រុស្ស៊ី ប្តេជ្ញាចិត្តជំរុញក្រុមហ៊ុនវិនិយោគឱ្យមកកម្ពុជាបន្ថែមទៀត ជាពិសេសនៅក្នុងផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ, គ្រឿងយន្តកសិកម្ម, បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

ក្នុងជំនួបនេះ ឯកឧត្តម Anatoly Borovik បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរចំពោះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រដ៏លើសលប់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ និងចំពោះការចូលកាន់មុខតំណែងជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា របស់ សម្តេចធិបតី នៅក្នុងអាណត្តិទី៧ នេះ ដោយបានសម្តែងនូវការជឿជាក់ថា ចំណងមិត្តភាពរុស្សី-កម្ពុជា នឹងកាន់តែរីកចម្រើនរឹងមាំ បន្ថែមលើកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ ក្នុងរយៈកាលនៃចំណងការទូតជាប្រវត្តិសាស្ត្រយូរលង់ប្រមាណ ៦៧ ឆ្នាំ កន្លងមកនេះ ។ មួយវិញទៀត ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានដើរតួនាទីក្នុងនាមជាប្រទេសសម្របសម្រួលអាស៊ាន-រុស្សី ដើម្បីលើកស្ទួយទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-រុស្សី បន្ថែមមួយកម្រិតទៀត ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី ដែលជាឱកាសសម្រាប់ការពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីកម្ពុជា-រុស្ស៊ី និងបានរំឭកអំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងដំណាក់កាលដែលកាលនោះជាអតីតសហភាពសូវៀត បានជួយឧបត្ថម្ភគាំទ្រកម្ពុជាលើការស្តារកសាងប្រទេសឡើងវិញ បន្ទាប់ពីការដួលរលំនៃរបប ប៉ុល ពត ព្រមជាមួយនឹងការបញ្ជាក់ថា គោលនយោបាយការបរទេសរបស់កម្ពុជា មិនមានការប្រែប្រួលឡើយ ជាពិសេសនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-រុស្ស៊ី ។

ជារួម សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តម ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃទំនាក់ទំនងទ្វេភាគី ក្នុងរយៈកាលកន្លងមក ជាពិសេស ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ទាំងនៅក្នុងអង្គនីតិប្បញ្ញត្តិ និងអង្គនីតិប្រតិបត្តិ ហើយក៏គ្រោងនឹងមានការរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់សហព័ន្ធរុស្ស៊ី នៅក្រោយការបោះឆ្នោតព្រឹទ្ធសភាអាណត្តិថ្មីរួច ក៏ដូចជាការផ្លាស់ប្តូរក្នុងវិស័យការពារជាតិ និងសន្តិសុខ ដូចដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងនៃការចូលចតនាវារុស្ស៊ី នៅខេត្តព្រះសីហនុ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ជាដើម ។ ចំពោះកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ, រុស្ស៊ីក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការជំរុញក្រុមហ៊ុនវិនិយោគរុស្ស៊ី ឱ្យមកកម្ពុជាបន្ថែមទៀត ជាពិសេសនៅក្នុងផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ, គ្រឿងយន្តកសិកម្ម, បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន ។ ចំពោះទិសដៅទៅមុខ ក្រៅពីកិច្ចសហប្រតិបត្តិលើវិស័យដែលមានស្រាប់, កិច្ចពិភាក្សាក៏បានផ្តោតផងដែរលើការប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងអប់រំ ក៏ដូចជាបញ្ហាផ្សេងៗមួយចំនួនទៀត ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជន ទាំងពីរ៕