ឯកឧត្តម ឯម ច័ន្ទមករា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះ បណ្តាល អំពីរបៀបសរសេរព័ត៌មានជូនមន្ត្រីជាន់ខ្ពស់ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទីស្តីការក្រសួង

ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាប្រធានអ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលអំពីរបៀបសរសេរព័ត៌មានជូនមន្ត្រីជាន់ខ្ពស់ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទីស្តីការក្រសួង។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអំពីរបៀបសរសេរព័ត៌មានជូនមន្ត្រីជាន់ខ្ពស់ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា បានមានប្រសាសន៍គូសបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលនាពេលនេះគឺមានសារៈសំខាន់ណាស់សម្រាប់ការសរសេរ ជាទុនក្នុងការធ្វើ បុរេសកម្ម និងប្រតិកម្មរហ័សចំពោះកិច្ចការងារប្រចាំថ្ងៃរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ជាមួយសារធារណៈមតិ ក៏ដូចជា ជាមួយប្រជាពលរដ្ឋ ព្រោះសព្វថ្ងៃនេះយើងទាំងអស់គ្នាពិតជាបានខិតខំប្រឹងប្រែងធ្វើសកម្មភាព ជាច្រើនតាមជំនាញនីមួយៗ ក៏ប៉ុន្តែរបៀបនៃការផ្សព្វផ្សាយសកម្មភាពរបស់យើងទាំងអស់គា្នទៅដល់មជ្ឈដ្ឋានខាងក្រៅ គឺនៅមិនទាន់បានទូលំទូលាយ និងឯកទេសនៃការធ្វើបុរេសកម្មភាពឆ្លើយតបឱ្យបានទាន់ពេលវេលា។ដូចឯកឧត្តម លោកជំទាវ លោក លោកស្រី បានជ្រាបស្រាប់ហើយថា សកម្មភាពការងាររបស់យើងមានច្រើន បានអនុវត្តច្រើន ប៉ុន្តែប្រសិនបើយើងមិនបានធ្វើការផ្សព្វផ្សាយសកម្មភាពទាំងនោះទេ នោះស្ទើស្មើនឹងយើងមិនបានធ្វើសកម្មភាព។ ក្នុងន័យនេះ ជំនាញនៃការសរសេរអត្ថបទដើម្បីផ្សព្វផ្សាយសកម្មភាព របស់យើងទាំងអស់គ្នា គឺជាការចាំបាច់បំផុត ដែលជាទុនក្នុងការសរសេរនូវសុន្ទរកថាផង និងរបាយការណ៍ផង។នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងកោតសសើរជូនចំពោះវាគ្មិនទាំងអស់ ដែលបានលះបង់ពេលវេលា និងចំណេះដឹងដ៏មានតម្លៃ ដើម្បីចែករំលែកមកដល់មន្ត្រីជាន់ខ្ពស់របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក្នុងថ្ងៃនេះ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តម ឯម ច័ន្ទមករា បានលើកទឹកចិត្តដល់អង្គសិក្ខាកាមទាំងអស់ សូមចូលរួមឱ្យបានផុសផុល ដោយកុំអល់ឯកក្នុងការសាកសួរឱ្យច្រើនចំពោះវាគ្មិនដែលមានជំនាញនិងឯកទេសច្បាស់លាស់ ព្រោះនេះគឺជាឱកាសដ៏កម្រមួយដើម្បីបង្កើននូវពុទ្ធិបន្ថែមទៀត។

លោក Glen Gelgate នាយកប្រតិបត្តិក្រុមហ៊ុន PR and Media បានមានប្រសាសន៍ថា នេះជាលើកទី១ហើយ ដែលរូបលោកបានចូលរួមធ្វើការបណ្តុះបណ្តាលអំពីរបៀបសរសេរព័ត៌មាន ជូនដល់មន្ត្រីជាន់ខ្ពស់របស់ក្រសួង ដែលនាពេលកន្លងមកវគ្គបណ្តុះបណ្តាលអំពីរបៀបសរសេរព័ត៌មាននេះ ធ្លាប់បានធ្វើការបណ្តុះបណ្តាល ដល់បណ្តាក្រុមហ៊ុនឯកជនតែប៉ុណ្ណោះ។ នៅក្នុងឱកាសនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន PR and Media បានស្នើដល់សិក្ខាកាមទាំងអស់ សូមចូលរួមជជែកដេញដោលឲ្យបានផុសផុល និងសកម្ម នៅរាល់ចម្ងល់របស់ខ្លួន ដើម្បីវាគ្មិនធ្វើការពន្យល់ និងបកស្រាយជូន។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺមានរយៈពេលពេញមួយថ្ងៃ ដោយត្រូវបែងចែកជា២វគ្គ ក្នុងនោះ វគ្គពេលព្រឹក រួមមាន ១.របៀបដែលប្រព័ន្ធផ្សព្វផ្សាយដំណើរការនៅអន្តរជាតិនិងក្នុងស្រុក ២.ការរៀបចំបន្ទប់ព័ត៌មាន និង៣.តើរឿងរ៉ាវមកពីណា និងវគ្គពេលរសៀល ដោយផ្តោតលើ ១.MoSVY និងប្រព័ន្ធផ្សព្វផ្សាយ ២.ការវិភាគ SWOT និងសារសំខាន់ៗ ៣.ប្រភេទនៃរឿង ៤.របៀបបង្កើត PR ឬរបៀបបង្កើតអត្ថបទសម្រាប់ទូរទស្សន៍ និង៤.ដើរតួនាទីជាមួយកាមេរ៉ាទូរទស្សន៍ ដែលត្រូវធ្វើបទឧទ្ទេសនាមដោយលោក Glen Gelgate នាយកប្រតិបត្តិក្រុមហ៊ុន PR and Media ដែលជាធនធានដ៏សំខាន់ធ្លាប់ជាថ្នាក់ដឹកនាំនៃបណ្ដាញសារព័ត៌មាន អន្តរជាតិធំៗជាច្រើនដូចជា៖ CNN, BBC, Reuters និង ESPM និងស្ថាប័នធំៗផ្សេងទៀត លោក Rovelyn Cabunagan Camato នាយកធុរកិច្ច លោក ម៉េង សម្បត្តិ ប្រធានគ្រប់គ្រងគម្រោងជាន់ខ្ពស់ លោក ខៀវ ប៊ុនណា អ្នកជំនាញផ្នែកថតរូប លោក ភឹម វណ្ណៈ អ្នកជំនាញផ្នែកកាត់វី ដេអូ និងលោក ថៃ សុធា ទីប្រឹក្សាអ្នកសារព័ត៌មាន ដើម្បីចែក រំលែក ចំណេះដឹង និងបទពិសោធន៍ ដល់មន្ត្រីជាន់ខ្ពស់របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអស់លោក លោកស្រី ជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ទាំង២៥ រាជធានីខេត្ត៕