ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាប្រកបដោយផ្លែផ្កាជាមួយលោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក្នុងឱកាសដែលលោកជំទាវឯកអគ្គរដ្ឋទូត ចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួង

នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាប្រកបដោយផ្លែផ្កាជាមួយលោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក្នុងឱកាសដែលលោកជំទាវឯកអគ្គរដ្ឋទូត ចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួង។

ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ឥណ្ឌា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលត្រូវបានជំរុញតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដើម្បីជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ រួមមាន ពាណិជ្ជកម្មនិងការវិនិយោគ ទេសចរណ៍ ការពារជាតិ និងការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន។ ភាគីទាំងពីរ ក៏កំពុងត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ (JC) កម្ពុជា-ឥណ្ឌា លើកទី៣ នៅទីក្រុងញូវដែលី នាពេលឆាប់ៗខាងមុខ ដើម្បីពិនិត្យឡើងវិញនូវកិច្ចសហការដែលកំពុងមាន និងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ព្រមទាំងកំណត់ទិសដៅសកម្មភាពថ្មីផ្សេងទៀត ដើម្បីពង្រឹង និងពង្រីកភាពជាដៃគូនៃប្រទេសទាំងពីរ។