ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកម្ពុជាមានប្រសាសន៍ថា ឫសគល់នូវការពូនជ្រុំនៃកម្លាំងសាមគ្គីភាពបាន រុញឲ្យប្រភេទកីឡាម៉ូតូទឹកកម្ពុជា ទទួលបានសមិទ្ធផលធំៗ ជាបន្តបន្ទាប់ ហើយកម្លាំងរួបរួមគ្នានេះនឹងបន្តដើរលើគោលដៅតែមួយ ក្នុងដំណើរការអភិវឌ្ឍឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសកម្លាំងស្មារតីនេះបានធ្វើឲ្យប្រភេទកីឡាម៉ូតូទឹកកម្ពុជា បានកសាងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ជាក់ស្តែងដូចជាសមិទ្ធផលស៊ីហ្គេម ឆ្នាំ២០២៣ជាដើម។
នេះជាការលើកឡើងរបស់ឯកឧត្តមប្រធាន ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ក្នុងពេល ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កន្លងទៅ ដោយសហព័ន្ធសម្រេចបាននូវលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ក៏ដូចជាការលើកទិសដៅសម្រាប់ការអភិវឌ្ឍបន្តនាឆ្នាំបន្ទាប់ផងដែរ។ ជាមួយនឹងសមិទ្ធ នៃការប្រឹងប្រែងក្នុងស្មារតីសាមគ្គីភាពផ្ទៃក្នុងនេះ ឯកឧត្តម ណុះ ស្លេះ ក៏បានលើកបង្ហាញនូវបញ្ហាប្រឈមជាច្រើនផងដែរ ទាំងក្នុងការរៀបចំការប្រកួតអន្តរជាតិធំៗ ដោយសហព័ន្ធបានពុះពារការលំបាក ដែលបានបង្ហាញពីភាពរឹងមាំ កម្លាំងសាមគ្គីភាពរួមបញ្ជូលគ្នារវាងកីឡាករ និងសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ព្រមទាំងអ្នកឧបត្ថម្ភគាំទ្រផ្សេងៗទៀត។ បើទោះបីជាការរួមចំណែករបស់ភាគីពាក់ព័ន្ធលើផ្នែកថវិកា សម្ភារ និងគំនិតយោបល់ក្តី ក៏ទាំងអស់នេះ គឺជាឫសគល់នូវការពូនជ្រុំនៃកម្លាំងសាមគ្គីភាព ដែលរុញឲ្យប្រភេទកីឡាម៉ូតូទឹកកម្ពុជាទទួលបានសមិទ្ធផលធំៗជាបន្តបន្ទាប់៕