ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយក្រុមការងារសារព័ត៌មានកម្ពុជាថ្មី

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអនុញ្ញាតឲ្យក្រុមការងារសារព័ត៌មានកម្ពុជាថ្មី ទទួលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងត្រូវការការផ្សព្វផ្សាយអំពីគោលនយោបាយវិស័យកសិកម្មថ្មីដល់កសិករនិងសាធារណជន ដូចជាសហគមន៍កសិកម្មគំរូថ្មី ការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ សន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារជាដើម។ ក្នុងន័យនេះ គឺសារព័ត៌មានដើរតួនាទីសំខាន់ណាស់ក្នុងការបញ្ជូន ផ្សព្វផ្សាយព័ត៌មានពិត ច្បាស់លាស់គ្រប់ជ្រុងជ្រោយ មានតម្លាភាព ប្រកបដោយវិជ្ជាជីវៈ និងគុណតម្លៃ ដោយមិនបំភ្លៃបំផ្លើសបំភ័ន្ត ដើម្បីជាប្រយោជន៍ពិតដល់សង្គមជាតិ។

ឯកឧត្តមរដ្ឋមន្ដ្រីបានបង្ហាញពីជំហរសហការជាមួយស្ថាប័នសារព័ត៌មានដែលមានវិជ្ជាជីវៈ ហើយនឹងបន្តរៀបចំឱ្យមានកម្មវិធីជួបសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មាននាពេលខាងមុខ ដើម្បីឲ្យអ្នកសារព័ត៌មានបានយល់កាន់តែច្បាស់ និងស៊ីជម្រៅ អំពីវិស័យកសិកម្ម​ មុននឹងផ្សព្វផ្សាយទៅកាន់សាធារណជន៕