ឧត្តមសេនីយ៍ឯក លឹម តុងហួត ៖មជ្ឈមណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកងពលតូចថ្មើរជើងលេខ៣១ ផលិតបានសាប៊ូលាងចាន “ជិវិតថ្មី”

រាជធានីភ្នំពេញ ៖មជ្ឈមណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកងពលតូចថ្មើរជើងលេខ៣១ ផលិតបានសាប៊ូលាងចាន ចូលរួមពិព័រណ៍ពាណិជ្ជកម្មផលិតផលសេដ្ឋកិច្ច ការពារជាតិ កម្ពុជា វៀតណាម ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលតាំងពិពរណ៍កោះពេជ្រពីថ្ងៃទី២៥ដល់២៩  ខែតុលា ឆ្នាំ២០២៣ ។

ឧត្តមសេនីយ៍ទោ សែត សុខុម គណគ្រប់គ្រងមជ្ឈមណ្ឌលបានមានប្រសាសន៍ថា ផលិតផលនេះគឺកើតចេញពីផ្នែកមួយនៃការបណ្តុះបណ្តាលចំណេះជំនាញដល់ជនរងគ្រោះដោយសារគ្រឿងញៀនដែលកំពុងស្នាក់នៅបន្សាបព្យាបាលផ្តាច់ភាពញៀនគ្រឿងញៀននៅមជ្ឈមណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកងពលតូចថ្មើរជើងលេខ៣១ ដែលមានទីតាំងនៅភូមិបាក់នឹម ឃុំច្រែស ស្រុកជុំគិរី ខេត្តកំពត។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឱ្យដឹងថា មជ្ឈមណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកងពលតូចថ្មើរជើងលេខ៣១ បានចាប់ផ្តើមដំណើរការកាលពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះទទួលព្យាបាលជនរងគ្រោះដោយសារគ្រឿងញៀនបានជាសះស្បើយចំនួន២៦០០នាក់ហើយ។