំដើមឈើលើដីទំនេរ ក្នុងបរវេណផ្ទះ ក្នុងគោល-បំណងបង្កើនសោភ័ណ្ឌភាព, បរិស្ថានស្អាត និង គម្រងបៃតង ក៏ដូចជាចូលរួមទប់ស្កាត់បម្រែប-ម្រួលអាកាសធាតុ និង ការឡើងកំដៅផែនដី ផងដែរ ។